ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហាប់គីដូ កាលពីល្ងាចថ្ងៃអាទិត្យបានរៀបចំពិធីប្រគល់លិខិតបញ្ជាក់ជូនដល់សិស្ស កីឡាហាប់គីដូចំនួន ១០ នាក់ ដែលជាសមត្ថកិច្ចនៅកងអន្តរាគមន៍ទី១ ប្រឆាំងភេរវកម្មនៃកងអង្គរក្ស ហើយពិធីនេះ បានប្រារពនៅទីលានហ្វឹកហាត់របស់សហព័ន្ធខ្មែរកីឡាហាប់គីដូ លើដំបូលអគារសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិ ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ម៉ក់ សំអុល ជាប្រធាន លោក គង់ ចាន់ធីណា អគ្គលេខាធិការ, សមាជិកប្រតិបត្តិ និងគ្រូបង្វឹក ព្រមទាំងតំណាងមកពីក្លិប និងអត្តពលិកហាប់គីដូ ជាច្រើននាក់ទៀត។
លោក គង់ ចាន់ធីណា បានប្រាប់ថា៖ «សិស្សដែលបានទទួលលិខិតបញ្ជាក់នេះ គឺជាសមត្ថកិច្ចទាំង ១០ នាក់ នៅក្នុងកងអន្តរាគមន៍ទី១ ប្រឆាំងភេរវកម្ម ដែលបានឆ្លងកាត់ការហ្វឹកហាត់ជាប្រចាំជាមួយខ្ញុំផ្ទាល់ជាគ្រូបង្វឹករយៈពេល ៣ ខែមកហើយ ហើយក្នុងការហ្វឹកហាត់នេះ ខ្ញុំបានផ្តល់ជូននូវក្បាច់ចាប់ក្បាច់ក្លេ និងក្បាច់បោកដៃគូ ដែលក្បាច់ទាំងនេះ គឺសម្រួចសម្រាប់តែខាងសមត្ថកិច្ចតែម្តង ដោយគ្មានលំដាប់លំដោយ ដូចការហ្វឹកហាត់សម្រាប់ប្រឡង ឬខាងសុខភាពការពារខ្លួននោះទេ»។
ចំពោះសមត្ថកិច្ចទាំង ១០ នាក់ ដែលទទួលបានលិខិតបញ្ជាក់ពីការហាត់ហាប់គីដូ អស់រយៈពេល ៣ ខែនោះ មានលោក ភួង បញ្ញា លោក យ៉ាង វសិទ្ធិពង្ស លោក ភា សុធា លោកស៊ាង ពិសេត លោក គឹង ភក្ដី លោក តុល បញ្ញា លោក គឹម វេវ លោក កុសល ម៉ាឡែន លោក ម៉ន បូរេត និងលោក ភឿន ដារ៉ាបុត្រ។
លោក ចាន់ធីណា បានបញ្ជាក់ថា៖ «បើគិតពីកម្រិតខ្សែក្រវាត់ គឺលំបាកវាយតម្លៃ ព្រោះពួកគាត់ហាត់ក្បាច់គុនសុទ្ធ សម្រាប់ការងារប្រតិបត្តិការរបស់សមត្ថកិច្ច ដោយមិនរៀនពីទ្រឹស្តី ឬច្ចេកទេសសម្រួលខាងសុខភាពនោះទេ»។
ចំណែកលោក ម៉ក់ សំអុល ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ បានថ្លែងថា៖ «ការហ្វឹកហាត់នេះ ជាផែនការមេរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ ក្នុងការពង្រីកផលប្រយោជន៍ក្បាច់គុនកីឡាហាប់គីដូ ដល់កងកម្លាំងសមត្ថកិច្ចជាជំហានៗ ទៅតាមលទ្ធភាពឲ្យដល់តាមបណ្តាក្លិប ឬខេត្ត ឬទូទាំងប្រទេស ក៏ដូចជាតាមអង្គភាពអង្គរក្ស ព្រោះក្បាច់គុនហាប់គីដូនេះ ល្អក្នុងការប្រើប្រាស់ ដូចជាកងកម្លាំងសមត្ថកិច្ចនេះឯង ដោយសារមានក្បាច់ចាប់ ក្បាច់ក្លេ និងក្បាច់បោកល្អជាងគេ និងសំបូរបែបផងដែរ»។
លោក ម៉ក់ សំអុល បានបន្ថែមថា៖ «អនាគត យើងចង់ឲ្យក្បាច់ហាប់គីដូ បានចូលដល់កងទ័ព និងកងនគរបាលជាតិ ឬសមត្ថកិច្ច ដើម្បីប្រើប្រាស់តាមសេចក្តីត្រូវការ ហើយសហព័ន្ធនឹងមានក្លិបកីឡាហាប់គីដូជាច្រើនទៀត ស្ថិតតាមសាលាឯកជន និងសាលាភាសាអន្តរជាតិនានា ជាច្រើន នៅរាជធានីភ្នំពេញ ដែលហ្វឹកហាត់សម្រាប់សុខភាព និងក្បាច់ការពារខ្លួន ដូច្នេះរូបខ្ញុំ និងសមាជិកប្រតិបត្តិបាននិងកំពុងពិភាក្សាគ្នា ប្រជុំរាល់ខែជាប្រចាំ ដើម្បីពង្រឹងពង្រីកកីឡាហាប់គីដូនេះ»។
គួរបញ្ជាក់ថា ប្រភេទកីឡាហាប់គីដូនេះ នៅស្រុកខ្មែរមាននៅសល់ព្រឹទ្ធាចារ្យជើងចាស់ដែលមានខ្សែក្រវាត់ខ្ពស់ គឺ លោក សាន គឹមស៊ាន មានខ្សែក្រវាត់ខ្មៅ ១០ ដាន់ លោក ហុក ឈាងគីម ៧ ដាន់ និងលោកគ្រូ សេង ប៊ុនសុង ១០ ដាន់ នៅសហរដ្ឋអាមេរិក ហើយជិត ២០ ឆ្នាំកន្លងមក ហាប់គីដូ បានប្តូរប្រធាន ពីលោក សាន គឹមស៊ាន មកលោក សេង ប៊ុនសុង ហើយបច្ចុប្បន្នមានលោក ម៉ក់ សំអុល កំពុងធ្វើជាប្រធាន និងមានលោក គង់ ចាន់ធីណា ជាអគ្គលេខាធិការជារៀងរហូតមក ដែលទ្រទ្រង់សហព័ន្ធឲ្យដំណើរការបានរលូន៕