ភ្នំពេញៈ សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា បាន​ដាក់​គោល​ដៅ​កាន់​តែ​ធំ ក្នុងការ​ពង្រីក​ពី​សក្តានុពល​ដណ្តើម​យក​មេដាយ​មាស នៅ​លើ​ឆាក​អន្តរជាតិ ជា​ពិសេស​ស៊ីហ្គេម ឆ្នាំ ២០២៣ បន្ទាប់​ពី​សហព័ន្ធ​នេះ បាន​ដាក់​លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​ធ្វើ​ជា​ប្រធាន​សហព័ន្ធ ក្នុង​អាណត្តិ​ទី ២ ថ្មី ឆ្នាំ ២០១៨ ដល់​ឆ្នាំ ២០២២។

ការឯកភាព​គ្នា​ដាក់​លោក ស ខេង ឲ្យ​ធ្វើជា​ប្រធាន​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា ជំនួស​ប្រធាន​ចាស់ លោក​ឧត្តម​សេនីយ៍​ឯក ឈឹម ជួន ដែល​បាន​ទទួល​មរណភាព កាល​ឆ្នាំ ២០១៦ នេះ គឺ​បាន​ធ្វើ​ឡើង ក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី ១ ចាស់ ឈាន​ចូល​អាណត្តិ​ថ្មី នៅ​ទីស្នាក់ការ NOCC កាល​ពី​ថ្ងៃ​សុក្រ។

លោក ជា ប៊ុនហេង ជា​អគ្គលេខាធិការ​ចាស់ ត្រូវបាន​អង្គ​មហា​សន្និបាត គាំទ្រ​ឲ្យ​ទៅ​ធ្វើ​ជា​អនុប្រធាន​ទី ១ ហើយ​កូន​ប្រុស​របស់​គាត់​គឺ ជា សែន​វិស្សុត ធ្វើ​ជា​អគ្គលេខា​ធិការ ក្នុង​អាណត្តិ​ថ្មី​នេះ​វិញ។ បន្ថែម​លើ​នេះ លោក​ឧត្តម​សេនីយ៍​ឯក ម៉ក់ សំអុល និង​លោក គាវ សុវណ្ណ​ធី ត្រូវ​បាន​គាំទ្រ​ឲ្យ​ធ្វើ​ជា​អនុ​ប្រធាន​សហព័ន្ធ ជំនួស​លោក ហែម ថុន ដែល​ទទួល​មរណភាព និង​លោក រស់ ចន្ត្រានិត ដែល​ដក​ខ្លួន ខណៈ​លោក ប្រាក់ ផល្លា បន្ត​កាន់​តួនាទី​ជា​អនុ​ប្រធាន ដដែល។

រីឯ​លោក ធុច សុខ​ជា អគ្គលេខា​ធិការរង លោក ស្រ៊ុន ប៊ុន​ណារ៉ាត អគ្គហេរញ្ញិក លោក គង់ ចាន់ធីណា អគ្គ​ហេរញ្ញិក​រង ហើយ​លោក ប៊ូ សុផល លោក ហេង សុធុន លោក ឆាយ បញ្ញាវុធ លោក វ៉ង់ វុទ្ធា លោក ដាំ ដា លោក យ៉ែម វាសនា កញ្ញា មាស តឿ និង​កញ្ញា ឃន សាត សាន្នី​តា ជា​សមាជិក។

ជាមួយ​រចនាសម្ព័ន្ធ​ដឹកនាំ​ថ្មី​នេះ លោក ឧត្តម​សេនីយ៍​ឯក ជា ប៊ុនហេង បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា៖ «សមិទ្ធផល​ដ៏​ធំធេង ដែល​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា ទទួល​បាន​កន្លង​មក គឺ​សម្តេច​ក្រឡា​ហោម ស ខេង បាន​ចូលរួម​ជួយ​យ៉ាង​ច្រើន ហើយ​ការ​ដាក់​ឲ្យ​សម្តេច ធ្វើ​ជា​ប្រធាន​សហព័ន្ធ ក្នុង​អាណត្តិ​ថ្មី​នេះ នឹង​ជួយ​ឲ្យ​កីឡា​សូហ្វតិន្នីស​របស់​កម្ពុជា​យើង មាន​ការ​រីក​ចម្រើន​កាន់​តែ​ខ្លាំង និង​ទទួល​បាន​ជោគជ័យ​កាន់​តែ​ធំ»។

តាមរយៈ​ការ​ប្រកួត​ប្រជែង កន្លង​មក​នេះ ក្រុម​សូហ្វតិន្នីស​កម្ពុជា ដណ្តើម​បាន​មេដាយ មាស ប្រាក់ និង​សំរឹទ្ធ នៅ​លើ​ឆាក​អន្តរជាតិ ជា​បន្ត​បន្ទាប់ ដើម្បី​ហក់​ចេញ​ពី​ការ​ឈរ​នៅ​បាត​តារាង កាល​ពី​ឆ្នាំ ២០១៤ ឡើង​មក​ឈរ​នៅ​លេខ​រៀង​ទី ៩ ក្នុង​ចំណាត់​ថ្នាក់​ពិភពលោក គួរ​ឲ្យ​កោត​សរសើរ។

បន្ថែម​លើ​ជោគជ័យ​នេះ សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពជា បាន​ដាក់​គោល​ដៅ​កាន់​តែ​ធំ ក្នុង​អាណត្តិ​ថ្មី​នេះ គឺ​ទី ១ បង្កើន​ការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់ ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​ធំៗ ឲ្យ​បាន​កាន់​តែ​ច្រើន ដើម្បី​ដណ្តើម​ចំណាត់​ថ្នាក់​ឲ្យ​កាន់​តែ​ខ្ពស់​ជាង​មុន ពិសេស​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន រយៈពេល ២ ខែ ត្រៀម​ការ​ប្រកួត​កីឡា​អាស៊ី នៅ​ឥណ្ឌូនេស៊ី នា​ខែ​សីហា ឆ្នាំ ២០១៨។

ចំណុច​ទី ២ បង្កើន​ប្រសិទ្ធភាព គុណ​ផល និង​បច្ចេកទេស ដល់​អត្តពលិក​ថ្នាល ដែល​មាន​ស្រាប់ និង​បង្កើន​ឲ្យ​កាន់​តែ​ច្រើន ឡើង​ថែម​ទៀត ដើម្បី​ដណ្តើម​មេដាយ​ពី​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០១៩ នៅ​ប្រទេស​ហ្វីលីពីន ជា​ពិសេស ការ​ដាក់​គោលដៅ​ដណ្តើម​មេដាយ​មាស​ឲ្យ​បាន ៣ ក្នុងការ​ប្រកួត​ស៊ីហ្គេម លើក​ទី ៣២ នា​ឆ្នាំ ២០២៣ នៅ​កម្ពុជា ហើយ​លោក ជា ប៊ុនហេង មាន​សុទិដ្ឋិ​និយម និង​មាន​ការ​ជឿជាក់ថា គ្រួសារ​កីឡា​សូហ្វតិន្នីស​កម្ពុជា របស់​លោក អាច​នឹង​សម្រេច​គោល​ដៅ​ធំ​ទាំង ២ នេះ​បាន៕