ភ្នំពេញៈ អ្នក​លេងអុក​អន្តរជាតិ និង​អុក​ចិន ហេង ចំណាន ដែលជា​បេក្ខជន​ឆ្នើម​របស់​កម្ពុជា បាន​ចូល​ទៅ​សុំ​ទិដ្ឋាការ​នៅ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា កាល​ពី​ព្រឹក​ម្សិល​មិញ ដើម្បី​ទៅ​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​អុក​ចិន​កម្រិត​ពិភពលោក នៅ​ក្រុង​ឆឹង​តួ ខេត្ត​ស៊ីឈុន​ប្រទេស​ចិន នា​ខែ​កញ្ញា ឆ្នាំ ២០១៨ ខាងមុខ​នេះ។

លោក ហេង ចំណាន បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ កាលពី​ព្រឹក​ម្សិលមិញ​ថា៖ «សហព័ន្ធ​កីឡា​អុក​អន្តរជាតិ​កម្ពុជា បាន​ឲ្យ​ខ្ញុំ​ចេញ​ទៅ​ប្រកួត តាម​ការ​អញ្ជើញ​របស់​ចិន ក្នុង​កម្មវិធី​ពី​ថ្ងៃ ៨ ដល់​ថ្ងៃ​ទី ១២ ខែ​កញ្ញា ឆ្នាំ ២០១៨ ហើយ​លោក​ឧកញ៉ា លី ហួត ជា​ប្រធាន​សហព័ន្ធ ឲ្យ​ខ្ញុំ បាន​ត្រៀម​ខ្លួន​ហ្វឹក​ហាត់​បន្ថែម ដើម្បី​ទៅ​ចូលរួម​ប្រកួត​នេះ ដែល​មាន​ជើង​ខ្លាំង មក​ពី​ប្រទេស​នានា​គ្រប់​ទ្វីប នៅ​លើ​ពិភពលោក ចូលរួម»។

គួររំឭកថា ហេង ចំណាន ធ្លាប់បាន​ចូលរួម​ការប្រកួត​កីឡា​អុក​ចិន​ជើងឯក​ពិភពលោក​នេះ ម្តង​ហើយ កាល​ពី​ឆ្នាំ ២០១៧ ហើយ​នៅ​ការ​ប្រកួត​លើ​វិញ្ញាសា​ឯកត្តជន និង​វិញ្ញាសា​ចាប់​គូ​ប្រកួត​ជា​ក្រុម​ជាមួយ​ប្រទេស​ដទៃ គឺ ២ ទល់​នឹង ២ នោះ ចំណាន បាន​លេខ ៤ ក្នុង​ចំណោម​អត្តពលិក​មក​ពី​ជាង ២០ ប្រទេស ក្នុង​នោះ​រូបគេ​បាន​ឈ្នះ​កីឡាករ​អាល្លឺម៉ង់ ឈ្នះ​ម៉ាឡេស៊ី ឈ្នះ​ថៃ ប៉ុន្តែ​ចាញ់​កីឡាករ​ជប៉ុន។

ចំណែក​ការត្រៀម​ទៅ​ប្រកួត​លើក​នេះ ហេង ចំណាន បានស្នើ​សុំ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា មេត្តា​ជួយ​ចេញ​លិខិត​ឧទ្ទេស​នាម​ដល់​រូបគេ ដើម្បី​អាច​ទទួល​បាន​រង្វាន់​ពី​អន្តរ​ក្រសួង ពេល​រូបគេ​ឈ្នះ​បាន​មេដាយ​ពី​ព្រឹត្តិការណ៍​នេះ ព្រោះ​ការ​ចេញ​ទៅ​ប្រកួត​មុនៗ តំណាង​ឲ្យ​ជាតិ​ទាំង​មូល ចំណាន ទទួល​បាន​លទ្ធផល​ល្អ ប៉ុន្តែ​ការ​ចំណាយ​គ្រប់​យ៉ាង ជា​ថវិកា​ផ្ទាល់​ខ្លួន​របស់​លោក លី ហួត ម្នាក់​គត់។

លោក​ឧកញ៉ា លី ហួត ប្រធាន​សហព័ន្ធ​កីឡា​អុក​អន្តរជាតិ​កម្ពុជា បាន​ថ្លែងថា​កីឡា​អុក​នៅលើ​ពិភពលោក គេ​បែង​ចែក​ជា ៣ ប្រភេទ គឺ​អុកចត្រង្គ អុក​ចិន និង​អុក​អន្តរជាតិ​ហើយ​សហព័ន្ធ​យើង គ្រប់គ្រង​តែ​កីឡា​អុក​អន្តរជាតិ និង​អុកចិន​ទេ ដោយ​យើង​ជា​សមាជិក​ពេញ​សិទ្ធិ​ច្រើន​ឆ្នាំ​មក​ហើយ។ ចំណែក​កីឡា​អុកចត្រង្គ មាន​សហព័ន្ធ​ដាច់​ដោយ​ឡែក​មួយ​ទៀត។

លោក លី ហួត បាន​ឲ្យ​ដឹងថា កម្ពុជា​យើង ធ្លាប់ធ្វើ​ម្ចាស់ផ្ទះ​កម្រិត​អាស៊ាន កាល​ឆ្នាំ ២០១៧ ដោយ​កាល​នោះ​កីឡាករ ហេង ចំណាន ដណ្តើម​បាន​លេខ ១ ហើយ​ការ​ប្រកួត​នៅ​ថៃ កាល​ពី​​ខែ​មេសា ឆ្នាំ ២០១៨ ហេង ចំណាន បាន​លេខ ៣ ផង​ដែរ។

លោក​បាន​បន្តថា៖ «ខ្ញុំ​រំពឹង​ខ្ពស់​ចំពោះ​សមត្ថភាព​កីឡាករ ហេង ចំណាន របស់​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អុក​ចិន​កម្រិត​ពិភពលោក នា​ខែ​កញ្ញា ខាង​មុខ​នេះ ព្រោះ ហេង ចំណាន ជា​បេក្ខជន​ឆ្នើម​ម្នាក់ ដែល​ប្រទេស​មួយ​ចំនួន​ក្នុង​អាស៊ី​ចាត់​ទុក​ថា ជា​ជើង​ខ្លាំង ១ រូប»។

បើតាម​ព័ត៌មាន​ដែល ហេង ចំណាន ទទួលបាន​ពី​ម្ចាស់ផ្ទះ គឺ​គិត​មកដល់ពេលនេះ​មាន​ប្រទេស​មួយ​ចំនួន​បាន​ចុះ​ឈ្មោះ​ចូលរួម​រួច​ហើយ ក្នុង​នោះ​មាន ចិន វៀតណាម ម៉ាឡេស៊ី ហូឡង់ អាល្លឺម៉ង់ កម្ពុជា ម៉ាកាវ មីយ៉ាន់ម៉ា ហ្វាំងឡង់ អាមេរិក ឥណ្ឌូនេស៊ី អូស្ត្រាលី បារាំង រុស្ស៊ី និង​ហ្វីលីពីន ជាដើម។

ហេង ចំណាន បាន​បន្ថែម​ថា៖ «ខ្ញុំ​បាន​ដាក់​គោល​ដៅ​ថា នឹង​យក​ឈ្នះ​ក្នុង​រង្វង់​ពី​លេខ ១ ដល់​លេខ ៣ ប៉ុណ្ណោះ ប៉ុន្តែ​សមត្ថភាព​របស់​យើង វា​ហេង​ស៊យ​មួយ​ទៀត គឺ​ចាប់​ឆ្នោត​ជួប​ដៃគូ»។

គួរ​បញ្ជាក់ថា ហេង ចំណាន កើត​ក្នុង​ឆ្នាំ ១៩៨៧ នៅ​រាជធានី​ភ្នំពេញ បច្ចុប្បន្ន ជា​មន្ត្រីរាជការ​នៅ​អាជ្ញាធរ​ទន្លេ​សាប ផ្នែក​ស្រាវជ្រាវ ជំនាញ​ភាសា​ចិន និង​អង់គ្លេស។

ចំណាន ចេះ​លេង​អុក​នៅ​ឆ្នាំ ២០០២ ហើយ​នៅ​ឆ្នាំ ២០០៨ មាន​ភាព​ល្បី​ល្បាញ​ត្រូវ​បាន​លោក លី ហួត ហៅ​មក​ចូល​ជា​កីឡាករ​ជម្រើស​ជាតិ និង​បាន​អញ្ជើញ​គ្រូ​ជំនាញ​កីឡា​អុក​ពី​ចិន និង​រុស្សី​មក​បង្វឹក ហើយ​បាន​ចេញ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​សហព័ន្ធ​លក្ខណៈ​ឯកជន​ប៉ុណ្ណោះ ដោយ​ទទួល​បាន​លទ្ធផល​ល្អ​គួរ​ឲ្យ​កត់​សម្គាល់៕