ភ្នំពេញ៖ ​គណៈកម្មាធិការ​ជាតិ​ស៉្បេស្យាល់​អូឡាំពិក​កម្ពុជា (NSOCC)​ បាន​និង​កំពុង​ប្រតិបត្តិការ​ទៅ​តាម​គម្រោង​ប្រចាំ​ឆ្នាំ ​២០២០​ យ៉ាង​សកម្ម​ ទោះបី​ជា​ការ​បំពេញ​ការងារ​នេះ ប្រឈម​ទៅ​នឹង​បញ្ហា​ជំងឺ​ឆ្លង​កូវីដ ​១៩ ​វាយ​លុក​ក៏​ដោយ​ ហើយ​ជាមួយ​នឹង​កម្មវិធី​ប្រចាំ​ឆ្នាំ​ចំនួន ​១១ ​លើក​ ដែល​មាន​វិសាលភាព​ទៅ​ដល់​ខេត្ត​ចំនួន ​១២​ និង​រាជធានី​ភ្នំពេញ​ច្រើន​ជាង​គេ​​នោះ​ NSOCC​ បាន​ប្រតិបត្តិការ​​ការងារ​ ដោយ​ចាប់​ផ្តើម​តាំង​ពី​ដើម​ខែ​មីនា​ នឹង​គ្រោង​បញ្ចប់​​នៅ​ខែ​វិច្ឆិកា​ ខាង​មុខ​។

លោក ​ឃ្លាំង ​ចន្ធូ ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ស៉្បេស្យាល់​អូឡាំពិក​កម្ពុជា​ បាន​ប្រាប់​ថា​៖ «​គម្រោង​ និង​កម្មវិធី​ប្រតិបត្តិការ​របស់​ NSOCC ក្នុង ​២០២០ ​នេះ​ បាន​ដំណើរការ ​និង​ធ្វើ​សកម្មភាព​ទៅ​តាម​ការ​កំណត់​ ទោះបី​ជា​បញ្ហា​កូវីដ ​១៩​ បាន​វាយ​លុក​ជា​លក្ខណៈ​សកល​ក៏​ដោយ​ ​ព្រោះ​យើង​ធ្វើ​សកម្មភាព​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ គឺ​មាន​អនាម័យ​ល្អ ​និង​រក្សា​គម្លាត​ពី​គ្នា​តាម​ការ​ណែនាំ»​។

លោក​​បន្ត​ថា នៅ​ក្នុង​គម្រោង​ប្រចាំ​ឆ្នាំ​ចំនួន ​១១​ ព្រឹត្តិការណ៍​នេះ​ គឺ​មាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ​៤ ​លើក ដោយ​​ផ្តោត​ទៅ​លើ​ការ​ប្រមូល​ផ្តុំ​អាណាព្យាបាល​ឱ្យ​ចេះ​គ្រប់គ្រង​ត្រួត​អត្តពលិក​, ពិនិត្យ​អំពី​សុខភាព ​និង​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្វឹក​ក្នុង​នោះ​យើង​បាន​អនុវត្ត​នូវ​គម្រោង​មួយ​ចំនួន ហើយ​និង​សល់ ​៦ ​​គម្រោង​ទៀត​ នៅ​ខែ​តុលា​ និង​ខែ​វិច្ឆិកា។​

លោក ឃ្លាំង ចន្ធូ ​បាន​បន្ថែម​​ថា​ យើង​សម្រេច​បាន ​៣ ​ខេត្ត មាន​បាត់ដំបង ព្រះវិហារ ខេត្ត​តាកែវ និង​រាជធានី ​១។ ចំណែក គម្រោង​នៅ​សល់​ចំនួន ​៦ ​ទៀត​ ​ដែល​ត្រូវ​សម្រេច​ឱ្យ​បាន ​គឺ​មាន​ដូច​ជា​ ​ថ្ងៃ ​២៧ ​ខែ​កញ្ញា នឹង​ធ្វើ​​នៅ​ខេត្ត ​២ ​រួម​គ្នា ​គឺ​ព្រៃវែង ​និង​ស្វាយ​រៀង​ បន្ទាប់​មក​​ថ្ងៃទី ​៤​ ខែ​តុលា​ គ្រោង​នឹង​ប្រារព្ធ​​កម្មវិធី​នៅ​ក្នុង​ខេត្ត​សៀមរាប ​និង​កំពង់ធំ​ ហើយ​នៅ​​ថ្ងៃទី ​១១ ធ្វើ​​នៅ​បន្ទាយមានជ័យ​ និង​បាត់ដំបង ​រួច​នៅ​​ថ្ងៃ​ទី ​១៨ ធ្វើ​​នៅ​ខេត្ត​ស្វាយរៀង​បន្ថែម​ទៀត​។ លុះ​ចូល​ដល់​​ថ្ងៃទី ​៨​ ខែ​វិច្ឆិកា នឹង​វិល​មក​ធ្វើ​​នៅ​រាជធានី​ភ្នំពេញ​ និង​ថ្ងៃទី ​១១ ខែ​វិច្ឆិកា ដដែល ធ្វើ​​នៅ​ខេត្ត​កណ្តាល​។​

គួរ​បញ្ជាក់​ថា គណៈកម្មាធិការ​ជាតិ​ស៉្បេស្យាល់​អូឡាំពិក​កម្ពុជា​ ជា​អង្គការ​កីឡា​ដែល​ផ្តោត​ទៅ​លើ​ជន​ទាំងឡាយ​ណា​ មាន​បញ្ញា​ខ្សោយ​មិន​ប្រក្រតី​ មាន​ស្មារតី​តិច​ ឬ​ពិការភាព​ មិន​ធ្ងន់ធ្ងរ គឺ​ស្ថាប័ន​នេះ​បាន​ប្រមូល​មក​បណ្តុះបណ្តាល​អប់រំ​តាមរយៈ​លេង​កីឡា​ ដើម្បី​បង្កើន​ស្មារតី ​ព្រម​ទាំង​ឱ្យ​ពួក​គាត់​ហ្វឹកហាត់​លេង​កីឡា​ជា​លក្ខណៈ​មហាជន ​ឱ្យ​មាន​ភាព​ប្រសើរ​ជាង​មុន​។

ចំពោះ​ការ​ធ្វើ​​សកម្មភាព​ ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​សប្បុរសជន ​និង​មាន​ក្រសួង​សង្គម​កិច្ច​អតីត​យុទ្ធជន ​និង​យុវនីតិ​សម្បទា ​ជា​អាណា​ព្យាបាល​នោះ គឺ NSOCC ពង្រីក​វិសាលភាព​បាន​ចំនួន​ ១១ ​កម្មវិធី​នៅ​​ទូទាំង​ប្រទេស​ក្នុង​​ព្រឹត្តការណ៍​ចំនួន ​៧​ ធ្វើ​នៅ​ខេត្ត ​និង ៤ ​ព្រឹត្តិការណ៍​ធ្វើ​នៅ​​រាជធានី​ភ្នំពេញ​​​។​

លោក​ សែម​ សុខា​ រដ្ឋ​លេខាធិការ​ក្រសួង​សង្គម​កិច្ច​អតីត​យុទ្ធជន ​និង​យុវនិតិសម្បទា​ ដែល​ជា​អនុប្រធាន SNOCC បាន​ថ្លែង​​ថា​៖ «​ក្នុង​ឆ្នាំ ​២០២០ ​នេះ​ គណៈកម្មាធិការ​ស៉្បេស្យាល់​អូឡាំពិក​កម្ពុជា ត្រូវ​ធ្វើ​សកម្មភាព​នៅ​ក្នុង​រាជធានី​ភ្នំពេញ ព្រម​ទាំង​​ខេត្ត​សៀមរាប ​កំពង់ធំ ​បាត់ដំបង​ ​បន្ទាយមានជ័យ​ ​ស្វាយរៀង​ តាកែវ​ កំពត​ កណ្តាល​ កំពង់ស្ពឺ​ កំពង់ចាម​ ​ព្រះវិហារ​ និង​ខេត្ត​ព្រៃវែង​ ហើយ​​ក្រៅ​ពី​នេះ​ យើង​បាន​សហការ​ជាមួយ​អង្គការ​សមាគម ​ដែល​គ្រប់គ្រង​ជន​ពិការ ​ឬ​ជន​បញ្ញា​ខ្សោយ​ ជាពិសេស​ជន​ពិការភាព ​ដើម្បី​ឱ្យ​ពួក​គាត់​ទទួល​បាន​ការ​អប់រំ​បណ្តុះបណ្តាល​ និង​ភាព​ឆ្លាត​វៃ»​៕​