ភ្នំពេញ: កីឡាករប្រដាល់កម្ពុជាឈុត សេរីវ៉ាន់ថង ក្លិបរាហូកីឡាខេត្តបាត់ដំបង នឹងត្រូវជួបអ្នកប្រដាល់ថៃ Theap Kao ហើយកីឡាករតាញ់ មករា ក្លិបសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ នឹងប៉ះកីឡាករប្រដាល់ថៃ Phach Yaksou ក្នុងការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯក Carabao រដូវកាលទី ៦ ទម្ងន់ ៥៧ គីឡូក្រាម នៅសង្វៀនអាស៊ីអាគ្នេយ៍ (SEATV) នៅរសៀលថ្ងៃសៅរ៍ ទី ៩ ខែមិថុនា ឆ្នាំ ២០១៨ ដែលជាការប្រកួតសប្តាហ៍ទី ២។
វាជាការប្រកួតសប្តាហ៍ទី ២ ប៉ុន្តែ ស្ថិតក្នុងជុំទី ១ របស់ឈុត សេរីវ៉ាន់ថង និងកីឡាករថៃ Theap Kao ដែលពួកគេមានសមត្ថភាពប្រហាក់ប្រហែលគ្នាទាំងមាឌ ទាំងកម្ពស់ និងបទពិសោធលើកសង្វៀនប្រកួតក្នុងនោះ ដោយ សេរីវ៉ាន់ថង មានកម្ពស់ ១,៦៨ ម៉ែត្រ ខណៈ Theap Kao គេមានកម្ពស់ ១,៦៧ ម៉ែត្រ។
បើនិយាយពីបទពិសោធប្រកួតវិញ កីឡាករថៃ Theap Kao ធ្លាប់ប្រកួតបានចំនួន ៥៧ លើក ឈ្នះ ៥០ លើក និងចាញ់ ៧ លើក មិនដែលស្មើ ខណៈដែលកីឡាករ ឈុត សេរីវ៉ាន់ថង ធ្លាប់ប្រកួតបាន ៥៤ លើក ឈ្នះ ៤៧ លើក ចាញ់ ៦ លើក និងស្មើ ១ លើក។
ការប្រកួតចុងក្រោយរបស់ ឈុត សេរីវ៉ាន់ថង កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៨ ក្នុងព្រឹត្តិការណ៍កីឡាជាតិ បានចាញ់កីឡាករសុខ ធី នៅវគ្គ ផ្តាច់ព្រ័ត្រក្រោមមតិមហាជនថាអយុត្តិធម៌។
ឈុត សេរីវ៉ាន់ថង បាននិយាយថា៖ «ខ្ញុំប្រកួតម្តងៗប្រឹងប្រែងអស់ពីសមត្ថភាព ប៉ុន្តែ ការចាញ់ ឬឈ្នះគឺស្រេចលើគណៈកម្មការ។ ការប្រកួតជាមួយថៃសប្តាហ៍នេះ ខ្ញុំមានសង្ឃឹមឈ្នះ ៩០ ភាគរយ»។
ចំពោះអ្នកប្រដាល់កម្ពុជាតាញ់ មករា (ធន មករា) មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវប៉ះជាមួយនឹងកីឡាករថៃ Phach Yaksou ដែលជាជើងថ្មីមិនធ្លាប់មកប្រកួតនៅកម្ពុជានោះទេ។
កីឡាករតាញ់ មករា ជាអ្នកប្រដាល់ស្រករក្រោយ ដែលទើបតែឈ្នះខ្សែក្រវាត់ថ្មីៗពីសង្វៀន ប៉ុស្តិ៍ លេខ ៥ ក្នុងទម្ងន់ ៥៧ គីឡូក្រាម មានរបៀបវាយខ្លាំងល្អ រហ័សរហួន ហើយទឹកចិត្តប្រកួតរបស់គេធំណាស់។
កីឡាករតាញ់ មករា ធ្លាប់ប្រកួតបានចំនួន ៤៩ លើក ឈ្នះ ៤៣ លើក ចាញ់ ៤ លើក និងស្មើ ២ លើក ដោយប្រកួតចុងក្រោយក្នុងកីឡាជាតិកាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០១៨ បានបញ្ចប់ដោយចាញ់ពិន្ទុកីឡាករសុខ ធី ទាំងប្រផិតប្រផើយ។
ចំណែក Phach Yaksou ជាដៃគូវិញ ប្រកួតបានចំនួន ៦០ លើក ឈ្នះ ៤៩ លើក ចាញ់ ១០ លើក និងស្មើពិន្ទុ ១ លើក ហើយ Phach Yaksou ត្រូវបានគេទស្សន៍ទាយថា អាចយ៉ាប់ជាមួយ ធន មករា។
លោកថៃ អ៊ូ អ្នកនាំកីឡាករថៃមកប្រកួត បាននិយាយថា៖ «សមត្ថភាពរបស់កីឡាករថៃ Phach Yaksou ជាមួយតាញ់ មករា នេះមិនអាចទស្សន៍ទាយពីលទ្ធផលមុនប្រកួតបានទេ ពីព្រោះជាកីឡាករវ័យក្មេងដូចគ្នា មានកម្លាំងរឹងមាំ មិនងាយសន្លប់ដូចគ្នា។ ភាគរយនៃជ័យជម្នះ ខ្ញុំជឿថា តាញ់ មករា មានលទ្ធភាពឈ្នះច្រើនជាង»៕