ភ្នំពេញ៖ ​ស្ថាបនិក​ដ៏​សំខាន់​របស់​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា លោក ជា ប៊ុនហេង ​បាន​ជំរុញ​ឲ្យ​កីឡាករ កីឡាការិនី​សូហ្វតិន្នីស​កម្ពុជា ត្រូវ​ខំ​ប្រឹង​ប្រែង​ឲ្យ​បាន​ទ្វេ​ដង ក្នុង​ការ​កែប្រែ​កំហុស ឬ​ការ​ខ្វះខាត​របស់​ខ្លួន​ឲ្យ​​បាន​ល្អ​​ប្រសើរ​វិញ ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​ឈ្នះ​មេដាយ​ជា​បន្ត​បន្ទាប់​ទៀត ក្នុង​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ ពិសេស​ការ​បង្ហាញ​ខ្លួន នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី ​៣០ នៅ​ប្រទេស ​ហ្វីលីពីន នា​ចុង​ខែ​វិច្ឆិកា និង​ដើម​ខែ ​ធ្នូ ឆ្នាំ ​២០១៩ ខាង​មុខ​នេះ។

អនុ​ប្រធាន​ទី ​១ សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា លោក ជា ប៊ុនហេង បាន​ថ្លែង​ នៅ​ចំពោះ​មុខ​អត្តពលិក​ទាំង​អស់​ថា៖ ​«ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ការ​បន្ត​ឈ្នះ​មេដាយ គឺ​យើង​ទាំង​អស់​គ្នា ត្រូវ​សម្រួច​ឆន្ទៈ និង​​ត្រូវ​ខំ​ហ្វឹកហាត់​ទ្វេ​ដង គឺ​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ពង្រឹង​បច្ចេកទេស​ក្នុង​ការ​លេង ហើយ​ត្រូវ​ចេះ​កែ​ប្រែ​នូវ​រាល់​កំហុស ដែល​ធ្លាប់​បាន​កើត​មាន​ឡើង ដើម្បី​យើង​ទទួល​បាន​បទពិសោធ និង​យុទ្ធសាស្រ្ត​ថ្មី​បន្ថែម​ទៀត»។

លោក ជា ប៊ុនហេង ​​បន្ថែម​ថា៖ ​«បើ​យើង​មិន​ចេះ​កែ​ប្រែ​កំហុស ឬ​ចំណុច​ខ្វះខាត​របស់​យើង ឲ្យ​បាន​ប្រសើរ​វិញ​ទេ​នោះ គឺ​យើង​មិន​អាច​បន្ត​ដណ្តើម​មេដាយ​បាន​ទេ ហើយ​ជាមួយ​គ្នា​នេះ​ ហាម​ដាច់​ខាត​កុំ​ឲ្យ​មាន​ជំងឺ​តួឯក​ឲ្យ​សោះ គឺ​ខ្ញុំ​មិន​ចូល​ចិត្ត​ទេ តែ​កន្លង​មក​ក្រុម​សូហ្វតិន្នីស​របស់​យើង​មាន​សាមគ្គី​ភាព​ល្អ​ហើយ»។

ការ​ពញ្ញាក់​ស្មារតី​ដល់​អត្តពលិក​​​ក្រុម​សូហ្វតិន្នីស​នេះ ត្រូវ​បាន​លោក ជា ប៊ុនហេង ​ធ្វើ​ឡើង​នៅ​ពេល​លោក​បាន​នាំ​យក​ថវិកា​របស់​លោក​ឧបនាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ស ខេង ទៅ​ចែក​ជូន​ដល់​អត្តពលិក ដែល​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ចំនួន ​៤ ពី​ការ​ប្រកួត​កម្រិត​អាស៊ី ចំនួន ​២ ​ផ្សេង​គ្នា នៅ​ប្រទេស ​ហ្វីលីពីន កាល​ពី​ពេល​ថ្មីៗ កន្លង​មក​នេះ។

នៅ​ក្នុង​​ផ្តល់​ប្រាក់​រង្វាន់ នៅ​អគារ​មជ្ឈមណ្ឌល​កីឡា​របស់​ក្រសួង​មហាផ្ទៃ ក្នុង​ពហុកីឡដ្ឋានជាតិ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​នោះ គឺ​លោក ស ខេង ដែល​ជា​ប្រធាន​សហព័ន្ធ​​កីឡា​សូហ្វតិន្នីស​កម្ពុជា​ផង​នោះ បាន​ផ្តល់​ឲ្យ​​អ្នក​ឈ្នះ​មេដាយ​សំរឹទ្ធ​ចំនួន ​៣០០ ​ដុល្លារ និង​អ្នក​ឈ្នះ​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​​ក្រុម ចំនួន​ ​៩០០ ដុល្លារ ហើយ​អ្នក​មិន​ដណ្តើម​បាន​មេដាយ ក៏​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត ក្នុង​ម្នាក់ៗ​ចំនួន ​១០០ ដុល្លារ​ផង​ដែរ។

គួររំឭក​ថា សម្រាប់​ការ​ប្រកួត ជើងឯក​យុវជន​អាស៊ី (The 1st Asian Junior Soft Tennis Championship 2019) ដែល​មាន ​១៣ ​ប្រទេស ​ចូលរួម​កាល​ពី​ថ្ងៃទី ​២៥ ដល់​ថ្ងៃទី ​៣១ ខែ​សីហា នៅ​ប្រទេស ​ហ្វីលីពីន កីឡាករ សាយ សុចិត្ត្រា ឈ្នះ​មេដាយ​សំរឹទ្ធ ​លើ​វិញ្ញាសា​ឯកត្តជន ហើយ សាយ សុចិត្ត្រា ដដែល​បាន​ចាប់​ដៃ​ជាមួយ សំ ចាន់កាប៊ី ដើម្បី​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​ឲ្យ​កម្ពុជា ១ ​ទៀត លើ​វិញ្ញាសាវាយ​គូ ចំណែក​ការ​ប្រកួត​ជា​ក្រុម​ ដែល​មាន​គ្នា ​៦ ​នាក់ របស់​កីឡាករ ឌឹម សំសម្បត្តិ, ឯក បញ្ញា, បូរ សុខរ័ត្ន, យី សារសារិទ្ធ, ចន ម៉ាដា និង សំ ចាន់កាប៊ី បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ដែរ។

ចំណែក​ការ​ប្រកួត​កីឡា​សូហ្វតិន្នីស​និស្សិត​សាកល​វិទ្យាល័យ​អាស៊ី លើក​ទី ​១ ឆ្នាំ ​២០១៩ (The 1st University Soft Tennis Championship 2019) ដែល​បាន​ធ្វើ​ពី​ថ្ងៃទី ​​៣០ ខែ សីហា ដល់​ថ្ងៃទី ​៤ ខែ ​កញ្ញា នៅ​ប្រទេស ​ហ្វីលីពីន ​ដែរ​នោះ គឺ​មាន​តែ​កីឡាករ កាន់ សោភ័ណ ម្នាក់​គត់ ដែល​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ លើ​វិញ្ញាសា​ឯកត្តជន ខណៈ​ព្រឹត្តិការណ៍​នេះ កម្ពុជា​បាន​បញ្ជូន​អត្តពលិក​ចំនួន ​១០ ​នាក់ (ស្រី ​៦ នាក់) ទៅ​ចូលរួម។

យ៉ាង​ណា​ក៏​ដោយ លោក ជា ប៊ុនហេង ​បាន​បញ្ជាក់​​ថា៖ «​បើ​ទោះ​បីជា​យើង ដណ្តើម​បាន​ត្រឹម​មេដាយ​សំរឹទ្ធ ប៉ុន្តែ​​ក្រុម​សូហ្វតិន្នីស​កម្ពុជា នៅ​តែ​ស្ថិត​​ក្នុង​ចំណោម​ប្រទេស ដែល​មាន​សមត្ថភាព​លេច​ធ្លោ ព្រោះ​ការ​ប្រកួត​ជើង​ឯក​អាស៊ី​នេះ មាន​ប្រទេស​ចូលរួម​ច្រើន អ៊ីចឹង​លទ្ធផល​នេះ​វា​ល្អ​ហើយ​សម្រាប់​យើង»៕​