ភ្នំពេញៈ អ្នកលេង​កណ្តាប់ដៃ​ចិត្តធំ ចាន់ សំអាត ត្រូវ​បាន​កាត់ក្តី​ឲ្យ​ចាញ់​ថៃ Den Sayam ទាំង​មិន​អស់​ចិត្ត​ក្នុង​ការប្រកួត​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​ខ្សែក្រវាត់​ខារ៉ាបាវ​នៅលើ​សង្វៀន​ SEATV ហើយ សូត្រ ប៊ុនធី បាន​សន្លប់​ធំ​ត្រឹម​ទឹក​ទី​ ៤ ដោយ​ថៃ Phat Ngam វាយ​ថែម​ពីក្រោយ ប៉ុន្តែ​គណៈកម្មការ​បាន​សម្រេច​ឲ្យ ប៊ុនធី ចាញ់ ដោយ​មើលឃើញ​ត្រូវ​ចំ​ស្មា​ខាង​ក្រោយ នាំ​ឲ្យ​កើត​ជា​រឿង​ចម្រូងចម្រាស​មួយ​ធ្វើឲ្យ​អ្នក​ទស្សនា​មួយ​ចំនួន និង​សាមីខ្លួន​សុទ្ធ​តែ​មិន​អស់​ចិត្ត​ពី​ការសម្រេច​ក្តី​នេះ​។

នៅក្នុង​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​នោះ ចាន់ សំអាត និង Den Sayam បាន​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​បំផុត និង​បាន​វាយ​ចំ​គោលដៅ​ប្រហែល​គ្នា​នៅ​ ៣ ​ទឹក​ដំបូង ប៉ុន្តែ​នៅ​ទឹក​ទី​ ៤ និង​ទី​ ៥ សំអាត មាន​ប្រៀប​នាំមុខ​ដោយ​ចេញ​បាន​ច្រើន ខណៈ Den Sayam វ៉ៃ រូបគេ​បែក​ឈាម​ហូរ​លើ​មុខ​ត្រូវ​បាន​អាជ្ញាកណ្តាល ឡុង ស៊ីលីន ចាប់​ជូត​ឈាម​ចំនួន​ ៣ ​ដង​។

ទោះ​ជា​យ៉ាងណា​នៅ​ទឹក​ទី​ ៥ ចាន់ សំអាត់ វ៉ៃ​ចេញ​ច្រើន​ទទួល​បាន​ផល​ល្អ និង​បាន​ម៉ាត់​ឲ្យ​ថៃ​របូត​ធ្មេញ​ចេញ​ពី​មាត់ ប៉ុន្តែ​លទ្ធផល​ពី​ចៅក្រម​ទាំង​ ៥ បាន​ផ្តល់​ពិន្ទុ​ឲ្យ Den Sayam ឈ្នះ​ក្នុង​ពិន្ទុ​ ៣ ​ទល់​ ២ ធ្វើឲ្យ សំអាត បាន​ចុះ​ពី​សង្វៀន​ទាំង​មិន​អស់​ចិត្ត​។

ចាន់ សំអាត និយាយ​ថា​៖ «​មិន​គួរ​ឲ្យ​ខ្ញុំ​ចាញ់​សោះ​! ខ្ញុំ​មិន​អស់​ចិត្ត​សោះ ព្រោះ​សូម្បីតែ​ចុង​ទឹក​ ៥ ខ្ញុំ​ដាល់​ឲ្យ​របូត​ធ្មេញ ហេតុ​អី​ឲ្យ​វា​ឈ្នះ​?»​។ ចំពោះ​បញ្ហា​នេះ គណៈកម្មការ​លោក ឯម ហៀង អនុប្រធាន​វិនិច្ឆ័យ​បាន​និយាយ​ថា​៖ «​គូ​ខ្សែក្រវាត់​មិន​អាច​ឲ្យ​ស្មើ ឬ​វិនិច្ឆ័យ​ទៅ​លើ​ការដាក់​ពិន្ទុ​របស់​ចៅក្រម​ទេ គឺ​ចៅក្រម​ផ្តល់​មក​យ៉ាង​ណា​ឲ្យ​ទៅ​តាម​នោះ​»​។

ចំណែក សូត្រ ប៊ុនធី និង​ម្តាយបង្កើត​របស់​គេ​បាន​ហៅ​ការ​សន្លប់​របស់​ខ្លួន​នៅ​ទឹក​ទី​ ៤ ​នោះ​ជា​ការប្រកួត​ល្មើស​របស់​ថៃ Phat Ngam វាយ​ថែម​ពី​ក្រោយ​បណ្តាល​ឲ្យ​សន្លប់ ហើយ​ការ​បាន​សម្រេច​ឲ្យ​ចាញ់​ដោយ​មិន​ពិន័យ​កីឡាករ​ថៃ​នាំ​ឲ្យ​មាន​ការតវ៉ា​តាម​មាត់​។ ប៉ុន្តែ​តាម​ការប្រកួត​ជាក់ស្តែង ប៊ុនធី ចាញ់​ប្រៀប​ពិន្ទុ​ថៃ​ដាច់​តាំងពី​ទឹក​ទី​ ២ ហើយ​កម្លាំង​ចុះខ្សោយ​ធ្វើឲ្យ​គេ​ប្រកួត​បែរ​ខ្នង​ញឹកញាប់​។

លោក រាជ សុផែន ដែល​បាន​ប្រកាស​ឲ្យ សូត្រ ប៊ុនធី ចាញ់ បាន​ពន្យល់​ថា តាម​រូបភាព​យឺតៗ​លោក​ពិនិត្យ​ឃើញ​កីឡាករ​ថៃ​វ៉ៃ ពី​ក្រោយ​មែន តែ​មិន​ត្រូវ​ចំ​ពីក្រោយ​ក្បាល​ទេ​។ លោក​បញ្ជាក់​ថា​៖ «​សូត្រ ប៊ុនធី បាត់បង់​កម្លាំង និង​ចាញ់​ប្រៀប​ពិន្ទុ​ថៃ​ដាច់ ហើយ​ភាគច្រើន​ប្រកួត​បែរ​ក្រោយ​ទំនង​ជា​មាន​ចេតនា​ចង់​ស៊ីឡាក អ៊ីចឹង​គណៈកម្មការ​មិនមែន​ធ្វើ​អ្វី​តាម​ចិត្ត​ទេ គឺ​ធ្វើ​តាម​ច្បាប់​ប្រកួត​»​។

ប៉ុន្តែ​លោក សួន ប៊ុនសូត្រ ជា​គ្រូបង្វឹក និង​ជា​ឪពុក សូត្រ ប៊ុនធី បាន​និយាយ​ថា​៖ «​ខ្ញុំ​មើលឃើញ​ពី​វា​ចាញ់​ប្រៀប​គេ​មែន ប៉ុន្តែ​ការវាយ​បន្ថែម​ចំ​កញ្ចឹងក នាំ​ឲ្យ​ហើម​របួស​គឺ​ខុសច្បាប់ ហេតុ​អី​មិន​ពិន័យ​កីឡាករ​ថៃ​ឲ្យ​ចាញ់​ទៅ​»៕