ភ្នំពេញៈ អ្នក​ប្រដាល់​ជើងចាស់​វស្សា​ទម្ងន់​ធ្ងន់​ធ្លាប់​ល្បីឈ្មោះ​របស់​កម្ពុជា​ ២ ​នាក់​គឺ ទេស សំខាន់ និង ហេង សំរាំង នឹង​ត្រូវ​ឡើង​ប្រកួត​អន្តរជាតិ​ដណ្តើម​មេដាយមាស​ក្នុង​វគ្គ​ជម្រុះ​នៃ Boostrong Gold Medal Figter onfire នៅលើ​សង្វៀន SEATV នា​ព្រឹក​ថ្ងៃ​អាទិត្យ​ដោយ​ក្នុង​នោះ សំខាន់ ត្រូវ​ប៉ះ​កីឡាករ​អ៊ីរ៉ង់ Gafari ហើយ សំរាំង ជួប​ថៃ Chhouk Namchhai ដើម្បី​ស្វែងរក​អ្នក​ឈ្នះ​ឡើង​ទៅ​ប្រកួត​វគ្គ​បន្ត​។

ទេស សំខាន់ របស់​ក្លិប​កងពល​តូច​លេខ​ ៧០ កំពុងតែ​ហ្វឹកហាត់ និង​បញ្ចុះ​ទម្ងន់​យ៉ាង​ច្រើន ដើម្បី​ប្រកួត​ក្នុង​ទម្ងន់​ត្រឹម​ ៦៩ ​គីឡូក្រាម ខណៈ​ដែល​ទម្ងន់​ពិត​របស់​គេ​បាន​ឡើង​ដល់ ៧៩ គីឡូក្រាម​ឯណោះ​។

ការសម្រក​ទម្ងន់​បែប​នេះ​ត្រូវ​បាន ទេស សំខាន់ អះអាង​ថា​សម្រក​បាន​ដោយ​ប្រើពេល​ច្រើន​ថ្ងៃ​មុន​ប្រកួត ប៉ុន្តែ​មាន​ការបារម្ភ​ខ្លាំង​គឺ​អាច​ស្រុត​កម្លាំង​ជា​មុន​បន្តិច​។

បើ​ប្រៀបធៀប​សមត្ថភាព​បទពិសោធ​ប្រកួត​វិញ ទេស សំខាន់ មាន​ចំនួន​ប្រកួត​ច្រើន​ជាង​កីឡាករ Gafari ចំនួន​ ៦០ ​លើក​ឯណោះ ប៉ុន្តែ​បញ្ហា​បញ្ចុះ​ទម្ងន់​ច្រើន​ក៏​ទំនង​លំបាក​ផ្នែក​កម្លាំង​ក្នុង​ការប្រកួត​ ៥ ​ទឹក​ផង​ដែរ​។ ទេស សំខាន់ ធ្លាប់​ប្រកួត​ ៨៤ ឈ្នះ​ ៦៦ ចាញ់​ ១៤ និង​ស្មើ​ ៤ ​ដង​ក្នុង​នោះ​ធ្លាប់​បាន​ចាញ់​សន្លប់​តែ​ ៣ ​លើក​ប៉ុណ្ណោះ ចំណែក​ ១១ ​លើក​ទៀត ចាញ់​ត្រឹម​ពិន្ទុ​។ រីឯ Gafari ធ្លាប់​ប្រកួត​ត្រឹម​ ២២ ​ដង​ឈ្នះ​ ១៥ និង​ចាញ់​ ៧ ​ដង ប៉ុន្តែ​មាន​កម្ពស់​ ១,៧៣ ​ម៉ែត្រ ខណៈ​ ទេសសំខាន់ មាន​កម្ពស់​ ១,៦៨ ​ម៉ែត្រ​។

ទេស សំខាន់ បាន​និយាយ​ថា​៖ «​ខ្ញុំ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព ប៉ុន្តែ​មិន​សូវ​ទុកចិត្ត​ឈ្នះ​ប៉ុន្មាន​ទេ ព្រោះ​បារម្ភ​ខ្លាច​ប្រកួត​ ៥ ​ទឹក កម្លាំង​ស្រុតចុះ ដោយសារ​ខ្ញុំ​សម្រក​ទម្ងន់​ច្រើន​ពេក​»​។ ទេស សំខាន់ បន្ថែម​ថា​៖ «​រឿង​ចាញ់​នឹង​ឈ្នះ​គឺ​លំបាក​ថា​ណាស់ ព្រោះ​មិន​ធ្លាប់​ស្គាល់​សមត្ថភាព​ដៃគូ តែ​បញ្ហា​ខ្ញុំ​ចាញ់​ដោយ​សន្លប់​នោះ​គឺ​មិន​អាច​ទេ​»​។

ចំណែក​លោក ថាញ់ វ៉ាឡេក គ្រូបង្វឹក​កីឡាករ​អ៊ីរ៉ង់ បាន​និយាយ​ថា​៖ «​កីឡាករ Gafari ល្អ​កណ្តាប់ដៃ ប៉ុន្តែ​មិន​ហ៊ាន​និយាយ​ពី​លទ្ធផល​មុន​បាន​ទេ ព្រោះ ទេស សំខាន់ អាច​ចូល​កណ្តាប់ដៃ និង​សន្លប់​ក៏ថា​បាន ប៉ុន្តែ​បើ ទេស សំខាន់ ចាប់​ឡើង​ជង្គង់​បាន គឺ Gafari អាច​នឹង​ចាញ់​វិញ​។ ទោះ​ជា​យ៉ាងណា គូ​ប្រដាល់​មួយគូ​នេះ បើ​សម្រុក​ខ្លាំង​ដូចគ្នា គឺ​មិន​អាច​អូសបន្លាយ​បាន​ ៥ ​ទឹក​នោះ​ទេ គឺ​ច្បាស់​ជាមាន​កីឡាករ​ណាមួយ​សន្លប់​ជាមិនខាន​»​។

ដោយឡែក ហេង សំរាំង ជា​អ្នក​ប្រដាល់​ជើងចាស់​ដែល​បាន​ឃ្លាត​ពី​សង្វៀន​យូរ​ឆ្នាំ និង​ក្លាយ​ខ្លួន​ជា​គ្រូបង្វឹក​ម្នាក់​នៅ​ខេត្ត​បាត់ដំបង​ទៅ​ហើយ​។ ហេង សំរាំង ធ្លាប់​ប្រកួត​បាន​ ១០១ ​ដង ឈ្នះ​ ៧០ ចាញ់​ ២៧ និង​ស្មើ​ ៤ ​ដង ហើយ​គេ​ជា​កីឡាករ​ល្អ​ផ្នែក​ឡើង​ជង្គង់ និង​មាន​កម្ពស់​ល្អ​​ ១,៧០ ​ម៉ែត្រ​។ ចំណែក​ថៃ Chhouk Namchhai ប្រកួត​បាន​ ៧៨ ​ដង ឈ្នះ​ ៦៥ ចាញ់​ ១២ និង​ស្មើ​ ១ ​ដង មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះ​ទេ​។

ទោះ​យ៉ាងណា ហេង សំរាំង បាន​ប្រាប់​ថា​៖ «​ខ្ញុំ​មាន​សង្ឃឹម​ឈ្នះ​ថៃ ព្រោះ​ហ្វឹកហាត់ និង​ត្រៀម​បាន​ល្អ​។ ទោះបី​ខ្ញុំ​ឃ្លាត​ពី​សង្វៀន​ប្រដាល់​យូរ ប៉ុន្តែ​ខ្ញុំ​មាន​បើក​ក្លិប​ប្រដាល់​មួយ​នៅ​ខេត្ត​បាត់ដំបង​ដោយ​បង្ហាត់​សិស្ស និង​ហាត់​ខ្លួនឯង​រាល់ថ្ងៃ​។ ខ្ញុំ​បារម្ភ​ខ្លាច​តែ​ដៃគូ​ខ្ញុំ​មាន​ជំនាញ​កណ្តាប់ដៃ​ទេ តែ​បើ​គ្រាន់​ត្រឹម​ក្បាច់​ជង្គង់ មិន​លំបាក​ទេ ធានា​ទប់ទល់​បាន​»៕