ភ្នំពេញ៖ កីឡាករវ័យក្មេង សុខ លឹមហេង មកពីក្លិបសេះខៀវ ដែលជានិស្សិតសាកលវិទ្យាល័យវ៉ាន់ដា ធ្លាប់ឈ្នះតំណែងស្តេចអុក នៅអង្គរសង្រ្កាន្ដ ខេត្តសៀមរាប កាលពីឆ្នាំ ២០១៨ នោះ បានបង្ហាញភាពខ្លាំងជាថ្មីម្តងទៀត តាមរយៈការឈ្នះតំណែងជើងឯក ការប្រកួតពានរង្វាន់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ប្រចាំឆ្នាំ ២០១៩ កាលពីថ្ងៃចន្ទ។
សម្រាប់ការប្រកួតដែលមានរយៈពេល ២ ថ្ងៃ ធ្វើនៅភោជនីយដ្ឋានស្រីអូន ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញនោះ គឺមានបេក្ខជនលំដាប់ជើងខ្លាំងៗចំនួន ៤០ នាក់ បានចូលរួម មកពី ៩ ក្លិប ហើយនៅក្នុងវគ្គផ្តាច់ព្រ័ត្រ សុខ លឹមហេង បានយកឈ្នះកីឡាករជើងចាស់ ជាម្ចាស់ជើងឯកថ្នាក់ជាតិឆ្នាំ ២០១៩ រស់ រិទ្ធីយ៉ា នៅក្តារទី ២ ដើម្បីទទួលបានលេខ ១ និងប្រាក់រង្វាន់ ១,២ លានរៀល។
ចំណែកអ្នកលេខ ២ រស់ រិទ្ធីយ៉ា ក្លិបគ្រូបារាំងប៊ូលឌីង បាន ១ លានរៀល។ រីឯកីឡាករ ឆយ វីរ៉ា ជាអតីតជើងឯកពានរង្វាន់អុកសម្តេច ហ៊ុន សែន ឆ្នាំ ២០១០ បានយកឈ្នះ កីឡាករ គុជ ពិសិដ្ឋ ដើម្បីទទួលបានលេខ ៣ និងប្រាក់រង្វាន់ ៨០ ម៉ឺនរៀល ហើយ គុជ ពិសិដ្ឋ បានប្រាក់ ៦០ ម៉ឺនរៀលផងដែរ។
លោក គួច ចន្ថារិទ្ធ ហៅ ត្រេន ជាគណៈកម្មការរៀបចំប្រកួតបានប្រាប់ថា៖ «កីឡាករដែលឈ្នះបានចំណាត់ថ្នាក់លេខ ១ ដល់លេខ ៨ ក្នុងការប្រកួតនេះ នឹងបានទៅចូលរួមប្រកួតក្នុងពិធីបុណ្យសមុទ្រ លើកទី ៨ នាខែ ធ្នូ ឆ្នាំ ២០១៩នេះ នៅខេត្តកំពត ជាមួយកីឡាករជើងខ្លាំង ៨ រូប នៅខេត្តកំពត ដែលរង់ចាំជាស្រេច»។
លោក គ្រួច ចន្ថារិទ្ធ ដែលជាគ្រូធំប្រចាំសហព័ន្ធផងនោះ បានរៀបរាប់ថា ជើងខ្លាំងៗដែលចូលរួម នៅបុណ្យសមុទ្រខាងមុខនេះ រួមមាន កីឡាករជើងខ្លាំង សុខ លឹមហេង កីឡាករ ឈាវ បូរ៉ា អតីតស្ដេចអុកអង្គរសង្ក្រាន្ដ ២ ជំនាន់ គឺឆ្នាំ ២០១៤ និងឆ្នាំ ២០១៥ ឆយ វីរ៉ា, ប៊ិន គាសេង ស្ដេចអុកឆ្នាំ ២០១៧ កីឡាករ សុខ ភារ៉ា ជើងឯករង ឆ្នាំ ២០១០ កីឡាករ ម៉េង សេរីសម្បត្តិ ជើងឯករង ការប្រកួតនៅបុណ្យសមុទ្រ ឆ្នាំ ២០១៨ កីឡាករ សំ សុភី ធ្លាប់បានលេខ ១ នៅវិមានឈ្នះ! ឈ្នះ ឆ្នាំ ២០១៨ អតីតម្ចាស់ជើងឯកថ្នាក់ជាតិ ប៊ូ ប៉ុណ្ណាលីកា និងបណ្ដាជើងខ្លាំងជាច្រើនទៀត ត្រូវប៉ះប្រកួតគ្នានៅបុណ្យសមុទ្រ រយៈពេល ៣ ថ្ងៃ គឺពីថ្ងៃទី ២០ ដល់ ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៩។
ចំណែកលោក កាក់ ឡងឌី ជាអគ្គលេខាធិការសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានវាយតម្លៃថា៖ «កីឡាករទាំងអស់ បានលេងដោយយុត្តិធម៌ និងដោយមានស្មារតីប្រកួតល្អ ហើយគ្មានការរំខានពីភាគីទី៣ (Fighting Spirit)»។
លោក ភោក វិសាល គ្រូបង្វឹកប្រចាំសហព័ន្ធ និងជាសមាជិកគណៈកម្មាធិការកណ្ដាលរបស់សហព័ន្ធ បាននិយាយថា៖ «នេះជាលទ្ធផលដ៏ប្រសើរមួយ ដែលកីឡាករទាំងអស់មានឱកាសបានបញ្ចេញសមត្ថភាពពិត ហើយយើងបានរកឃើញអ្នកឈ្នះ មានសមត្ថភាពពិតជាខ្លាំង ដោយមិនគិតពីអាយុ ឬបទពិសោធ ក្នុងនោះកីឡាករវ័យក្មេងមួយចំនួនបានយកឈ្នះជើងចាស់ជាបន្តបន្ទាប់»៕