ភ្នំពេញ៖ ​កីឡាករ​វ័យ​ក្មេង ដែល​ទើប​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់ ឡុង សុផា បាន​ចាត់​ទុក​ការ​ឈ្នះ​តំណែង​ជើងឯក​ក្នុង​ការ​​ប្រកួត​ម៉ារ៉ាតុង​ប្រាក់​លាន​នៃ​កម្មវិធី​​អធិរាជ​គុន​ខ្មែរ ISI PALM-ISI PIPE នៅ​សង្វៀន​ PNN ថា ជា​ការ​បើក​ផ្លូវ​មួយ​យ៉ាង​សំខាន់ ដែល​អាច​នឹង​ជួយ​ឲ្យ​រូប​គេ មាន​ទីផ្សារ​ប្រកួត​ច្រើន ដើម្បី​រក​​ប្រាក់​ទៅ​ជួយ​សង​ធនាគារ​ជំនួយ​ម្តាយ។

សិស្សគណ​ក្លិប​សាលវ័ន្តកីឡា ​វ័យ ​១៨ ​ឆ្នាំ ​ដែល​ទើប​ឡើង​ប្រឡូក​នៅ​លើ​សង្វៀន​បាន​ជាង ​១ ​ខែ ឡុង សុផា ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា៖ ​«ការ​សម្រេច​ចិត្ត​ចូល​ហ្វឹកហាត់​ប្រដាល់​នេះ គឺ​ខ្ញុំ​មាន​គោល​បំណង​ជួយ​រក​លុយ ដើម្បី​ជួយ​សង​ធនាគារ​របស់​ម្តាយ​ខ្ញុំ ដូច្នេះ​បន្ទាប់​ពី​ការ​ឈ្នះ​ជើងឯក​នៅ​ថ្ងៃ​នេះ ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ និង​ប្រកួត​ឲ្យ​បាន​ល្អ​ជាង​នេះ ដើម្បី​រក​លុយ​ចិញ្ចឹម​ឪពុក​ម្តាយ​ខ្ញុំ»។

តាមរយៈ​ការ​ប្រកួត​ម៉ារ៉ាតុង​ប្រាក់​លាន​ទម្ងន់ ​៦៧ ​គ.ក្រ នៅ​សង្វៀន PNN កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ ឡុង សុផា ដែល​មាន​បទពិសោធ​ប្រកួត​ត្រឹម ​៦ ​ដង បាន​យក​ឈ្នះ​ដោយ​ពិន្ទុ​លើ​ គង់ ឧត្តម នៅ​ក្នុង​​វគ្គ​ជម្រុះ ​៣ ​ទឹក ហើយ​បាន​បន្ត​ទៅ​យក​ឈ្នះ​លើ​អ្នក​ប្រដាល់​ជើង​ចាស់ ផាន់ សុវណ្ណ ដោយ​ពិន្ទុ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

តាមរយៈ​ការ​ឈ្នះ​តំណែង​ជើងឯក​ជា​លើក​ដំបូង​នេះ សុផា ទទួល​បាន​ប្រាក់​រង្វាន់ ​២,៦ ​លាន​រៀល ហើយ​រូប​គេ​ក៏​បាន​ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​របស់ PNN ដែល​អាច​នឹង​មាន​ឱកាស​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នា​ពេល​ខាង​មុខ​ផង​ដែរ ចំណែក​ ផាន់ សុវណ្ណ ដែល​បាន​ទម្លាក់ សារ៉ាយ ចំរើន នៅ​វគ្គ​ជម្រុះ ៣ ទឹក មុន​មក​ចាញ់ សុផា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ទទួល​បាន​ប្រាក់​រង្វាន់ ១,២ ​លាន​រៀល។

នៅ​ពេល​សួរ​ពី​ប្រាក់​រង្វាន់ ដែល​ទទួល​បាន​ពី​ការ​ប្រកួត​នេះ ឡុង សុផា បាន​បញ្ជាក់​​ថា៖ ​«ខ្ញុំ​នឹង​យក​លុយ​នេះ ទៅ​ជួយ​ផ្គត់ផ្គង់​ដល់​គ្រួសារ​របស់​ខ្ញុំ ហើយ​តាមរយៈ​ការ​ប្រដាល់​នេះ គឺ​ទៅ​ថ្ងៃ​ខាង​មុខ ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​អាច​ជួយ​គ្រួសារ​ខ្ញុំ​បាន ​៨០ ​ភាគរយ»។

សុផា បាន​បន្ថែម ដោយ​មិន​លាក់លៀម​ថា៖ ​«​ជីវភាព​គ្រួសារ​​ខ្ញុំ មាន​ការ​លំបាក​ដែរ ព្រោះ​ម្តាយ​ខ្ញុំ​គាត់​ជំពាក់​លុយ​ធនាគារ ហើយ​ការ​ចូល​មក​ហាត់​ប្រដាល់​នេះ ជា​ការ​សម្រេច​របស់​ខ្ញុំ​ផ្ទាល់ ព្រោះ​ខ្ញុំ​មើល​ឃើញ​ថា ​គ្រួសារ​ខ្ញុំ​អត់​មាន​អ្នក​ទី​ពឹង​ទេ អីចឹង​ហើយ​ការ​ហ្វឹកហាត់ ​ខ្ញុំ​ខំ​ខ្លាំង​ណាស់ គឺ​ទោះ​ជា​ហាត់​ម្នាក់​ឯង ក៏​ខ្ញុំ​ខំ​ហាត់​ដែរ ដោយសារ​ខ្ញុំ​ចង់​មាន​កេរ្តិ៍​ឈ្មោះ ​និង​អាច​រក​លុយ​តាមរយៈ​ការ​ប្រដាល់​នេះ​ទៅ​ជួយ​ដល់​គ្រួសារ​ខ្ញុំ»។

យ៉ាង​ណា​ក៏​ដោយ លោក ស្រ៊ឺ ស្រេង ហៅ​សំណព្វ ប្រធាន​គ្រប់គ្រង​កីឡា​ប្រចាំ​នៅ PNN បាន​មើល​ឃើញ​ថា ការ​ប្រកួត​ម៉ារ៉ាតុង​ប្រាក់​លាន​លើក​នេះ ហាក់​មិន​សូវ​ទាក់ទាញ ប៉ុន្តែ​លោក​បាន​អះអាង​ថា ព្រឹត្តិការណ៍​នេះ គឺ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​​កសាង​អ្នក​ប្រដាល់​ជំនាន់​ថ្មី ក្នុង​កម្រិត ​B ​ឲ្យ​មាន​ឱកាស​ក្លាយ​ទៅ​ជា​កីឡាករ​ជើង​ខ្លាំង​នាពេល​អនាគត។

លោក សំណព្វ បាន​និយាយ​​ក្រោយ​ការ​ប្រកួត​ថា៖ «សម្រាប់​ការ​ប្រកួត​ទម្ងន់ ​៦៧ ​គីឡូ​ក្រាម នៅ​ថ្ងៃ​នេះ គឺ​គូ​ជើងឯក​របស់​យើង មិន​សូវ​ជា​ទាក់ទាញ​ប៉ុន្មាន​ទេ ប៉ុន្តែ​យើង​បាន​បំពេញ​បង្រ្គប់​បន្ថែម​វិញ ​នូវ​គូឯក ឬ​គូឯក​រង​ ដែល​មាន​សមត្ថភាព​ល្អ និង​​ប្រកួត​ទាក់ទាញ​ខ្លាំង​ អ៊ីចឹង​ជា​គោលការណ៍​របស់ PNN គឺ​យើង​មិន​បោះបង់​ចោល​អ្នក​ចាស់ ហើយ​យើង​ព្យាយាម​បណ្តុះ​អ្នក​ជំនាន់​ថ្មី ដែល​មាន​ឆន្ទៈ​ប្រកួត និង​ស្រេក​ឃ្លាន​ការ​ឈ្នះ ដើម្បី​សាង​កេរ្តិ៍​ឈ្មោះ​នៅ​លើ​វិថី​មួយ​នេះ»។

លោក​បញ្ជាក់​ថា៖ ​«យើង​ចង់​បណ្តុះ​កីឡាករ​ជំនាន់​ថ្មី ឲ្យ​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន អ៊ីចឹង​ពី ​១ ​អាទិត្យ ទៅ ​១ អាទិត្យ PNN បង្កើត​បាន​អ្នក​ខ្លាំង​ជំនាន់​ថ្មី​បន្ត​បន្ទាប់»។ គឺ​រំឭក​ថា សម្រាប់​អ្នក​ឈ្នះ​ជើងឯក ​៤ ​សប្តាហ៍​កន្លង​មក​នេះ រួម​មាន អេលីត កែវឡុង ទម្ងន់ ៥៧ គ.ក្រ កាន់ ម៉េងហុង ៥១ គ.ក្រ សេក ចៅជូត ​៦០ គ.ក្រ និង យីប ឌុក ៤៥ គ.ក្រ៕