ភ្នំពេញៈ កីឡាការិនី​ស្នូកឃ័រ និង​ប៊ីយ៉ា​ដ៏​ឆ្នើម​នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ស្រួង ភាវី បាន​រក​នូវ​ជ័យជម្នះ​ដ៏​ធំ​មួយ​ទៀត​ឲ្យ​កម្ពុជា គឺ​ការ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ ក្នុងការ​ប្រកួត​កម្រិត​អាស៊ី​នៃ​ព្រឹត្តិការណ៍ The 1st Asian Championship Ladies 3-Cushion 2018 នៅ​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង។

ការដណ្ដើម​បាន​តំណែង​ជើងឯក​នេះ​ត្រូវបាន ស្រួ​ង ភា​វី ចាត់-ទុក​ថា ជា​ជយ​លាភី​ថ្មី​មួយ​ទៀត​នៅ​ចុង​ឆ្នាំ ២០១៨ គឺ​បន្ថែម​ទៅ​លើ​ការ​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ ក្នុង​ការ​ប្រកួត​ជើង​ឯក​ពិភពលោក​នៅ​តួកគី កន្លង​មក​នេះ មុន​ពេល​អ្ន​កស្រី ត្រូវ​វិល​មក​កាន់​មាតុ​ប្រទេស​វិញ ដើម្បី​រៀបចំ​បង្កើត​ក្លិប​ស្នូកឃ័រ​សម្រាប់​បណ្តុះ​បណ្តាល​ក្មេងៗ នៅ​កម្ពុជា​មួយ​ចំនួន តាម​គម្រោង​ដែល​បាន​ត្រៀម​យូរ​មក​ហើយ។

ស្រួ​ង ភា​វី បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​អង្គា​រថា៖ «នេះ​ជា​លើក​ដំបូង​ហើយ ដែល​សហព័ន្ធ​កីឡា​ស្នូក​ឃ័រ និង​ប៊ីយ៉ា​អាស៊ី មាន​ទីស្នាក់ការ​នៅ​កូរ៉េខាងត្បូង បាន​រៀបចំ​ការ​ប្រកួត​ជើង​ឯក​អាស៊ី​ផ្នែក​នារី​នេះ​ឡើង ដោយ​មាន​ជើង​ខ្លាំង​ចំនួន ១៦ នាក់​ចូលរួម ក្នុង​នោះ​មាន​មក​ពី​ជប៉ុន ៦ នាក់ កូរ៉េ ៩ នាក់ និង​កម្ពុជា ១ នាក់ គឺ​ខ្ញុំ​នេះ​ឯង ហើយ​ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ ១ តែ​ម្តង»។

ឆ្លងកាត់​ការប្រកួត​ចំនួន ៦ លើក ស្រួ​ង ភា​វី បានឈ្នះ​ទាំង​អស់ ហើយ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ អ្នក​ស្រី បាន​យក​ឈ្នះ​កីឡាការិនី​របស់​ម្ចាស់​ផ្ទះ​កូរ៉េ ក្នុង​លទ្ធផល ៣០-២២ ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១។ ជាមួយ​គ្នា​នេះ ភាវី បាន​អះអាង​ថា នៅ​កូរ៉េខាងត្បូង មាន​ក្រុមហ៊ុន​ជាច្រើន​គាំទ្រ​ចំពោះ​សមត្ថភាព​លេង​ស្នូកឃ័រ​របស់​ខ្លួន ហើយ​មាន​ក្រុមហ៊ុន និង​សប្បុរស​ជន​មួយ​ចំនួន បាន​សន្យា​សហការ​ជួយ​អ្នក​ស្រី​ក្នុង​ការ​បង្កើត​ក្លិប ដើម្បី​បណ្តុះ​បណ្តាល​កូន​ខ្មែរ ដែល​ក្រីក្រ និង​គ្មាន​លទ្ធភាព​លេង​កីឡា​ស្នូកឃ័រ និង​ប៊ីយ៉ា។

កីឡាការិនី មាន​ដើមកំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ ស្រួ​ង ភា​វី បាន​បាន​បន្ថែមថា៖ «ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដែល​បាន​ប្រកួត​ឈ្នះ​ក្នុង​នាម​ជា​កីឡា​ការិនី​តំណាង​ឲ្យ​កម្ពុជា អ៊ីចឹង​ជ័យ​ជម្នះ​នេះ គឺ​ដើម្បី​ខ្លួន​ឯង គ្រួសារ និង​ប្រទេស​ជាតិ​យើង»។

ក្រោយ​ទទួលបាន​ជោគជ័យ ចុងឆ្នាំ​នេះ ស្រួ​ង ភា​វី ចង់​សម្រេច​បំណង​របស់ខ្លួន​មួយ​ទៀត គឺ​ការ​វិល​មក​កម្ពុជា នា​ខែ​ធ្នូ ខាង​មុខ​នេះ ដើម្បី​សហការ​ជាមួយ​សប្បុរស​ជន​នៅ​កូរ៉េ បង្កើត​ក្លិប​ស្នូកឃ័រ និង​ប៊ីយ៉ា ជួយ​បណ្តុះ​បណ្តាល​ឲ្យ​ក្មេងៗ នៅ​កម្ពុជា​បាន​ហ្វឹកហាត់។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិ​ការ NOCC និង​ជានា​យក​បេសកកម្ម​កីឡា​ស៊ី​ហ្គេម បាន​ប្រាប់​ថា៖ «ការ​ប្រកួត​ស៊ីហ្គេម លើក​ទី ៣០ នៅ​ហ្វីលីពីន ឆ្នាំ ២០១៩ គឺ​កីឡា​ស្នូកឃ័រ យើង​សង្ឃឹម​លើ​កីឡាការិនី ស្រួង ភាវី ថា​នឹង​ឈាន​ទៅ​រក​មេដាយ​មាស​ជូន​ជាតិ»។

លោក​បន្ថែមថា៖ «កីឡាស្នូកឃ័រ និង​ប៊ីយ៉ា​នេះ កម្ពុជា​យើង​កំពុង​តែមាន​សក្តានុពល ខ្លាំង​ផ្នែក​នារី។ ហេតុ​នេះ​យើង​កំពុង​តែ​សហការ​ជាមួយ​សហព័ន្ធ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ប្រចាំ​ឆ្នាំ ដើម្បី​រក​កីឡាករ​លំដាប់​ខ្លាំង​ផ្នែក​បុរស ត្រៀម​ការ​ប្រកួត​អន្តរជាតិ ផង​ដែរ»៕