ភ្នំពេញ: សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបើកការប្រកួតជម្រើសជើងឯកជាតិប្រចាំឆ្នាំ ដែលបានបើកជាផ្លូវការកាលពីព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៨ និងគ្រោងនឹងបញ្ចប់នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១៨ នៅក្នុងទីលានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា នៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជាកម្មវិធីប្រកួតរបស់ក្រសួងអប់រំ យុវជន និងកីឡា។
កីឡាសូហ្វតិន្នីសកម្ពុជា មួយរយៈចុងក្រោយនេះមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ខណៈដែលការប្រកួតទាំងថ្នាក់ជាតិ និងចេញក្រៅប្រទេសលក្ខណៈអន្តរជាតិ មានសកម្មភាព និងដណ្តើមបានលទ្ធផលល្អគួរឲ្យឲ្យសរសើរ និងឈ្នះមេដាយជូនជាតិមាតុភូមិផងដែរ។
លោកជា ប៊ុនហេង ដែលជាអនុប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និងបានអញ្ជើញចូលរួមពិធីបើកការប្រកួតសូហ្វតិន្នីសជ្រើសរើស នៅលើទីលានផ្ទាល់កាលពីព្រឹកថ្ងៃពុធម្សិលមិញនោះ មានប្រសាសន៍ឲ្យដឹងថា៖ «សម្រាប់ការប្រកួតនៅក្នុងឆ្នាំ ២០១៨ នេះ មានកីឡាករ-កីឡាការិនីសូហ្វតិន្នីសចូលរួមចំនួន ៨៩ នាក់ ក្នុងនោះមាន កីឡាការិនីចំនួន ២៧ នាក់ដែលមកពីសមាគម និងក្លិបផ្សេងៗចំនួន ៨»។
លោកបានបន្តថា៖ «ក្លិបទាំង ៨ នោះមកខេត្តចំនួន ៤ មាន ព្រៃវែង, កំពង់ស្ពឺ, កំពង់ឆ្នាំង និងត្បូងឃ្មុំ ក្រៅពីនេះមានមកពីក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, អគ្គស្នងការនគរបាលជាតិ និងអង្គការក្រៅរដ្ឋាភិបាលមិត្តសំឡាញ់»។
លោកជា ប៊ុនហេង បានបន្ថែមឲ្យដឹងថា៖ «មាន ៩ វិញ្ញាសា គឺវិញ្ញាសាឯកត្តជន (នារី បុរស) វិញ្ញាសាវាយគូ (នារី បុរស) វិញ្ញាសាវាយចម្រុះ (នារី បុរស) វិញ្ញាសាបុរសអាយុក្រោម ១៨ ឆ្នាំ វិញ្ញាសានារីអាយុក្រោម ១៧ ឆ្នាំ និងវិញ្ញាសាវាយក្រុមបុរស»។
ជាមួយគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា បានជ្រើសរើសយកគណៈកម្មការរៀបចំការប្រកួតដោយសម្រិតសម្រាំងឲ្យមានចំនួនតិច ប៉ុន្តែ មានគុណភាពកាត់បន្ថយការចំណាយថវិកា។
ចំណែកប្រាក់រង្វាន់អ្នកឈ្នះជើងឯកប្រចាំឆ្នាំចំណាត់ថ្នាក់លេខ ១ ទទួលបានប្រាក់ ៣០ ម៉ឺនរៀល ចំណាត់ថ្នាក់លេខ ២ ទទួលបាន ២០ ម៉ឺនរៀល និងចំណាត់ថ្នាក់លេខ ៣ ទទួលបាន ១០ ម៉ឺនរៀល។
តាមការកត់សម្គាល់ កីឡាសូហ្វតិន្នីសមានព្រឹត្តិការណ៍ច្រើនក្នុងមួយឆ្នាំៗដូចជាការប្រកួតវាស់ស្ទង់សមត្ថភាពប្រចាំខែរបស់ក្រុមជម្រើសជាតិ ដែលសហព័ន្ធតែងតែរកប្រាក់ដើម្បីផ្តល់ឲ្យជាការលើកទឹកចិត្ត ហើយថ្មីៗកន្លងមកនេះ មានការប្រកួតពានរង្វាន់សម្តេចស ខេងលើកទី ៥ ជាដើម។
ដោយឡែក សម្រាប់ការប្រកួត និងការហ្វឹកហាត់នៅក្នុងពេលឆាប់ៗខាងមុខ កីឡាសូហ្វតិន្នីសកម្ពុជាត្រូវបានលោកជា ប៊ុនហេង អះអាងថា កំពុងត្រៀមខ្លួនទៅហ្វឹកហាត់នៅប្រទេសជប៉ុន នៅខែមិថុនា ហើយពួកគេក៏ត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ China Open នៅប្រទេសចិន ក្នុងខែដដែលផងដែរ។ នៅខែសីហា ឆ្នាំ ២០១៨ ខាងមុខ ក្រុមសូហ្វតិន្នីសកម្ពុជា ត្រៀមទៅប្រកួតនៅហ្សាការតា ប្រទេសប្រទេសឥណ្ឌូនេស៊ី ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី៕