ភ្នំពេញ៖ អ្នក​ប្រដាល់​ ហ៊ឹម ​គឹមរៀង ​បានឈ្នះ​ប្រាក់​លាន​ពី​ការប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​នៅ​សង្វៀន​ថោន​ប្រចាំ​សប្តាហ៍​ទី ៧១ កាលពី​រាត្រី​ថ្ងៃអាទិត្យ​ ប៉ុន្តែ​ជ័យជម្នះ​ដែល​ទទួលបាន​ប្រាក់​ចំនួន ៣,៤ លាន​រៀល​នេះ​ក៏​មាន​ការរិះគន់ថា​បាន​ដោយសារ​ហេង​ ឬ​សំណាង​ច្រើនជាង​សមត្ថភាព​ពិត​ដ្បិតអី​កា​ឈ្នះ​របស់​ គឹមរៀង ​ក្នុង​វគ្គ​ជម្រុះ​ ដោយសារ​ឡុង​ខេត្ត​ល្មើសបទបញ្ជា​ប្រកួត​ចំណែក​វគ្គ​ផ្តាច់ព្រ័ត្រ​ គឹមរៀង ​ឈ្នះ​ យ៉នពិសី ​ក្នុង​លក្ខណៈ​មិន​ដាច់​ទេ​គឺ​ក្នុង​ពិន្ទុ​មិន​ឯកច្ឆន្ទ​ពី​សំណាក់​ចៅក្រម​តែ ៣ នាក់​គឺ ២ ទល់។

ជាមួយ​គ្នា​នេះដែរ​គូ​ឆ្នើម​ប្រចាំ​សប្តាហ៍​រវាង​កីឡាករ​ បឺត សង្ឃឹម ​ជាមួយ​កីឡាករ​ អេអាំ ​ម៉ារីនភូថង ​ប្រកួត​មិន​អស់ពី​សមត្ថភាព​វ៉ៃលេងៗ​ឡើង​យកតែ​លុយ​តម្លៃ​ខ្លួន​ធ្វើឱ្យ​អ្នកទស្សនា​ធុញ​ទៅវិញ​ និង​មាន​អ្នកខ្លះ​លាន់មាត់​ថា​មើល​ប្រកួត​គូ​មួយ​នេះ​ចោលលុយ​តែម្តង។

ជ័យជម្នះ​របស់​ ហ៊ឹម ​គឹមរៀង ​ត្រូវបាន​អ្នកតាមដាន​ទស្សនា​ភាគច្រើន​ទស្សន៍ទាយ​ខុស​ ព្រោះ​បើតាម​សមត្ថភាព​ក្បាច់គុន​ និង​កម្លាំង​ប្រយុទ្ធ​ពិត​របស់​ គឹមរៀង ​ក្នុងពេល​បច្ចុប្បន្ន​ធ្លាក់ចុះ​ជាង​មុន​ហើយ​លទ្ធផល​ប្រកួត​មួយរយៈ​ចុងក្រោយ​នេះដែរ​គឺ​ចាញ់​សន្លប់​ញឹក​ផងដែរ​ ប៉ុន្តែ​អ្វី​ដែលជា​សំណាង​របស់​ ហ៊ឹម ​គឹមរៀង ​គឺ​បាន​ឆ្លង​ផុត​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ​ ដោយសារ​កីឡាករ​ឡុង​ខេត្ត​បាន​បង្កើត​កំហុស​គឺ​បាន​ទាត់​បន្ថែម​ល្មើសច្បាប់​ប្រកួត​ធ្វើឱ្យ​គឹម​រៀង​ទទួលលទ្ធផល​ឈ្នះ​ទាំង​សន្លប់។

យ៉ាងណាក៏ដោយ​ ហ៊ឹម ​គឹមរៀង ​ត្រូវបាន​គេ​មើលឃើញ​ថា​បាន​រង​ទម្ងន់​ជើង​របស់​ឡុង​ខេត្ត​បណ្តាល​ឱ្យ​សន្លប់​ធំ​នៅ​ដើម​ទឹក​ទី ២ មែន​គឺ​មិនមែន​ធ្វើ​សន្លប់​ ដើម្បី​ស៊ីឡាក​នោះឡើយ។ ចំណែក​ការឡើង​នៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ ហ៊ឹម ​គឹមរៀង ​បាន​បន្ត​ឈ្នះ​ យ៉ន ពិសី ​ដែល​ទើប​យកឈ្នះ​លើ​ សាន ​សំអុន ​ទាំង​វេទនា​ខ្លួន​ហើយ​បើតាម​មើល​នឹង​ភ្នែក​គឺ​វេទនា​ឈ្នះ​ណាស់​ ប៉ុន្តែ​ពិន្ទុ​ពី​ចៅក្រម​ចំនួន ៣ នាក់​ផ្តល់ឱ្យ​ គឹមរៀង ​ឈ្នះ ២ ទល់។

នៅពេល​ចប់​ការប្រកួត​កីឡាករ​ យ៉ន ​ពិសី ​សម្តែង​កាយវិការ​មិន​ពេញចិត្ត​ពី​លទ្ធផល​ដែល​ខ្លួន​ចាញ់​នោះឡើយ។ យ៉ន ​ពិសី ​បាន​និយាយ​ក្រោយ​ប្រកួត​ថា៖ «ការផ្តល់​ពិន្ទុ​មិន​យុត្តិធម៌​ទេ។ ខ្ញុំ​វាយ​សម្រុក​ខ្លាំង​ហើយ​គេ​ដកថយ​ច្រើនតែ​បាន​លទ្ធផល​បែរជា​ទៅ​អ៊ីចឹង​ទៅវិញ​ហេតុនេះ​ខ្ញុំ​ចង់​សងសឹក​ក្នុងពេល​ក្រោយ​ឡើងវិញ»។

ឡុង ខេត្ត បាន​ទាត់​ទៅលើ​ ហ៊ឹម ​គឹមរៀង មុនពេល​រូបគេ​បង្កើត​កំហុស​ហើយ​ត្រូវ​កំណត់ឱ្យ​ចាញ់​ គឹមរៀង។

ជុំវិញ​បញ្ហា​នេះ​លោក​ ជួប ​វុត្ថា ​អ្នក​ផ្គូផ្គង​ និង​ជា​អ្នកសម្របសម្រួល​កម្មវិធី​ប្រដាល់​នៅ​សង្វៀន​ថោន​បាន​និយាយថា៖ «ហ៊ឹម ​គឹមរៀង ​យើង​មើលឃើញថា​រង​ទម្ងន់​ជើង​ពី​ឡុង​ខេត្ត​ហើយ​សន្លប់​មែនទែន​មិន​ធ្វើ​ពុត​ទេ​ហេតុនេះ​តាមច្បាប់​ប្រកួត​គេ​ត្រូវឱ្យ​កីឡាករ​រងគ្រោះ​ឈ្នះ​អ៊ីចឹង​ហើយ​ ប៉ុន្តែ​អ្នកទស្សនា​មិន​ចង់ឃើញ​ជ័យជម្នះ​បែបៗ​ហ្នឹង​ទេ។ តាម​ខ្ញុំ​សង្កេត​ផ្ទាល់ខ្លួន​ប្រសិនបើ​គ្មាន​បទល្មើស​របស់​កីឡាករ​ឡុង​ខេត្ត​ទេ​គឺ​ គឹមរៀង ​មាន​ភាគរយ​តិច​ណាស់​ដែល​អាច​ឈ្នះ​បាន​ប្រាក់​លាន​សប្តាហ៍​ទី ៧១ នេះ»។

តាម​ការទស្សន៍ទាយ​របស់​មហាជន​យ៉ាងច្រើន​លើសលប់​គេ​សម្លឹង​ឃើញថា​ ឡុង ​ខេត្ត​ និង​ យ៉ន ​ពិសី ​អាច​នឹង​ប្រជែង​គ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ ប៉ុន្តែ​ជាក់ស្តែង​នោះ​រឿង​មិន​ប្រក្រតី​បាន​កើតឡើង​នាំឱ្យ​ ហ៊ឹម ​គឹមរៀង ​ឈ្នះ​ដោយ​មិន​នឹកស្មាន​ដល់។

ចំណែក​គូ​ប្រដាល់​ដែល​គេ​រំពឹងថា​ល្អមើល​រវាង​កីឡាករ​ បឺត សង្ឃឹម ​និង​ អេអាំ ​ម៉ារីនភូថង ​នោះបាន​ត្រឹម​ធ្វើឱ្យ​មហាជន​លួច​ជេរ ​ព្រោះ​ការប្រកួត​របស់​ពួកគេ​វ៉ៃលេងៗ​ដោយ​បាត់​ស្នៀតពិសេសៗ​ដែល​ពួកគេ​ធ្លាប់​មានដូចជា​កែង​កណ្តាប់ដៃ​ និង​ទឹកចិត្ត​ចូល​ប្រកួត​ស្រួចស្រាល់។ អ្នកទស្សនា​ប្រដាល់​ភាគច្រើន​និយាយថា​គូ​ប្រដាល់​ដែល​មាន​ឈ្មោះ​ល្បី​មួយចំនួន​គឺ​ល្បី​បានតែ​ឈ្មោះ​ ប៉ុន្តែ​ការប្រកួត​អស់​ប្រជាប្រិយ។ ជាមួយ​គ្នា​នេះ​ការប្រកួត​របស់​គូ​នេះ​ត្រូវ​រង​នូវ​ការព្រមាន​ពី​លោក​អាជ្ញាកណ្តាល​ កែវ ​ពៅ​ ផងដែរ។

ទាក់ទង​ទៅនឹង​សកម្មភាព​ប្រកួត​មិន​អស់ពី​សមត្ថភាព​នេះ​អ្នកគ្រប់គ្រង​កម្មវិធី​បាន​និយាយ​ថា៖ «អ្នក​ប្រដាល់​រូប​ណា​ដែល​ធ្វើការ​ប្រកួត​មិន​ស័ក្តិសម​តាម​សមត្ថភាព​នោះ​កម្មវិធី​របស់​យើង​នឹង​កត់ត្រា​ទុក​ហើយ​លើក​ក្រោយ​លំបាក​នឹង​ស្វែងរក​បាន​ការប្រកួត​នៅទីនេះ​ណាស់»៕