ភ្នំពេញ៖ ​កីឡាករ សោម វិឆ័យ បាន​បោះ​ពាក្យ​សម្តី​បែប​ «មើល​ស្រាល» ​ទៅ​លើ​សមត្ថភាព​របស់ រិន សារ័ត្ន មុន​ពេល​អ្នក​ទាំង ​២ ត្រូវ​ប្រកួត​ផ្តាច់​ព្រ័ត្រ ​ស្វែង​រក​ម្ចាស់​ពាន​​រង្វាន់ TV5 Boxing Knock Out Series​ ក្នុង​ទម្ងន់ ​៦៣,៥ អម​ជាមួយ​ប្រាក់​រង្វាន់ ​៤ ០០០ ដុល្លារ នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ នា​ល្ងាច​ថ្ងៃ​សៅរ៍​នេះ ចំណែក ពុយ វណ្ណៈ ក៏​ត្រូវ​ប្រកួត​ដណ្តើម​យក​លេខ ​៣ ​ជាមួយ វ៉ែន ហុង​ជីវ៉ុង ក្នុង​ពេល​នោះ​ដែរ។

នៅ​ក្នុង​ការ​ប្រកួត​ដ៏​សំខាន់​នេះ ​លោក​គ្រូ​បង្វឹក​របស់ ​សោម ​វិឆ័យ ​មិន​សូវ​ជា​រំពឹង​ខ្ពស់​ប៉ុន្មាន​ទេ ​ប៉ុន្តែ ​​វិឆ័យ ផ្ទាល់​​បាន​បង្ហោះ​ព័ត៌មាន​ថា​ រឿង ​សារ័ត្ន ​មិនមែន​សម​ជា​ដៃ​គូ​របស់​គេ​​នោះ​ទេ ហើយ​ការ​បោះ​​ពាក្យ​សម្តី​នេះ ធ្វើ​ឲ្យ​​ក្រុម​អ្នក​តាម​ដាន​ប្រដាល់ ​នាំ​គ្នា​វិភាគ​ថា ​សោម ​វិឆ័យ​វាយ​តម្លៃ​ដៃ​គូ​ខ្សោយ​ពេក​ ឬ​និយាយ​ឲ្យ​ចំ​ថា ​មើល​ងាយ​ដៃ​គូ​ បើ​ទោះ​បី​ជា រិន សារ័ត្ន និង​រូប​គេ បាន​ឈ្នះ​ទាំង ​៤ ​ប្រកួត​ជាប់ៗ​គ្នា មុន​នឹង​ឡើង​មក​ជួប​គ្នា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ក៏​ដោយ។

លោក​ ឡុង ​វិបុល ​ជា​គ្រូ​បង្វឹក​ ​សោម ​វិឆ័យ បាន​​និយាយ​ថា​៖ «ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា សោម វិឆ័យ អាច​​យក​ឈ្នះ​ រិន ​សារ័ត្ន​ ត្រឹម ​៦០ ​ភាគរយ​ប៉ុណ្ណោះ​ ​ព្រោះ​ការ​ប្រកួត​ជាក់​ស្តែង ​មិន​ត្រូវ​មើល​ស្រាល​ដៃ​គូ​ទេ​ ហើយ សោម ​វិឆ័យ ក៏​​មិន​ធ្លាប់​ឈ្នះ​ជើង​ឯក ​ឬ​ខ្សែ​ក្រវាត់​ពី​មុន​មក​​នោះ​ដែរ»​។

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ ​«​ខ្ញុំ​មិន​ហ៊ាន​មើល​ស្រាល​ដៃ​គូ​ទេ ​ប៉ុន្តែ​ ​សោម ​វិឆ័យ​ ព្យាយាម​ហ្វឹកហាត់​បាន​ល្អ ​ដោយ​សង្ឃឹម​ឈ្នះ​ច្រើន​។ ទោះ​យ៉ាង​ណា ​ចាញ់​ ឬ​ឈ្នះ​ កុំ​និយាយ​មុន​តែ​អ្វី​ដែល​ខ្ញុំ​ចង់​បាន ​​គឺ​សូម​ឲ្យ​​ចៅ​ក្រម​កាត់​ក្តី​ឲ្យ​មាន​យុត្តិធម៌ ​គឺ​ខ្ញុំ​​ពេញ​ចិត្ត​ណាស់​ទៅ​ហើយ​»។​​

ផ្ទុយ​ពី​នេះ សោម​ វិឆ័យ ​​មាន​មោទនភាព​ខ្លាំង ​ដោយ​បាន​​បញ្ចេញ​នូវ​ពត៌មាន​តាម​បណ្តាញ​ហ្វេសប៊ុក​​ថា​ «​រិន ​សារ័ត្ន​ មិន​សម​ជា​ដៃ​គូ​របស់​ខ្លួន​ទេ» ហើយ​​ដំណឹង​​នេះ​ បាន​ឮ​ដល់ រិន​ សារ័ត្ន ​រួច​ហើយ​។​ សោម ​វិឆ័យ ​រំពឹង​ឈ្នះ​ច្រើន​ជាង​គ្រូ​បង្វឹក​ ឡុង ​វិបុល ដោយ​រូប​គេ​បាន​​អះអាង​ថា​៖ ​«ខ្ញុំ​មាន​ទំនុក​ចិត្ត​ឈ្នះ ​៩០ ​ភាគរយ ​ហើយ​ខ្ញុំ​សុំ​ឲ្យ​មាន​ការ​កាត់​ក្តី​ឲ្យ​សុក្រឹត​ យុត្តិធម៌​ផង»​​។​

ចំណែក​ ​រិន ​សារ័ត្ន​ ត្រូវ​បាន​អ្នក​គ្រប់គ្រង​មើល​ថែ​ផ្ទាល់​​ម្នាក់​បាន​ប្រាប់​ដោយ​​សុំ​មិន​បញ្ចេញ​ឈ្មោះ​​ថា៖ ​«​​ខ្ញុំ​បាន​បញ្ជូន​ សារ័ត្ន ទៅ​ហ្វឹកហាត់​មួយ​រយៈ​ចុង​ក្រោយ​ជាមួយ ​លោក​គ្រូ​ ហ៊ុន​ ចាន់រាជ ​ដើម្បី​ទទួល​បាន​បទពិសោធ​បន្ថែម​ និង​កម្លាំង​ល្អ ​ហើយ​ការ​ហ្វឹកហាត់​របស់​គេ​គ្មាន​ថ្ងៃ​សៅរ៍ ​និង​ថ្ងៃ​​អាទិត្យ​នោះ​ទេ​»។

អ្នក​គ្រូ​រូប​នេះ​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​មិន​រំពឹង​ច្រើន​ទេ​ ​ព្រោះ​ សោម​ វិឆ័យ ​ជើង​ចាស់​ស៊េរី​មុន​ហើយ​គេ​បាន​អះអាង​ពី​សមត្ថភាព​របស់​គេ​ខ្ពស់​ គឺ​ខ្ញុំ​សុំ​សិទ្ធិ​មិន​និយាយ​ទេ​ ​ដោយសារ​​ដំណឹង​នេះ ​សារ័ត្ន ​បាន​ដឹង​ហើយ​។ ​យ៉ាង​ណា​ក៏​ដោយ ការ​ប្រ​កួត​នេះ ​មិន​អាច​ទស្សន៍ទាយ​បាន​មុន ​ឬ​មាក់ងាយ​បាន​ទេ​ ​ព្រោះ​ត្រូវ​តែ​ប្រកួត​គ្នា​អស់​ពី​កម្លាំង​កាយ​ ចិត្ត​ ហើយ​លទ្ធផល​​ជាក់​ស្តែង​មិន​មែន​ចាញ់ ​ឬ​ឈ្នះ​ ដោយ​ស្រួល​នោះ​ទេ​»។

យោង​តាម​​ប្រវត្តិ​ប្រកួត ​សោម​ វិឆ័យ ធ្លាប់​ប្រកួត​បាន ​៨៦ ​ដង ​ឈ្នះ ​៦៥ ​​ចាញ់ ​២១ ​ដង ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​ ​១៣ ​ដង ហើយ​បទពិសោធ​នេះ គឺ​​​ច្រើន​ជាង ​រិន ​សារ័ត្ន​ ចំនួន ​២ ​ដង​ឯណោះ​។​ ទោះ​យ៉ាង​ណា ​រិន ​សារ័ត្ន​ បាន​និយាយ​ថា​៖ ​«ខ្ញុំ​សុំ​មិន​និយាយ ​តែ​ចាំ​មើល​ការ​ប្រកួត​​ទៅ ​គឺ​ចាញ់​ឬ​ឈ្នះ​ មិនមែន​ស្រួល​ដូច​គ្នា»​។​

ចំណែក​គូ​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ ​៣ ​រវាង ​​ពុយ ​វណ្ណៈ ​និង​ វ៉ែន ​ហ៊ុន​ជី​វ៉ុង​ មិន​សូវ​ជា​មាន​ការ​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ ​ហើយ​ចំពោះ​សមត្ថភាព​វិញ ​ពុយ ​វណ្ណៈ ​អាច​មាន​ប្រៀប​ជាង​បន្តិច​បន្តួច​លើ​ វ៉ែន ​ហ៊ុន​ជី​វ៉ុង​ ខណៈ​​ប្រាក់​រង្វាន់​ក្នុង​ព្រឹត្តិការណ៍​នេះ​ លេខ ​១​ នឹង​ទទួល​បាន ​៤ ០០០ ​ដុល្លារ​លេខ ​២ ​បាន ​២ ០០០ ​ដុល្លារ​ លេខ ​៣​ ​បាន ​៧៥០ ​ដុល្លារ ​និង​លេខ ​៤ ​បាន ​៥០០ ​ដុល្លារ​៕​