ភ្នំពេញ៖ ​លោក ជា រិទ្ធ បាន​ក្លាយ​ជា​ដៃគូ​ថ្មី​របស់​​លោក ឡុង សាលវ័ន្ត ដើម្បី​រួម​គ្នា​បង្វឹក​ក្រុម​ធំ​ជម្រើស​ជាតិ​គុន​ខ្មែរ ក្នុង​ឆ្នាំ ​២០២០ បន្ទាប់​ពី​លោក អេ ភូថង បាន​ធ្លាក់​ចេញ​ពី​គ្រូ​បង្គោល​នោះ រីឯ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​គុន​ខ្មែរ​​ទាំង ​៨ នាក់ ​ក៏​​បាន​ជ្រើសរើស​រួច​រាល់​ហើយ​ដែរ។

តាមរយៈ​ការ​បោះ​ឆ្នោត​ ដែល​​សហព័ន្ធ​កីឡា​​ប្រដាល់​គុន​ខ្មែរ បាន​ធ្វើ​នៅ​នាយកដ្ឋាន​អប់រំ​កាយ ​និង​កីឡា​ នៃ​ពហុឡដ្ឋាន​ជាតិ កាល​ពី​ថ្ងៃសុក្រ លោក អេ ភូថង ដែល​បាន​ជាប់​ជា​គ្រូ​ជម្រើស​ជាតិ តាំង​ពី​ឆ្នាំ ​២០១៧ ​មក​នោះ ទទួល​បាន​ការ​គាំទ្រ​​ត្រឹម ​៤ សំឡេង ​ឈរ​នៅ​លេខ​រៀង​ទី ​៣ ផ្ទុយ​ពី​នេះ លោក ឡុង សាលវ័ន្ត ដែល​ជា​គ្រូ​ជំនួយ​តាំង​ពី​ឆ្នាំ ​២០១៧ មក​ដែរ​នោះ ត្រូវ​ឡើង​ទៅ​ធ្វើ​ជា​គ្រូ​បង្គោល​នៅ​ឆ្នាំ​នេះ ក្រោយ​លោក​ទទួល​បាន​ ៧ សំឡេង​ខ្ពស់​ជាង​គេ រីឯ​លោក ជា រិទ្ធ ទទួល​បាន ​៥ សំឡេង ​ជាប់​ជា​គ្រូ​ជំនួយ​នៅ​ឆ្នាំ​នេះ។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ការ​បោះ​ឆ្នោត​នោះ គ្រូ​បង្វឹក​ជើង​ចាស់ ហង្ស ស៊ឺន ព្រម​ទាំង​គ្រូ​បង្វឹក​ជើង​ថ្មី​មាន​សមត្ថភាព ធន់ សោភា និង ឡៅ ស៊ីណាត បាន​សម្រេច​ដក​ខ្លួន​ ចេញ​ពី​ការ​បោះ​ឆ្នោត​នោះ ខណៈ​លោក ទេស សារិន ដែល​បាន​ឈរ​ឈ្មោះ​ដែរ​នោះ ក៏​មិន​បាន​បង្ហាញ​វត្តមាន​ឡើយ ចំណែក​លោក អាត់ សារ៉ាត់ (អាត់ សំរិទ្ធ) ទទួល​បាន​ការ​គាំទ្រ ​២ សំឡេង គឺ​ឈរ​នៅ​លេខ​រៀងទី ​៤ ​ក្រោយ​គេ ក្នុង​ចំណោម​អ្នក​ឈរ​ឈ្មោះ និង​មាន​​វត្តមាន​ទាំង ​៤ ​នាក់។

ជុំវិញ​ការ​ដក​ខ្លួន​ចេញ​ពី​ការ​ឈរ​ឈ្មោះ​នេះ លោក ហង្ស ស៊ឺន លោក ​ធន់ ​សុភា​ និង ​ឡៅ​ ស៊ីណាត ​បាន​​​ប្រាប់​ពី​មូលហេតុ​​ស្រដៀង​គ្នា​ថា​ ​ដោយសារ​តែ​ពួក​គាត់ ​គ្មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ ​ព្រោះ​ពួក​គាត់​សុទ្ធ​តែ​នៅ​ប្រចាំ​ និង​គ្រប់គ្រង​ក្លិប​រៀងៗ​ខ្លួន​។​ លោក ​ធន់ ​សុភា​ បញ្ជាក់​ថា​៖ «ខ្ញុំ​ជា​គ្រូ​បង្វឹក ​នៅ​កង​យោធពល​ខេមរភូមិន្ទ​ មាន​កីឡាករ​ច្រើន​ណាស់ ​អ៊ីចឹង​បើ​ខ្ញុំ​ចេញ​មក​ធ្វើ​ជា​គ្រូ​ជម្រើស​ជាតិ​នោះ​ កូន​សិស្ស​របស់​ខ្ញុំ​នឹង​លំបាក ​ហេតុ​នេះ​ខ្ញុំ​ត្រូវ​នៅ​ក្នុង​ក្លិប​»​។​

ចំណែក​លោក​ ជា​ រិទ្ធ ​ដែល​ជា​គ្រូ​ថ្មី​ មិន​សូវ​គេ​ស្គាល់​នោះ​ បាន​​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ ថា​ លោក​ ជា​ប្រធាន​ក្លិប​គុហារ​ខេត្ត​សៀម​រាប និង​​ជា​ជំនួយ​ការ​លោក ​តែម ​ម៉ឺន ​ទទួល​បន្ទុក​ការ​ងារ​ទំនាក់ទំនង​អន្តរជាតិ​។ ​បន្ថែម​ពី​លើ​នេះ​ លោក​ ​ជា​អាជ្ញា​កណ្តាល​ធ្លាប់​ជាប់​ក្នុង​កម្រិត​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ កាល​​ឆ្នាំ ​២០១៩ ​តែ​ម្នាក់​គត់​របស់​កម្ពុជា ​ដែល​មិន​ធ្លាប់​បាន​ជាប់​សោះ​។​ បន្ថែម​លើ​នេះ ​លោក​​ជា​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ភាសា​អង់គ្លេស ​គឺ​​ជា​ធនធាន​មួយ​ដែល​សហព័ន្ធ​ត្រូវ​ការ​ចាំបាច់​ តែ​វិជ្ជា​គុន​របស់​លោក​នៅ​មាន​បទពិសោធ​ខ្ចី​។​

លោក ​តែម ​ម៉ឺន​ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​​បាន​ថ្លែង​ថា​៖​ «គ្រូ​បង្វឹក​ជម្រើស​ជាតិ​ ដែល​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​សហព័ន្ធ​ ត្រូវ​ទទួល​ខុស​ត្រូវ​តាម​ច្បាប់ ​និង​លក្ខខណ្ឌ​របស់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ ក៏​ដូច​ជា​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​ ដើម្បី​ខិតខំ​យ៉ាង​ណា​ឲ្យ​កីឡាករ​យើង​ ទទួល​បាន​សមត្ថភាព​ល្អ​ ប្រកួត​ដណ្តើម​បាន​ជ័យ​ជម្នះ​ពី​ឆាក​អន្តរជាតិ ​តាម​គោល​ការណ៍​របស់​ថ្នាក់​ដឹកនាំ»​។​

ចំពោះ​​​កីឡាករ​ជាប់​ជម្រើសជាតិ​ ឆ្នាំ ​២០២០ ​នេះ ត្រូវ​បាន​លោក តែម ម៉ឺន ប្រាប់​ថា ​​គ្មាន​ការ​​បោះ​ឆ្នោត​ទេ​ គឺ​វាយ​​តម្លៃ​តាម​សមត្ថភាព​ពី​គណៈ​​អចិន្រៃ្តយ៍​របស់​​សហព័ន្ធ​តែ​ម្តង​ ហើយកីឡាករ​ទាំង ​៨ ​នាក់ ដែល​បាន​ជាប់​ជា​ជម្រើសជាតិ ឆ្នាំ​នេះ​រួម​មាន ហ៊ឹម​ គឹមរៀង ​ទម្ងន់ ​៥១ ​គីឡូក្រាម​ ​ខេម ​ចាន់​ ទម្ងន់ ​៥៤ ​គីឡូក្រាម​ ​វ៉ាន់ ​វឿន​ ទម្ងន់ ​៥៤ ​គីឡូក្រាម​ ​ចក់​ សាវិន ​(សុខ ​សាវិន​) ​ទម្ងន់​ ៦០ ​គ.ក្រ ​តាញ់​ មករា​ ទម្ងន់ ​៦០ គីឡូក្រាម​ ​ឃុន ​ឌីម៉ា (ឃីម ឌីម៉ា) ​ទម្ងន់ ​៦៣,​៥ ​គីឡូក្រាម​ ​ឡៅ​ ចិត្ត្រា​ ទម្ងន់ ​៦៣,​៥ ​គីឡូក្រាម ​​និង ឡៅ ​ចន្ទ្រា​ ទម្ងន់ ​៧១ ​គីឡូក្រាម៕​