ភ្នំពេញ៖ អ្នក​ប្រដាល់​ ឡុង​ ខេត្ត​ ​បាន​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត ដែល​កាន់​តែ​លំបាក​ជាមួយ​ជើង​ខ្លាំងៗ​នៅ​វគ្គ​ទី​២ បន្ទាប់​ពី​រូប​គេ​បាន​ទម្លាក់​​ជើង​ថ្មី ​លីន សេងហុង នា​ការ​ប្រកួត​ជម្រុះ​វគ្គ​ទី​១ នៃ​ព្រឹត្តិការណ៍​ TV5 Boxing Knock Out Series ក្នុង​ប្រភេទ​ទម្ងន់ ​៥៤ ​គីឡូក្រាម។

សម្រាប់​ការ​ប្រកួត​ត្រឹម​ ​៣ ​ទឹក ​រវាង ឡុង ខេត្ត និង លីន សេងហុង នៅ​លើ​សង្វៀន TV5 កាល​ពី​យប់​ថ្ងៃ​សៅរ៍​​នោះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​ភាព​ស្វិតស្វាញ​ និង​ជក់​ចិត្ត​ខ្លាំង ​ស័ក្តិសម​ជា​អ្នក​ប្រដាល់​វ័យ​ក្មេង ​ដែល​ប្រកួត​អស់​ពី​លទ្ធភាព ​ខណៈ​លទ្ធផល​ទទួល​បាន​ ឡុង​ ខេត្ត ​មាន​ប្រៀប​ពេញ​ទាំង ​៣ ​ទឹក​តែ​ម្ដង។

បើ​​ទោះ​បី​ជា ​លីន ​សេងហុង​ អ្នក​ប្រដាល់​ចិត្ត​ធំ ​និង​ក្លាហាន​ វាយ​សម្រុក​ខ្លាំង​ក៏​ដោយ​ ប៉ុន្តែ​នៅ​ទឹក​ចុង​ក្រោយ​ស្ថានភាព​ប្រកួត​របស់ ​សេង​ហុង ​ទំនង​ចូល​ក្នុង​លក្ខណៈ​យ៉ាប់​ខ្លាំង ​គឺ​នៅ​សល់​តែ​កម្លាំង​ចិត្ត​ប៉ុណ្ណោះ​ ហើយ​តាម​ការ​មើល​ឃើញ​ជាក់​ស្តែង គឺ​​​បើ ​ឡុង ​ខេត្ត ​មិន​បន្ធូរ​ដៃ​ខ្លះ​ទេ ​ឬ​មាន​បំណង​ចង់​ផ្តួល​ សេងហុង​ ឱ្យ​សន្លប់​នោះ ក៏​អាច​ធ្វើ​ទៅ​រួច​ដែរ​។​

យ៉ាង​ណា​ក៏​ដោយ លីន សេងហុង បាន​សារភាព​ថា រូប​គេ​បាន​ប្រឹងប្រែង​អស់​ពី​លទ្ធភាព​ហើយ ប៉ុន្តែ​នៅ​តែ​ទៅ​មិន​រួចជា​មួយ​ជើង​ចាស់ ឡុង ខេត្ត។ ​សេងហុង​ បាន​និយាយ​ ក្រោយ​ការ​ប្រកួត​ថា​៖ ​«ខ្ញុំ​ចាញ់​អស់​ចិត្ត ​ពី​ព្រោះ​ខ្ញុំ​បាន​ខំ​​ប្រឹង​អស់​ពី​សមត្ថភាព​ហើយ ប៉ុន្តែ​​ដៃ​គូ​ខ្ញុំ​គាត់​ជើង​ចាស់​ល្អ​ជាង​គ្រប់​យ៉ាង​ គឺ​​ខ្ញុំ​ប្រឹង​ពី​​អស់​លទ្ធភាព​ហើយ»​។​

ចំណែក​ ​ឡុង ​ខេត្ត ​បាន​សម្តែង​ការ​រីក​រាយ​ចំពោះ​ការ​ឈ្នះ លីន សេងហុង នៅ​វគ្គ​ទី​១ ​នេះ ប៉ុន្តែ​ក៏​មាន​ការ​បារម្ភ​សម្រាប់​ការ​ប្រកួត​នៅ​វគ្គ​ទី​២ ​ផង​ដែរ ព្រោះ​សុទ្ធ​តែ​ជា​ជើង​ខ្លាំង។ ឡុង ខេត្ត និយាយ​ថា៖ ​«​សម្រាប់​ការ​ប្រកួត​វគ្គ​ទី​២ ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ដែរ​ ​ព្រោះ​គេ​សុទ្ធ​តែ​ខ្លាំងៗ​ ប៉ុន្តែ​ខ្ញុំ​មិន​បាក់​ទឹក​ចិត្ត​ទេ​ គឺ​នឹង​ប្រឹង​ហាត់​ ដើម្បី​ពង្រឹង​កម្លាំង ​និង​បច្ចេកទេស​ ហើយ​ការ​ប្រកួត​នឹង​ល្អ​មិន​ខាន»​។​

គួរ​បញ្ជាក់​​ថា​ គិត​មក​ដល់​ពេល​នេះ បេក្ខភាព​ដែល​បាន​ឈ្នះ​​កៅអី​នៅ​​វគ្គ​ទី​២ ​បាន​រក​ឃើញ​ចំនួន ​៦ ​នាក់​ហើយ​ ក្នុង​នោះ​មាន​​កីឡាករ ​ធន់ ​អៀនឡៃ​, ​ស៊ុន ​ថៃសាន្ត, ​រិន ​ដាវីត, ​ពេជ្រ ​ប៊ុនសិទ្ធ, ​បាង​ កាណុន​ និង​ ​ឡុង ​ខេត្ត នេះ​ឯង ​ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ឆ្នើម​លេច​ធ្លោ​ជាង​គេ​ កំពុង​តែ​ល្អ​និង​ប្រកួត​មាន​ប្រជាប្រិយភាព ​គឺ​មាន​ រិន ដាវីត, ​ធន់ ​អៀនឡៃ​ និង ​ពេជ្រ ​ប៊ុនសិទ្ធ​ ដោយ​ពួក​គេ​សង្ឃឹម​ថា ​អាច​នឹង​ឆ្លង​ផុត​នៅ​​វគ្គ​ទី​២ ​នេះ​បាន។

ដោយ​ឡែក សម្រាប់​ការ​ប្រកួត​មិត្តភាព​វិញ កីឡាករ ថាន់ ​ប៊ុនរ៉ុង​ បាន​យក​ឈ្នះ​អ្នក​ប្រដាល់​ដៃ​ធ្ងន់​ មាឃ ​សុវណ្ណារ៉ា​ ក្នុង​ការ​ប្រកួត​​ប្រភេទ​ទម្ងន់ ៦០ ​គីឡូក្រាម​ ប៉ុន្តែ​​អ្នក​លេង​ចិត្ត​ធំ​ជើង​ចាស់​ អ៊ុង​ កំសត់​ បាន​​បន្ត​​ចាញ់​ជើង​ថ្មី​កំពុង​ល្បី​ឈ្មោះ​ ថៃ​ រ៉េត​។ ​អ៊ុង​ កំសត់ មាន​ជង្គង់​ និង​កែង​រហ័ស ​តែ​ពេល​ជួប​ ​ថៃ​ រ៉េត ​ដែល​មាន​ចិត្ត​ធំ​មោះ​មុត​នោះ ​គឺ​គេ​ហាក់​ដូច​ជា​បញ្ចេញ​អាវុធ​មិន​ចំ​គោលដៅ​ល្អ ​ហើយ​ភាគ​ច្រើន​គាំងៗ​​រក​ស្នៀត​ប្រកួត​​​មិន​ចង់​បាន​ ធ្វើ​ឱ្យ ថៃ រ៉េត មាន​ប្រៀប​សឹង​គ្រប់​ទឹក ប៉ុន្តែ​ជំនួប​អ្នក​ទាំង ២ ​នេះ​មាន​ភាព​តឹង​តែង​ខ្លាំង។ ចំណែក ប៊ន​ ពន្លឹក ​បាន​ឈ្នះ ឡុក​ ប៊ុនសំណាង ដោយ​ពិន្ទុ​ដាច់ និង​បាន​វាយ​ឱ្យ ប៊ុនសំណាង រាប់​នៅ​ទឹក​ទី​២ ផង​ដែរ៕