ប៉ារីស៖ ទាំង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ហ្សកហ្ស៊ី និង​ម៉ាសេដ្វាន​ខាង​ជើង សុទ្ធ​តែ​មិន​ធ្លាប់​បាន​ឡើង​ទៅ​លេង​ក្នុង​ព្រឹត្តិការណ៍​ធំៗ ពី​មុន​មក​ឡើយ តែ​ក្រុម​ទាំង ២ នៅ​សល់​ ១ ហ្គេម​​ទៀត​ប៉ុណ្ណោះ ក្នុង​ការ​ដណ្ដើម​កៅអី ១ ដើម្បី​បាន​ទៅ​លេង​ក្នុង​ព្រឹត្តិការណ៍ Euro 2020 ដែល​ត្រូវ​បាន​លើក​យក​ទៅ​រៀបចំ​នៅ​ឆ្នាំ​ក្រោយ​។

ការ​ប៉ះ​គ្នា​រវាង​ក្រុម​ទាំង ២ នៅ​ក្រុង​ប៊ីលីស៊ី នា​យប់​ថ្ងៃ​ព្រហស្បតិ៍ គឺ​ជា​ជំនួប​របស់​គូ ១ នៃ​ចំណោម​គូ​ផ្សេង​ទៀត សម្រាប់​​ការ​ប្រកួត​វគ្គ play-off ផ្ដាច់​ព្រ័ត្រ ដែល​​នឹង​សម្រេច​យក​ ៤ ក្រុម​ចុង​ក្រោយ​ ទៅ​បង្គ្រប់ ២៤ ក្រុម ក្នុង​ព្រឹត្តិការណ៍ ដែល​បាន​ពន្យារ​ពេល ១ ឆ្នាំ ដោយសារ​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​។

នេះ​ជា​ឱកាស​ដ៏​មាន​តម្លៃ​សម្រាប់​ប្រទេស​ ដែល​មាន​ការ​ប្រកួត​ប្រជែង​កីឡា​តូច​ជាង​គេ​​របស់​ពិភព​លោក​ទាំង ២ នេះ ដោយ​ឱកាស​ ១ ទៀត ត្រូវ​បាន​​ផ្ដល់​ឱ្យ​ពួក​គេ តាមរយៈ​កម្មវិធី​ប្រកួត​ថ្មី UEFA Nations League​។

ការ​ប្រកួត​ជម្រុះ​សម្រាប់​ Euro 2020 នេះ ឃើញ​ថា ហ្សកហ្ស៊ី ដែល​នៅ​លេខ​​ទី ៨៦ ក្នុង​តារាង​ចំណាត់​ថ្នាក់​របស់​សហព័ន្ធ​បាល់ទាត់​ពិភព​លោក (FIFA) ដណ្ដើម​បាន ៨ ​ពិន្ទុ ដោយ​ឈ្នះ​ក្រុម​ហ្ស៊ីប្រាល់តា ទាំង​ទៅ​​ទាំង​មក ហើយ​ទប់​ស្មើ​ ០-០ ចំនួន​ ២ ​ដង​ ពេល​តទល់​ជាមួយ​​ក្រុម​ដាណាម៉ាក និង​សារ.​អៀរឡង់​។

ចំណែក​ក្រុម​ម៉ាសេដ្វាន​ខាង​ជើង ដែល​នៅ​ចំណាត់​ថ្នាក់​ទី​ ៦៥ របស់ FIFA ហាក់​ប្រសើរ​ជាង​បន្តិច ដោយសារ​បាន​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​ទី ៣ ក្នុង​ពូល​របស់​ខ្លួន​សម្រាប់​វគ្គ​ជម្រុះ​ តែ​ទាំង​ ២ ក្រុម បាន​ប្រកួត​ស្មើ​គ្នា ២ លើក ក្នុង​ជំនួប​ Nations League កាល​ពី​ ២ ខែ​កន្លង​ទៅ​។

ការ​ប្រកួត​ប្រជែង គឺ​ខ្លាំង​ក្លា​មែន​ទែន នៅ​ក្រុង​ប៊ីលីស៊ី​ របស់​ហ្សកហ្ស៊ី​នេះ ដោយ​ក្រុម​ដែល​ឈ្នះ​នឹង​ឡើង​ទៅ​វគ្គ​ Group Stage ដែល​ត្រូវ​ទៅ​នៅ​ពូល C ជាមួយ​ក្រុម​ហូឡង់ អ៊ុយក្រែន និង​អូទ្រីស​៕ AFP/VN