ភ្នំពេញៈ កីឡាករកម្ពុជា ឡុង សុភី និង ធន់ អៀងឡៃ ត្រូវបានគេមើលឃើញថាពួកគេអាចនឹងត្រូវធ្វើការធ្ងន់សម្រាប់ការបង្ហាញខ្លួនរួមគ្នាក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅលើសង្វៀន SEATV នាថ្ងៃសៅរ៍ ព្រោះការប្រកួតលើកនេះ ឡុង សុភី ត្រូវបានជើងខ្លាំងរបស់ថៃ Phoung Siri ក្នុងទម្ងន់ ៦៩ គីឡូក្រាម ហើយ អៀងឡៃ ត្រូវជួបជើងឯករងមកពីថៃ Mathy ក្នុងទម្ងន់ ៤៥ គីឡូក្រាម។
តាមសមត្ថភាពរបស់អ្នកប្រដាល់ថៃទាំង ២ នេះគឺពួកគេមានកេរ្តិ៍ឈ្មោះល្បីល្បាញលំដាប់ជួរមុខគួរឲ្យចង់ទស្សនា ហើយជំនួបប្រកួតគូបែបនេះមានដោយកម្រ។ Phoung Siri ដែលមានជំនាញប្រើកណ្តាប់ដៃ និងទាត់ល្អធ្លាប់បង្ហាញខ្លួនតាមទូរទស្សន៍ប៉ុស្តិ៍លេខ ៧ របស់ថៃក្នុងលំដាប់គូពិសេសផងដែរ ហើយប្រភពច្បាស់ការបានប្រាប់ថារូបគេទើបតែឈ្នះបានខ្សែក្រវាត់ចំនួន ៣ និងទទួលបានអាវមាសប្រចាំសង្វៀនប៉ុស្តិ៍លេខ ៧ ថៃ ប៉ុន្តែកាលពី ៣ ឆ្នាំមុន Phoung Siri ធ្លាប់មកប្រកួតជាមួយ បឺត ខាំ និងបានសុំចុះចាញ់ត្រឹមទឹកទី ៤។
តាមគណៈកម្មការផ្គូផ្គងឲ្យដឹងថា Phoung Siri មានកម្ពស់ ១,៦៧ ម៉ែត្រធ្លាប់ប្រកួតបាន ៧៥ ឈ្នះ ៦៣ និងចាញ់ ១២ ដង ខណៈបច្ចុប្បន្នកំពុងតែមានសមត្ថភាពល្បីខ្លាំងដែលកំពុងគ្រប់គ្រងខ្សែក្រវាត់ចំនួន ៣ ស្ថាប័ន។ ចំណែក ឡុង សុភី មានកម្ពស់ ១,៧២ ម៉ែត្រធ្លាប់ប្រកួត ១៥៩ ដងឈ្នះ ១២១ ចាញ់ ២៨ និងស្មើ ១០ ដង និងធ្លាប់ឈ្នះបានខ្សែក្រវាត់ចំនួន ៨ ឯណោះ។
ប្រភពតាមដានសកម្មភាពសមត្ថភាពរបស់អ្នកប្រដាល់ទាំង ២ នេះគេហ៊ានទស្សន៍ទាយមុនថា ជំនួបប្រកួតរវាង ឡុង សុភី និងថៃ Phoung Siri នេះពិតជាចាញ់ឈ្នះគ្នាក្នុងលក្ខណៈតឹងតែងបំផុត ហើយ Phoung Siri មានប្រៀបឈ្នះច្រើនជាង ឡុង សុភី ប៉ុន្តែតាមការសម្លឹងឃើញគឺ ឡុង សុភី មានប្រៀបផ្នែកឱបឡើងក្បាច់ជង្គង់ ឯកីឡាករថៃមានប្រៀបកណ្តាប់ដៃ និងស្នៀតទាត់ឆ្ងាយ។
កីឡាករ ឡុង សុភី បានប្រាប់ថា៖ «ខ្ញុំមិនទាន់ហ៊ានអះអាងយ៉ាងណាទេ ព្រោះមិនធ្លាប់ប្រកួតគ្នា ប៉ុន្តែការប្រកួតរបស់ខ្ញុំគឺនៅតែសង្ឃឹមឈ្នះ ៦០ ភាគរយ ហើយអ្វីៗវានឹងកើតឡើងពេលប្រកួតផ្ទាល់តែម្តងថាអ្នកណាឈ្នះ?»។
ឡុង សុភី មួយរយៈចុងក្រោយនេះប្រកួតឈ្នះជានិច្ច ប៉ុន្តែមិនទាន់ប៉ះកីឡាករបរទេសមានសមត្ថភាពខ្លាំងដូចនេះទេ។ លោក ឡុង សាលវ័ន្ត ជាគ្រូបង្វឹក បាននិយាយថា៖ «ឡុង សុភី មានប្រៀបជាងនៅពេលចាប់ឱបបានឡើងជង្គង់ ហើយយើងមានកម្ពស់ខ្ពស់ជាង មានភាពងាយស្រួលជាង។ ទោះជាយ៉ាងណាការប្រកួតនេះលំបាកឈ្នះ ព្រោះសុទ្ធតែជាកីឡាករជើងចាស់ដូចគ្នា ហើយយើងបារម្ភខ្លាចមានកម្លាំងថយចុះក្នុងការប្រកួតចុងទឹក ឬអាចអូសបន្លាយចំនួន ៥ ទឹកនោះ»។
ចំណែកលោក ថៃ អ៊ូ ប្រតិភូនាំកីឡាករថៃមកប្រកួតបានប្រាប់ថា៖ «កីឡាករថៃ Phoung Siri នេះគេស្គាល់ជាកីឡាករកូនភ្លោះ ហើយសមត្ថភាពរបស់ Phoung Siri និង ឡុង សុភី គឺជួបការលំបាកឈ្នះគ្នាណាស់ ប៉ុន្តែវាស៊ីសងពេលប្រកួតជាក់ស្តែង ព្រោះសមត្ថភាពបច្ចេកទេសម្យ៉ាងម្នាក់ តែបញ្ហាកម្លាំងទើបអាចកំណត់បាននៅពេលប្រកួតតែម្តង»។
ចំណែក ធន់ អៀងឡៃ ដែលទើបតែទទួលបានលេខ ២ នៃពានរង្វាន់ប៉ុស្តិ៍លេខ ៥ ត្រូវដាក់ឲ្យប្រកួតជាមួយជើងខ្លាំងរបស់ថៃលំដាប់ជើងឯករង Mathy ដែលធ្លាប់ប្រកួត ៥៦ ដងឈ្នះ ៤៥ និងចាញ់ ១១ ដង។ ចំណែក អៀងឡៃ ធ្លាប់ប្រកួត ៥១ ឈ្នះ ៤៧ ចាញ់ ៣ និងស្មើ ១ ដង។
លោក ញាន សុធី នាយកគ្រប់គ្រងកម្មវិធីប្រដាល់នៅ SEATV និយាយថា៖ «នេះជាការប្រកួតដែលរៀបចំក្នុងលក្ខណៈទាក់ទាញបំផុតក្នុងចន្លោះពេលដែលកីឡាករត្រៀមប្រកួតផ្តាច់ព្រ័ត្រខ្សែក្រវាត់ខារ៉ាបាវត្រូវអនុញ្ញាតឲ្យសម្រាកហាត់យកកម្លាំងឲ្យបានល្អ ហើយជំនួសដោយកីឡាករមានសមត្ថភាពល្អ ដែលយើងបានសម្រិតសម្រាំងសុទ្ធតែកីឡាករលំដាប់ល្បីល្បាញ ដើម្បីបម្រើអារម្មណ៍មហាជនមកទស្សនាឲ្យពេញចិត្ត»៕