ភ្នំពេញ៖ កីឡាការិនីកម្ពុជា នៅ ស្រីពៅ បានចាកចេញពីប្រទេសកំណើតតាំងពីថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២០ ហើយពេលនេះ នាងកំពុងស្នាក់នៅក្នុងសណ្ឋាគារមួយ ដែលគ្រប់គ្រងការពារតាមច្បាប់កូវីដ ១៩ របស់សិង្ហបុរី និងហ្វឹកហាត់ត្រៀមយ៉ាងយកចិត្តទុកដាក់ ដើម្បីប្រកួតជាមួយ Ritu Phogat របស់ឥណ្ឌា ក្នុងកម្មវិធីរបស់ ONE Championship នៅយប់ថ្ងៃសុក្រនេះ។
ជុំវិញការចាកចេញទៅប្រកួតវាយដាក់ទ្រុងលើកនេះ នៅ ស្រីពៅ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីសិង្ហបុរីមកថា៖ «ជំនួបនេះ ខ្ញុំរំពឹងឈ្នះ ៥០ ភាគរយ»។ យ៉ាងណាមិញ ទាក់ទងទៅនឹងតម្លៃខ្លួនប្រកួតដែលខាង ONE មិនចង់ទម្លាយជាសាធារណៈនោះ ស្រីពៅ បានបង្ហើបថា៖ «ការប្រកួតលើកនេះ ខ្ញុំចុះកិច្ចសន្យាតម្លៃខ្លួន គឺចាញ់បាន ២ ០០០ ដុល្លារ តែបើឈ្នះបាន ៤ ០០០ ដុល្លារ»។
វាមិនមែនជាលើកទី១ នោះទេ ដែលអ្នកប្រដាល់សកលជម្រើសជាតិ និងជាអ្នកប្រដាល់គុនខ្មែរ នៅ ស្រីពៅ ធ្លាប់បានប្រកួតនៅ ONE ប៉ុន្តែការចេញទៅលើកនេះ អាចចាត់ទុកថា វាជាការបើកនូវទំព័រសករាជថ្មីមួយសម្រាប់អ្នកប្រដាល់កម្ពុជា ក្នុងការចេញទៅប្រកួតក្រៅប្រទេសក្នុងពេលមានវិបត្តិជំងឺកូវីដ ១៩ នេះ ខណៈការចេញទៅ ២ លើកកន្លងមក ស្រីពៅ បានឈ្នះពិន្ទុកីឡាការិនីថៃ Rika «Tiny Doll»Ishige តែចាញ់កីឡាការិនីឥណ្ឌូនេស៊ី Priscilla Hertati Lumban Gaol។
កីឡាការិនីមានអាយុជាង ២០ ឆ្នាំ កម្ពស់ ១,៥៥ ម៉ែត្រ នៅ ស្រីពៅ គឺជាកូនកសិករ ១ រូប ដែលបានប្តូរញើសឈាមនៅលើសង្វៀន រកប្រាក់ជួយផ្គត់ផ្គង់ដល់គ្រួសារបានល្អប្រសើរ។ ស្រីពៅ បញ្ជាក់ថា៖ «ការប្រកួតលើកនេះ ខ្ញុំសង្ឃឹមឈ្នះ ៥០ ភាគរយបានហើយ ព្រោះគេខ្លាំងដែរ ប៉ុន្តែខ្ញុំធានាប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីកិត្តិយស និងប្រាក់ចំណូល»។
ចំណែកដៃគូប្រកួតរបស់ នៅ ស្រីពៅ Ritu Phogat បានចុះកុងត្រាប្រកួតឱ្យ ONE Championship នៅខែកុម្ភៈ ឆ្នាំ ២០១៩ ជាមួយនឹងគោលបំណងធំ គឺចង់ក្លាយជា កីឡាការិនីឥណ្ឌាទី១ ដែលអាចឈ្នះខ្សែក្រវាត់គុនចម្រុះពិភពលោក ខណៈការប្រកួត ២ លើក នៅ ONE កន្លងមកនេះ Ritu បានផ្តួលកីឡាការិនីកូរ៉េខាងត្បូង Kim Nam Hee ឱ្យលោកអាជ្ញាកណ្តាលបញ្ឈប់ ក្នុងទឹកទី១ តាមរយៈកណ្តាប់ដៃនៅចិន និងលើកទី២ ឈ្នះពិន្ទុកីឡាការិនីតៃវ៉ាន់ Chiao Chen Wu នៅប្រទេសសិង្ហបុរី កាលពីខែកុម្ភៈ ឆ្នាំ ២០២០។
យ៉ាងណាមិញ នៅថ្ងៃទី ៣០ ខែតុលា នេះ Ritu និង នៅ ស្រីពៅ នឹងត្រូវប្រកួតនៅ ONE ជាលើកទី៣ ដូចគ្នា ហើយបើសិនជាកីឡាការិនីឥណ្ឌារូបនេះ អាចយកឈ្នះ នៅ ស្រីពៅ បាននោះ គឺមានន័យថា នាងនឹងឈ្នះទាំង ៣ ប្រកួតជាប់គ្នាៗ ដែលនឹងជួយឱ្យ Ritu អាចទទួលបានតម្លៃខ្លួនកាន់តែខ្ពស់ ហើយក៏ខិតជិតទៅដល់ការទទួលបានឱកាសប្រកួតដណ្តើមខ្សែក្រវាត់គុនចម្រុះពិភពលោក តាមគោលដៅធំបំផុតរបស់នាងផងដែរ ប៉ុន្តែគេនៅមិនទាន់ច្បាស់ថា នៅ ស្រីពៅ ឬ Ritu ជាអ្នកឈ្នះនោះទេ។
លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានប្រាប់ថា៖ «នៅ ស្រីពៅ ចេញទៅប្រកួតដោយបានសុំអនុញ្ញតត្រឹមត្រូវ ពីសហព័ន្ធព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា ដោយអមដំណើរដោយបងស្រីរបស់គាត់ រួមទាំងមន្ត្រីរបស់ ONE Championship។ ដៃគូរបស់ ស្រីពៅ មានសមត្ថភាព និងប្រវត្តិប្រកួតល្អ ហេតុនេះលទ្ធផលមិនហ៊ានទស្សន៍ទាយនោះឡើយ ប៉ុន្តែបើសិន ស្រីពៅ ឈ្នះវិញ គឺជាមោទនភាពសម្រាប់កីឡាការិនីកម្ពុជាយើង»៕