ភ្នំពេញ៖ អ្នកប្រដាល់ ឡុង ខេត្ត របស់ក្លិបខ្លារខិនមានរិទ្ធ បានប្រើពេលតែ ២ ទឹកប៉ុណ្ណោះ ក្នុងការផ្ដួលកីឡាករជើងខ្លាំងជំនាញកណ្តាប់ដៃ បាង កានុន មកពីក្លិបអាណាចក្រគុនខ្មែរឱ្យសន្លប់ធំ ដើម្បីឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ TV5 Boxing Knock Out Series នៅលើសង្វៀន TV5។
សម្រាប់ការប្រកួត កាលយប់ថ្ងៃសៅរ៍ កន្លងមកនេះ ឡុង ខេត្ត និង បាង កានុន បានបើកការវាយប្រហារគ្នាទៅវិញទៅ មកតាំងពីទឹកទី១ ដោយគ្មានបន្ធូរដៃនោះទេ។ ទោះយ៉ាងណា ឡុង ខេត្ត ចាប់ផ្ដើមមានប្រៀបតាំងពីដើមទឹកទី១ ដោយរូបគេបានទាត់ចូលគោលដៅយ៉ាងល្អ ធ្វើឱ្យ បាង កានុន ស្ថិតក្នុងលក្ខណៈយ៉ាប់ ក្នុងនោះត្រូវបានអាជ្ញាកណ្ដាលរាប់នៅទឹកទី១ បន្ទាប់ពីរងនូវការទាត់ វាយកែង និងដាល់ចម្រុះនោះ។
ទោះបីជាយ៉ាងនេះក្តី ក៏ បាង កានុន អាចបន្តការប្រកួតបានទៀត ដោយរូបគេបានប្រមូលកម្លាំងកាយចិត្តប្រឹងប្រែងចាប់ផ្ដើមវាយកែង ក្នុងបំណងស្ដារពិន្ទុឡើងវិញ នៅទឹកទី២ ប៉ុន្តែមិនអាចធ្វើអ្វី ឡុង ខេត្ត បាននោះទេ។ ផ្ទុយទីវិញ ការវាយសម្រុកកាន់តែខ្លាំងរបស់អ្នកទាំង ២ បានធ្វើឱ្យ បាង កានុន បាត់បង់លទ្ធភាពតដៃទាំងស្រុង គឺដេកស្អាតតែម្តង។
ជាមួយការផ្តួល បាង កានុន ឱ្យសន្លប់ត្រឹមទឹកទី១ នេះ ជួយឱ្យ ឡុង ខេត្ត មានឱកាសបានឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលអាចចាត់ទុកថា រូបគេនឹងទទួលបានចំណាត់ថ្នាក់ជយលាភីណាមួយមិនខាន ព្រោះមានរង្វាន់ផ្តល់ជូនតាំងពីលេខ ១ ដល់លេខ ៤ ឯណោះ។
លោក ញាន សុធី អ្នកផ្គូផ្គងការប្រកួតប្រចាំសង្វៀន TV5 បានប្រាប់ថា៖ «គិតមកដល់ពេលនេះ យើងរកឃើញអ្នកឈ្នះចំនួន ៣ នាក់ស្រេចទៅហើយ ដើម្បីត្រៀមខ្លួនទៅប្រកួតវគ្គ ១/២ ផ្តាច់ព្រ័ត្រ គឺអនុវត្តតាមរូបមន្តដែលបានកំណត់ ក្នុងនោះមានកីឡាករ ធន់ អៀនឡៃ ដែលគ្រោងប៉ះ រិន ដាវីត ហើយ ឡុង ខេត្ត អាចនឹងជួបជាមួយអ្នកកីឡាករ សាន សំអុន ឬ យ៉ន ពិសី ព្រោះអ្នកទាំង ២ នេះ ត្រូវប្រកួតវគ្គ ៨ នាក់ចុងក្រោយ នៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២០»។
ឡុង ខេត្ត ជាកីឡាករជើងខ្លាំង ទើបតែលេចធ្លោ ហើយសមត្ថភាពអាចនៅក្រោម ធន់ អៀនឡៃ និង រិន ដាវីត បន្តិចបន្តួច ប៉ុន្តែដោយសាររូបមន្តប្រកួត គេត្រូវប៉ះជាមួយកីឡាករមានសមត្ថភាពខ្ចីវស្សាជាង គឺគេចផុតពីការប្រកួតជាមួយជើងខ្លាំងៗមួយចំនួននោះបានធ្វើឱ្យរូបគេឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របែបនេះ។
កីឡាករ ឡុង ខេត្ត បាននិយាយក្រោយប្រកួតថា៖ «ខ្ញុំសង្ឃឹមបានឡើងដល់វគ្គផ្តាច់ព្រ័ត្រព្រោះរវាងកីឡាករ សាន សំអុន ឬ យ៉ន ពិសី ដែលត្រូវប៉ះខ្ញុំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ មិនមែនជាឧបសគ្គធំនោះឡើយ ដោយសង្ឃឹមយកឈ្នះបាន ៨០ ភាគរយ ប៉ុន្តែវគ្គផ្តាច់ព្រ័ត្រទើបលំបាក ព្រោះខ្ញុំនឹងត្រូវប៉ះជាមួយ ធន់ អៀនឡៃ ឬ រិន ដាវីត»។
ចំណែក បាង កានុន និយាយក្រោយប្រកួតចាញ់ថា៖«ខ្ញុំចាញ់ដោយអស់ចិត្ត ប៉ុន្តែមិននឹកស្មានថា សន្លប់ត្រឹមទឹកទី២ សោះ។ ខ្ញុំចាញ់ផ្នែកស្នៀតទាត់ ដែលគ្មានឱកាសបានវាយចេញនូវកណ្តាប់ដៃរបស់ខ្ញុំ ចូលគោលដៅបានល្អនោះទេ»៕