ក្រុងមីឡាន៖ ក្រុម​ជើងឯក​ក្របខ័ណ្ឌ Serie A គឺ​សេះ​បង្កង់ Juventus (Juve) បាន​ធ្វើ​ឲ្យ​វិស័យ​បាល់ទាត់​នៅ​ប្រទេស​អ៊ីតាលី ​ស្រឡាំង​កាំង ដោយ​ការ​តែងតាំង Andrea Pirlo អតីត​ខ្សែ​បម្រើ​ម្ចាស់​ជយលាភី World Cup ជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​រយៈពេល ២ ​ឆ្នាំ បើ​ទោះបី​ជា​អតីត​កីឡាករ​របស់​ខ្លួន​រូប​នេះ មិន​ធ្លាប់​មាន​បទពិសោធ​ក្នុង​តួនាទី​នេះ ពី​មុន​មក​ក៏​ដោយ​។

លោក Pirlo ​វ័យ ៤១ ​ឆ្នាំ ត្រូវ​បាន​ដំឡើង​មក​កាន់​មុខងារ​ធំ​នេះ ត្រឹម​តែ ១ សប្ដាហ៍ ក្រោយ​ទទួល​ឋានៈ​ជា​គ្រូបង្វឹក​នៃ​ក្រុម Juve អាយុ​ក្រោម ២៣ ​ឆ្នាំ ដែល​​លេង​នៅ​លីក​ទី ៣ ហើយ​​មិន​ទាន់​បាន​ដឹកនាំ​ក្រុម​ធ្វើ​ការ​ប្រកួត សូម្បី ១ ​លើក​។

ការ​សម្រេច​នេះ កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​ក្លិប​ដែល​មាន​ទីតាំង​នៅ​ក្រុង​ទូរីន​មួយ​នេះ បាន​បណ្ដេញ​គ្រូ​បង្វឹក​ចាស់​​​លោក Maurizio Sarri ក្រោយ​ក្រុម​ធ្លាក់​​ពី​ក្របខ័ណ្ឌ Champions League ត្រឹម​វគ្គ ១៦ ​ក្រុម ក្រោម​ថ្វី​ជើង​របស់​ក្រុម​របស់​បារាំង Olympique Lyonnais ដោយសារ​តែ​គ្រាប់​បាល់​ក្រៅ​ទឹក​ដី។​​

អតីត​អ្នក​ចាត់​ការ​របស់​ក្រុម​នៅ​អង់គ្លេស Chelsea លោក Sarri ​កាន់​តួនាទី​បាន ១ រដូវ​កាល ដោយ​ដឹកនាំ​ក្រុម Juve ឲ្យ​ឈ្នះ​ពាន​ Serie A ដែល​ជា​លើក​ទី៩ បន្ត​បន្ទាប់​គ្នា តែ​នៅ​មិន​ទាន់​ល្អ​គ្រប់គ្រាន់​តាម​ការ​រំពឹង​ទុក​របស់​ក្រុម ដែល​មាន​មហិច្ឆតា​ចង់​លើក​ពាន​ Champions League នោះ​ឡើយ។

ក្រោយ​មាន​ការ​តែងតាំង​នេះ ក្រុម Juve ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា​៖ «​ចាប់​ពី​ថ្ងៃ​នេះ​តទៅ លោក Pirlo ​នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​សម្រាប់​ក្រុម Juventus ដូច​ដែល​​ក្លិប បាន​ផ្ដល់​ទំនុក​ចិត្ត​លើ​គាត់​ជាមួយ​នឹង​ការ​ប្រគល់​​តំណែង​ជា​ប្រធាន​ដឹកនាំ​បច្ចេកទេស​របស់​ក្រុម​ធំ បន្ទាប់​ពី​បាន​ជ្រើសរើស​គាត់​ឲ្យ​ធ្វើ​ជា​គ្រូ​បង្វឹក​របស់​ក្រុម​អាយុ​ក្រោម ២៣ ឆ្នាំ រួច​ហើយ​»​។

ក្រុម​សេះ​បង្កង់ ទំនង​ជា​រំពឹង​ថា លោក Pirlo អាច​កូពី​ភាព​ជោគជ័យ​របស់​លោក Zinedine Zidane អតីត​កីឡាករ​លំដាប់​ពិភព​លោក​ម្នាក់​ផ្សេង​ទៀត ដែល​កំពុង​ទទួល​បាន​សមិទ្ធផល​ល្អ​ជា​ច្រើន​ជាមួយ​ក្រុម​ Real Madrid បើ​ទោះ​ជា​មិន​ធ្លាប់​ឆ្លង​កាត់​បទពិសោធន៍​​ជា​គ្រូ​បង្វឹក​ពី​មុន​មក​ក៏​ដោយ​។

លោក​ Zidane ដែល​ជា​អតីត​កីឡាករ​ក្រុម Juve ១ ​រូប​ដែរ​នោះ ​ដឹកនាំ​ក្រុម Real ឲ្យ​ឈ្នះ​ពាន​ក្របខ័ណ្ឌ La Liga ២ ​ដង និង Champions League ៣ ​ដង ក្នុង​ចំណោម​ការ​មក​ធ្វើ​ជា​គ្រូបង្វឹក​ចំនួន ២ ​លើក​ ជាមួយ​ក្រុម​អេស្ប៉ាញ​។

នាយក​បាល់ទាត់​របស់​ក្លិប លោក Fabio Paratici បាន​ថ្លែង​​​ថា​៖ «​ការ​តែងតាំង​លោក​​​ Pirlo ជា​រឿង​ធម្មតា ពោល​គឺ​តាម​វិធីសាស្ត្រ​របស់​ក្រុម Juve ព្រោះ​គាត់ គឺ​ជា​មនុស្ស​ម្នាក់ ដែល​ធ្លាប់​លេង​ឲ្យ​ក្លិប តែងតែ​​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្រប់​គ្នា​នៅ​ទី​នេះ ហើយ​មាន​អារម្មណ៍​សាមញ្ញ​ធម្មតា​។ យើង​ក៏​ជឿ​ផង​ដែរ​ថា គាត់​នឹង​ក្លាយ​ជា​គ្រូបង្វឹក​ល្អ​មា្នក់ ដូច​កាល​គាត់​នៅ​ជា​កីឡាករ​អ៊ីចឹង​»​។

កាល​នៅ​ជា​កីឡាករ Pirlo ធ្លាប់​ឈ្នះ​ពាន Champions League ២ ​ដង​ជាមួយ​ក្រុម AC Milan (Milan) ហើយ​ធ្លាប់​លើក​ពាន​​​​ Serie A ២ ដង​ជាមួយ​ក្រុម Milan និង​ ៤ ​លើក​ជាមួយ​ក្រុម Juve។ រួម​ចំណែក​ជួយ​ឲ្យ Milan កា្លយ​ជា​ជើងឯក​​ពាន​រង្វាន់​កម្មវិធី Club World Cup។ ធ្លាប់​កាន់​ពាន Coppa Italia ជាមួយ​នឹងក្រុម​ Milan និង Juve៕ AFP/VN