
កីឡាករថៃ PekThieng (ឆ្វេង) ក្នុងពេលប្រកួតជាមួយនឹងកីឡាករចាន់ វ៉ារិទ្ធ កាលពីថ្ងៃព្រឹកថ្ងៃអាទិត្យនេះ។ យឺន ពន្លក
ភ្នំពេញ: កីឡាករហេង វាសនា មកពីព្រៃទទឹងខេត្តបាត់ដំបង ត្រូវបានគណៈកម្មការប្រកួតប្រកាសឲ្យស្មើកីឡាករមកពីអ៊ីរ៉ង់ Mikaeil Ebrahim ក្នុងការប្រកួតប្រដាល់គុនខ្មែរលក្ខណៈមិត្តភាពអន្តរជាតិកាលពីព្រឹកថ្ងៃអាទិត្យនេះ នៅសង្វៀនអាស៊ីអាគ្នេយ៍ ខណៈដែលការប្រកួតមើលទៅទំនងជាវាយមិនអស់ពីសមត្ថភាព ហើយហេង វាសនា ហាក់បានបន្ធូរដៃឲ្យ។
ចំណែកកីឡាករពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្ស បានប្រកួតឈ្នះកីឡាករថៃ Phich Nam Ek ទាំងលំបាកក្នុងការតស៊ូគ្នាស្វិតស្វាញចំនួន៥ទឹកពេញ។
បន្ថែមពីលើនេះទៀត កីឡាករជើងថ្មីវ័យក្មេងកម្ពុជាចាន់ វ៉ារិទ្ធ មកពីក្លិបនិរោធមានជ័យ បានឡើងប្រកួតជំនួសកីឡាករធន់ ចាន់តាក់ ត្រូវបានកីឡាករជើងខ្លាំងរបស់ថៃ Pek Thieng វាយយ៉ាគ្រាំគ្រាខ្លួន មុននឹងទទួលលទ្ធផលបរាជ័យ។
ក្នុងការប្រកួតចំនួន៥ទឹកពេញ កីឡាករហេង វាសនា ហាក់បីដូចវាយមិនអស់ពីសមត្ថភាពដោយមានស្នៀតជង្គង់ល្អ ប៉ុន្តែមិនវាយសម្រុកខ្លាំងនោះឡើយ។
ចំណែកកីឡាករមកពីអ៊ីរ៉ង់ Mikaeil Ebrahim មានកណ្តាប់ដៃល្អ ចូលវាយសម្រុកខ្លាំង ប៉ុន្តែ មិនអាចដណ្តើមបានពិន្ទុនាំមុខកីឡាករហេង វាសនា។
ទោះបីយ៉ាងណា ចប់ការប្រកួត កីឡាករហេង វាសនា របស់កម្ពុជាទំនងមានប្រៀបពិន្ទុនាំមុខជាងតិចតួច ប៉ុន្តែគណៈកម្មការរៀបចំប្រកួត បានប្រកាសឲ្យស្មើដើម្បីចៀសវាងភាពមិនប្រក្រតីណាមួយកើតឡើង។
អ្នកទស្សនាមួយចំនួនលាន់មាត់ថា ប្រសិនហេង វាសនា វ៉ៃសម្រុកខ្លាំនោះ កីឡាករមកពីអ៊ីរ៉ង់ Mikaeil Ebrahim គេចមិនផុតពីការសន្លប់ ដោយមិនអាចឈានចូលបាន៥ទឹកនោះឡើយ។
កីឡាករពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្សពោធិ៍សែនជ័យ បានយកឈ្នះកីឡាករជើងចាស់ថៃ Phich Nam Ek ទាំងលំបាកក្នុងការតស៊ូគ្នាស្វិតស្វាញចំនួន៥ទឹកពេញ។
ជ័យជម្នះរបស់កីឡាករពុទ្ធ ឆាយរិទ្ធី ទោះជាមានលក្ខណៈតឹងតែង ប៉ុន្តែបានស្តារមុខមាត់ឡើងវិញ។ តាមកំណត់ត្រាពិសេសនៃការប្រកួតលក្ខណៈអន្តរជាតិរបស់ពុទ្ធ ឆាយរិទ្ធី ចំនួន៥ប្រកួតចុងក្រោយ រូបគេបានចាញ់២ប្រកួត និងឈ្នះ៣ប្រកួតជាប់ៗគ្នាដើម្បីស្តារមុខមាត់ឡើងវិញ។
សម្រាប់គូប្រកួតលក្ខណៈមិត្តភាពអន្តរជាតិមួយគូទៀត កីឡាករជើងថ្មីចាន់ វ៉ារិទ្ធ មកពីនិរោធមានជ័យ បានឡើងប្រកួតជំនួសកីឡាករធន់ ចាន់តាក់ ដើម្បីប៉ះជាមួយជើងខ្លាំង PekThieng។
ទោះជាសមត្ថភាពក្បាច់គុនខុសគ្នា និងឡើងប្រកួតជំនួសគេក៏ដោយ ប៉ុន្តែ ចាន់ វ៉ារិទ្ធ អាចទប់ទល់បានចំនួន៥ទឹក មុននឹងទទួលបានលទ្ធផលចាញ់ដោយពិន្ទុ។
តាមគម្រោង ជើងខ្លាំងថៃ PekThieng ត្រូវប៉ះជាមួយធន់ ចាន់តាក់ មកពីក្រសួងការពារជាតិ ប៉ុន្តែកាលពីយប់ថ្ងៃសៅរ៍ គេឃើញកីឡាករធន់ ចាន់តាក់ ប្រកួតជាមួយកីឡាករបរទេសនៅសង្វៀនដទៃ ហើយគម្រោងប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍ ត្រូវលុបចោល និងដាក់ជំនួសដោយកីឡាករចាន់ វ៉ារិទ្ធ នេះតែម្តងដើម្បីបង្គ្រប់កិច្ច៕