ភ្នំពេញ: សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​បាន​បង្ហាញ​ពី​ការកើនឡើង​ទាំង​ទៅ​លើ​បរិមាណ​អត្តពលិក និង​បច្ចេកទេស ពិសេស​ប្អូន​តូចៗ បើ​ទោះ​ជា​សហព័ន្ធ​ ១ ​នេះ​នៅ​មិន​ទាន់​មាន​សកម្មភាព​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស និង​មិនទាន់​មាន​ប្រភព​ចំណូល​ច្បាស់លាស់​ក៏ដោយ​។

លោក គង់ ចាន់ធីណា អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​នៅ​ចុង​ឆ្នាំ​ ២០១៨ និង​ដើម​ឆ្នាំ​ ២០១៩ ​នេះ​គឺ​ក្រោយ​ពី​យើង​មាន​ទីតាំង​ហ្វឹកហាត់​សមរម្យ​ក្រោម​ការឧបត្ថម្ភ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង មក យើង​ឃើញ​ថា​សម្ទុះ​នៃ​ការចូលរួម​គឺ​មាន​ការកើនឡើង​ជា​លំដាប់​ពី​ ១ ​ខែ​ទៅ​ ១ ​ខែ ពិសេស​ប្អូន​តូចៗ​គឺ​ខុស​កាលពី​យើង​មិន​ទាន់​មាន​ទីតាំង​ហ្វឹកហាត់​ច្បាស់លាស់​»​។

លោក​បាន​បន្ថែម​ថា​៖ «​កាល​យើង​ហ្វឹកហាត់​នៅ​លើ​ថ្ម​នៅ​កណ្តាលវាល គ្មាន​ដំបូល​នោះ​គឺ​យើង​មាន​ការពិបាក​ច្រើន​ដែល​ធ្វើឲ្យ​មាន​ការប៉ះពាល់​ដល់​ការហ្វឹកហាត់​របស់​អត្តពលិក​យើង ពិសេស​ប្អូន​តូចៗ ព្រោះ​ឪពុកម្តាយ​របស់​គេ​មិន​ឲ្យ​ពួកគេ​មក​ហ្វឹកហាត់​ទេ ដោយសារ​ខ្លាច​មាន​គ្រោះថ្នាក់ ប៉ុន្តែ​ពេល​នេះ​ប្អូន​តូចៗ និង​អត្តពលិក​ផ្សេងៗ​ទៀត​បាន​ចូល​មក​ហ្វឹកហាត់​ច្រើន​គឺ​មាន​ការកើនឡើង​ពី​ ៣០ ​ទៅ​ ៤០ ​ភាគរយ ឬ​ពី​ជិត​ ១០០ ​នាក់​ទៅ​ជិត​ ២០០ នាក់​នាពេល​បច្ចុប្បន្ន​»​។

ការបង្ហាញ​ទៅលើ​ការកើនឡើង​នៃ​ចំនួន​អត្តពលិក​ចូលរួម​នេះ​គឺ​លោក ចាន់ធីណា បាន​ប្រាប់ បន្ទាប់ពី​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​បាន​ធ្វើ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​ ២០១៨ និង​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​ ២០១៩ នៅ​មជ្ឈមណ្ឌល​កីឡា​ក្រសួង​មហាផ្ទៃ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃ​សៅរ៍ ហើយ​សន្និបាត​នោះ​ក៏​មាន​ការចូលរួម​ពី​លោក ម៉ក់ សំអុល ជា​ប្រធាន​សហព័ន្ធ និង​គណៈកម្មាធិការ​ប្រតិបត្តិ​មួយ​ចំនួន​ទៀត​។

នៅក្នុង​សន្និបាត​នោះ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ក៏​បាន​បង្ហាញ​ពី​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​ ២០១៨ ​ផង​ដែរ​ដោយ​ក្នុង​នោះ​សហព័ន្ធ​រក​ចំណូល​ទ្រទ្រង់​បាន​ត្រឹម​ ១១៧៨០០០០ ​រៀល​ហើយ​បាន​ចំណាយ​ទៅលើ​សកម្មភាព​ការងារ​ផ្សេងៗ​អស់​សរុប​ ៩៣០០០០០ ​រៀល និង​នៅ​សល់​ថវិកា​ ២៤៨០០០០ ​រៀល សម្រាប់​ទុក​ប្រើប្រាស់​ជា​បន្តទៀត​ជាមួយ​ថវិកា​ដែល​នៅ​សល់​ចំនួន​ ១២០០០០០ ​រៀល​កាលពី​ឆ្នាំ​ ២០១៧​។

ជាមួយ​គ្នា​នេះ​អង្គសន្និបាត​ក៏​បាន​បង្ហាញ​ពី​ចំណុច​ខ្វះខាត​ផង​ដែរ ខណៈ​សហព័ន្ធ​នេះ​គ្មាន​ប្រភព​កញ្ចប់​ថវិកា​ទ្រទ្រង់​ក្នុង​ការអភិវឌ្ឍ​ពី​ស្ថាប័នរដ្ឋ ឬ​ក្រសួង​អប់រំ យុវជន និង​កីឡា​នោះ ហើយ​បញ្ហា​នេះ​ធ្វើឲ្យ​ក្រុម​ហាប់គីដូ​កម្ពុជា​នៅតែ​មិន​ទាន់​មាន​លទ្ធភាព​បាន​ចេញទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយ​វគ្គ​សិក្ខាសាលា និង​អាជ្ញាកណ្តាល​ក៏​មិនទាន់​ធ្វើបាន​ទូលំទូលាយ និង​ពុំទាន់​មាន​ទីតាំង​សហព័ន្ធ​ជា​អចិន្ត្រៃយ៍​។

យ៉ាងណា​ក៏ដោយ​លោក គង់ ចាន់ធីណា បាន​អះអាង​ថា​បច្ចេកទេស​របស់​ក្រុម​ហាប់គីដូ​ពេល​នេះ​មាន​ការរីកចម្រើន​។ លោក​បញ្ជាក់​ថា​៖ «​កាល​យើង​មិនទាន់​មាន​ទីតាំង​ហ្វឹកហាត់​សមរម្យ ធ្វើឲ្យ​យើង​មាន​ភាព​ធាក់​ថយ និង​ធ្លាក់ចុះ​ទៅ​លើ​បច្ចេកទេស​បោក​ខ្លួន និង​លោត ប៉ុន្តែ​ក្រោយពី​យើង​មាន​ទីតាំង​ហ្វឹកហាត់​ត្រឹមត្រូវ​តាម​ស្តង់ដា​បច្ចេកទេស ក្បាច់គុន​មក យើង​ឃើញ​មាន​ការរីកចម្រើន​ច្រើន​គឺ​សូម្បីតែ​ប្អូន​តូចៗ​ក៏​អាច​ហក់លោត​បាន​ទៅ​តាម​បច្ចេកទេស​របស់​ក្បាច់គុន​ហាប់គីដូ​ដែរ​»៕