ភ្នំពេញៈ កីឡាករជើងខ្លាំង រឿង សោភ័ណ្ឌ បានផ្តួលគូសត្រូវចាស់ Rong Keat ឲ្យសន្លប់ធំ លឿនបំផុត សម្រាប់ការវិលមកជួបគ្នា កាលពីថ្ងៃអាទិត្យ ចំណែក ពុទ្ធ ឆាយរិទ្ធី បានរកឃើញការឈ្នះក្នុងការប្រកួតសន្សំពិន្ទុ ដណ្តើមពានអន្តរជាតិ កាលពីម្សិលមិញនោះដែរ ប៉ុន្តែ ឆៃ សារ៉ា បានចាញ់ Noeng Trakan។
វាមិនមែនជាលើកទី ១ នោះទេ ដែល រឿង សោភ័ណ្ឌ បានផ្តួលជើងខ្លាំងថៃ Rong Keat ឲ្យសន្លប់ ប៉ុន្តែការបុកជង្គង់ឲ្យសន្លប់ ទឹកទី ២ ក្នុងការប្រកួតផ្តាច់ព្រ័ត្រដណ្តើមប្រាក់លាន កាលឆ្នាំ ២០១៧ ត្រូវបាន Rong Keat អះអាងថា ដោយសាររូបគេភ្លាត់ស្នៀត ពិសេសមានទម្ងន់តិចជាង សោភ័ណ្ឌ ឆ្ងាយពេក។
យ៉ាងណាក៏ដោយ ការវិលមកជួបគ្នាជាថ្មី នៅលើសង្វៀន CNC កាលពីល្ងាចម្សិលមិញ Rong Keat មិនទាន់តែបានវាយបកមកលើ រឿង សោភ័ណ្ឌ ផង ក៏ត្រូវបាន សោភ័ណ្ឌ ទាត់ចូលពេញៗ រួចស្ទុះចូលបុកកែងឆ្វេងចំថ្គាមស្តាំបណ្តាលឲ្យសន្លប់ត្រឹមពាក់កណ្តាលទឹកទី ១។ រីឯ ហ៊ីម សេរី ក៏បានឈ្នះ Loukyod ក្នុងទឹកទី ១ ដែរ ដោយសារថៃម្នាក់ បានជាប់សរសៃស្មាស្តាំ ពេលរូបគេស្ទុះចូលប្តូរកែងជាមួយ សេរី។
ការប្រកួតនៅសង្វៀន CNC នារសៀលថ្ងៃអាទិត្យ នោះដែរ ពុទ្ធ ឆាយរិទ្ធី បានរកឃើញការឈ្នះជាលើកដំបូង ក្នុងការប្រកួតសន្សំពិន្ទុដណ្តើមពានអន្តរជាតិ កំពូលអ្នកប្រដាល់កណ្តាប់ដៃដែក ISI PALM ទម្ងន់ ៦៧ គីឡូក្រាម តាមរយៈការវាយកែង និងម៉ាត់ឡាវ Phan Chhai ឡើងគាំងរហូតអាជ្ញាកណ្តាលបញ្ឈប់នៅចុងទឹកទី ៤ តែម្តង។
ការចាញ់ពិន្ទុជើងខ្លាំង Noeng Trakan ក្នុងការប្រកួតបើកឆាក កាលពីថ្ងៃទី ៤ ខែកុម្ភៈ បានជំរុញឲ្យ ពុទ្ធ ឆាយរិទ្ធី ខំប្រឹងប្រកួតខ្លាំង សម្រាប់ការជួប Phan Chhai លើកទី ២ នេះ ហើយការវាយកែង និងម៉ាត់ផ្ទួនៗជាច្រើនដៃរបស់គេ ធ្វើឲ្យឡាវម្នាក់នេះគាំងតដៃមិនកើត និងត្រូវបានអាជ្ញាកណ្តាលរាប់ នៅចុងទឹកទី ៣។
ឈានចូលទឹកទី ៤ ឆាយរិទ្ធី បានបង្កើតការម៉ាត់ និងវាយកែង កាន់តែខ្លាំង ធ្វើឲ្យ Phan Chhai គាំង និងត្រូវបានអាជ្ញាកណ្តាលរាប់ជាលើកទី ២ និងឈានដល់បញ្ឈប់ការប្រកួតនៅចុងទឹកទី ៤ នេះតែម្តង ខណៈ ឆាយរិទ្ធី បានបន្តវាយកែង និងម៉ាត់ បណ្តាលឲ្យ Phan Chhai ងើបមុខលែងរួច ជាមួយអាការស្ទើតែសន្លប់ឈរនោះ។
ជាមួយលទ្ធផលនេះ ជួយឲ្យ ពុទ្ធ ឆាយរិទ្ធី មានសង្ឃឹមឡើងវិញ ក្នុងការប្រជែងយកឱកាសឡើងទៅប្រកួតនៅវគ្គបន្ត ប៉ុន្តែ ឆៃ សារ៉ា ដែលឈ្នះ Phan Chhai ដោយពិន្ទុ កាលពីប្រកួតបើកឆាកនោះ បានមកចាញ់ Noeng Trakan ដោយពិន្ទុដាច់ សម្រាប់ការប្រកួតលើកទី ២ នេះ ធ្វើឲ្យរូបគេមាន ៤ ពិន្ទុស្មើ ឆាយរិទ្ធី ឯ Noeng Trakan ឡើងទៅឈរនៅលេខ ១ ជាបណ្តោះអាសន្ន ដោយមាន ៦ ពិន្ទុពេញ៕