ឡុងដ៍៖ ក្រុមការពារជើងឯកក្របខ័ណ្ឌ Premier League អង់គ្លេស Liverpool កាលពីថ្ងៃអាទិត្យ ទទួលនូវដំណឹងអាក្រក់ ពេលក្លិបអះអាងថា ខ្សែការពារដ៏សំខាន់ Virgil van Dijk រងរបួសក្បាលជង្គង់ធ្ងន់ធ្ងរ ខណៈមានសេចក្ដីរាយការណ៍ថា អាចនឹងអវត្តមានរហូតដល់បញ្ចប់រដូវកាល។
កីឡាករ Van Dijk ដែលនឹងត្រូវធ្វើការវះកាត់បានធ្វើដំណើរខ្ចកៗ ដើរខ្ញើចៗ ក្រោយមានការឈូសស្កាត់យ៉ាងអាក្រក់ពីអ្នកចាំទី Jordan Pickford របស់ក្រុម Everton ក្នុងជំនួបក្រុមនៅក្រុងតែមួយ ដែលស្មើ ២-២ កាលពីថ្ងៃសៅរ៍ នៅឯកីឡដ្ឋាន Goodison Park។
Liverpool បានប្រកាសថា៖ «ខ្សែការពារកណ្ដាលរបស់យើង រងរបួសជង្គង់ធ្ងន់ធ្ងរ ក្រោយមានការប៉ះទង្គិចជាមួយនឹងអ្នកចាំទី Jordan Pickford របស់ Everton ក្រោយការប្រកួតប្រព្រឹត្តទៅបាន ៦ នាទី នៅឯកីឡដ្ឋាន Goodison Park»។
សេចក្ដីប្រកាសនោះ បន្តថា៖ «Van Dijk ចាំបាច់ត្រូវប្ដូរចេញ ហើយការពិនិត្យបន្ថែមចំពោះរបួស បង្ហាញឱ្យឃើញថា ចាំបាច់ត្រូវវះកាត់។ ពេលនេះ គ្មានពេលវេលាជាក់លាក់ត្រូវបានដឹងឡើយចំពោះការវិលត្រឡប់មកវិញរបស់គេ»។
វានឹងប្រើពេលយ៉ាងហោចណាស់ក៏រាប់ខែដែរ មុនពេលមានវត្តមានខ្សែការពារដ៏រឹងមាំរូបនេះ ហើយនេះនឹងធ្វើឱ្យលោក Jurgen Klopp ជួបនូវបញ្ហាយ៉ាងធ្ងន់ធ្ងរ ដែលត្រូវដោះស្រាយ ដើម្បីធ្វើយ៉ាងណារក្សាក្រុមឱ្យនៅមានទម្រង់លេងល្អរដូវកាលនេះ។
ប្រធានក្រុមជម្រើសជាតិហូឡង់វ័យ ២៩ ឆ្នាំ ក៏ប្រឈមផងដែរ ក្នុងការខកខានចូលរួមលេងក្នុងព្រឹត្តិការណ៍ Euro 2020 ដែលនឹងរៀបចំឡើងនៅខែមិថុនា ឆ្នាំក្រោយនេះដែរ។
Van Dijk សរសេរសារផូស្តតាមបណ្ដាញសង្គមថា៖ «ពេលនេះ ខ្ញុំផ្ដោតតែលើការជាពីរបួសរបស់ខ្ញុំ ហើយខ្ញុំនឹងធ្វើគ្រប់យ៉ាង ដែលខ្ញុំអាចធ្វើបាន ដើម្បីត្រឡប់មកវិញឱ្យបានឆាប់បំផុតតាមដែលអាច»។
សាររបស់ Van Dijk បានបន្តទៀតថា៖ «ទោះជាមានការខកចិត្តខ្លាំង ក៏ខ្ញុំនៅតែមានជំនឿមុតមាំថា អំឡុងពេលមានវិបត្តិ តែងតែមានឱកាសជានិច្ច។ ខ្ញុំនឹងធ្វើឱ្យប្រាកដថា ខ្ញុំត្រឡប់មកវិញជាមួយនឹងភាពកាន់តែប្រសើរជាងមុន រឹងមាំជាងមុន និងខ្លាំងជាងមុន»៕ AFP/VN