ភ្នំពេញ៖ កីឡាករ​ជើង​ចាស់​របស់​កម្ពុជា​ ឡុង ​សុភី ​មក​ពី​ក្លិប​សាលវ័ន្ត​កីឡា​ ទទួល​បាន​លទ្ធផល​ស្មើ​ជា​មួយ​កីឡាករ​ថៃ​ Phuong Siri​ ដែល​ការ​ប្រ​កួត​នេះ ​ត្រូវ​បាន​គេ​សង្ស័យ​ថា ​កីឡាករ​ថៃ​ទំនង​ជា​បន្ធូរ​ដៃ​ឲ្យ ​ឡុង​ សុភី​ ​ក្នុង​ការ​ប្រ​កួត​យ៉ាង​ជក់​ចិត្ត ​នៅលើ​សង្វៀន SEATV កាល​ពី​​ល្ងាច​ថ្ងៃ​សៅរ៍​។

ជាមួយ​គ្នា​នោះ​ដែរ ​​កីឡាករ​ជើង​ខ្លាំង​ជំនាន់​ក្រោយ​​ ធន់ ​អៀង​ឡៃ ​មក​ពី​សមាគម​ប្រ​ដាល់​ក្រសួង​ការ​ពារ​ជាតិ ​បាន​ចាញ់​កីឡាករ​ថៃ Mathy ដោយ​ពិន្ទុ ហើយនេះជា​ការ​បរាជ័យ​​ជា​លើក​ទី ​១ ​របស់ អៀងឡៃ ​ក្នុង​​ការ​ប្រកួត​​លក្ខណៈ​អន្តរជាតិ​ ព្រោះ​ការ​ប្រកួត ​៦ ​លើក​កន្លង​មក គេ​បាន​ឈ្នះ​រហូត។ ​

ធន់​ អៀង​ឡៃ​ ទើប​តែ​ទទួល​បាន​ជើង​ឯក​រង ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ ​ថ្មីៗ​នេះ ​​ហើយ​ក៏​មិន​ធ្លាប់​ចាញ់​កីឡាករ​បរទេស​ម្តង​ណា​នោះដែរ ប៉ុន្តែ​លើក​នេះ គេ​​បាន​ចាញ់​ជើង​ឯក​រង​មក​ពី​​ប្រទេស​​ថៃ​ Mathy ​ជា​លើក​ដំ​បូង​ ខណៈ​ក្នុង​​ការ​ប្រកួត​​ចំនួន ​៥ ​ទឹក​ពេញ​យ៉ាង​ជក់​ចិត្ត ​ធន់ ​អៀង​ឡៃ​ នៅ​តែ​មាន​សមត្ថភាព​ល្អ​ ស៊ូ​បាន​ល្អ​ គ្រាន់តែ​ចាញ់​ប្រៀប​​បន្តិច​បន្តួច​ប៉ុណ្ណោះ​។​​

ស្ថាន​ភាព​ប្រ​កួត​របស់ ​ធន់​​​ អៀង​ឡៃ ​មិន​មែន​ចាញ់​ដាច់​នោះ​ទេ​ គឺ​គេមាន​ប្រៀប​ទឹក​ទី​១ ​និង​ទឹកទី​៤ ចំណែក​ទឹក​ទី​២ ​ទី៣ ​និង​ទី៥​ ​កីឡាករ​ថៃ​ Mathy ​​មាន​ប្រៀប​បន្តិច​បន្តួច​ប៉ុណ្ណោះ​។ ក្រោយ​ការ​ប្រ​កួត​​ ធន់ ​អៀង​ឡៃ ​មិន​សប្បាយ​ចិត្ត​នឹង​លទ្ធផលទេ ​ហើយ​គេក៏​មិន​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​ដែរ​ ​ដោយ​គ្រាន់​តែ​ក្រ​វី​ក្បាល​ប៉ុណ្ណោះ​។

ទោះ​ជា​យ៉ាង​ណា ​តាម​រយៈ​ការ​ប្រ​កួត​អស់​ពី​សមត្ថភាព​បែប​នេះ ​ធន់​ អៀង​ឡៃ ​នឹង​មាន​ទី​ផ្សារ​ប្រ​កួត​ច្រើន​បំផុត​។​ លោក​ ញាន ​សុធី ​នាយក​គ្រប់​គ្រង​កម្ម​វិធី​​ប្រដាល់​នៅ SEATV បាន​និយាយ​ថា​៖ «​ចាញ់​ឬ​ឈ្នះ​ គឺ​ជា​រឿង​ធម្មតា​ ប៉ុន្តែ​ការ​ប្រ​កួត​អស់​ពី​សមត្ថភាព​បែប​នេះ​ សង្វៀន​ ឬ​អ្នក​រៀប​ចំណា​ក៏​ចង់​បាន​មក​ប្រ​កួត​ទៀត​ដែរ​»។​

កីឡាករ ធន់ អៀងឡៃ បាន​បង្ហាញ​ការ​មិនសប្បាយ​ចិត្ត នៅ​ពេល​លោកអាជ្ញាកណ្តាល​លើក​ដៃ​ឲ្យ​ដៃ Mathy ជា​អ្នក​ឈ្នះ​ពិន្ទុ។យឺន ពន្លក

ចំណែកការ​ប្រកួត​រវាង​​កីឡាករ​ ឡុង ​សុភី ​និង​​ជើង​ខ្លាំង​ខ្សែ​ក្រ​វាត់​៣​ស្ថាប័ន​ មក​ពី​ថៃ ​ Phuong Siri​ វិញ ​​ប្រ​សិន​បើ​ថៃ​វាយ​​សម្រុក​ខ្លាំង​នោះ​ ឡុង ​សុភី​ ប្រហែល​ជា​មិន​អាច​ទទួល​បាន​លទ្ធផល​ស្មើគ្នា​​ទេ​។​

សម្រាប់ការ​ប្រកួត ​២ ​ទឹក​ដំ​បូង​ ឡុង​ សុភី​ ហាក់​បី​ដូច​មាន​ប្រៀប ​ដោយ​វាយ​ចេញ​​បានច្រើន​ជាង ​ខណៈ​ Phuong Siri​ ព្យាយាម​ទប់​ទល់​ ដោយ​​មិន​ទាន់​វាយ​ចេញ​ច្រើន​នោះ ​ប៉ុន្តែ​នៅ​ក្នុង​ទឹក​ទី ​៣ ​​ពិសេស​ទឹក​ទី ​៤​ ​​ Phuong Siri​ ​ចេញ​ក្បាច់​ជង្គង់​យ៉ាង​ល្អ​ ចូល​​គោល​​ដៅ ​ធ្វើ​ឲ្យ​​ឡុង ​សុភី ​សឹង​តែ​សន្លប់​​ទៅ​ហើយ។​

ឡុង ​សុភី​ ដែល​ធ្លាប់​តែ​ជំនាញ​ក្បាច់​ចង្គង់​ និង​មាន​កម្ពស់​ខ្ពស់​ល្អ​ គឺ​ចាញ់​ប្រៀប​ក្បាច់​ជង្គង់​របស់​ Phuong Siri​ ដាច់​តែ​ម្តង ​ក្នុង​ទឹក​ទី៤​ ហើយ​​តាម​ការ​ទស្សនា​របស់​មហា​ជន ​គេ​មើល​ឃើញ​ថា ​ប្រ​សិន​បើ​​ Phuong Siri​ ​វាយ​សម្រុក​បន្ថែម ​នៅ​ទឹក​ទី៥ ​នោះ ​ឡុង​ ​សុភី ​មិន​អាច​ទទួល​បាន​លទ្ធផល​ស្មើ​នោះ​ទេ​ គឺ​ចាញ់​ថៃ​ដាច់​តែ​ម្តង​ តែ​នៅ​ទឹក​ទី៥ Phuong Siri​ មិន​បន្ត​វាយសម្រុកទៀត​នោះ​ទេ។

ទោះ​បីជា​យ៉ាង​ណា លោក យ៉ត ដែលជា​អ្នក​ឲ្យ​ទឹក​កីឡាករ​ថៃ​​ Phuong Siri​ បាន​​និយាយ ក្រោយការ​ប្រកួត​​ថា​៖ «​វ៉ៃ​បាន​ប៉ុណ្ណឹង ​នៅ​ស្រុក​ថៃ ​ធានា​ឈ្នះ​ដាច់​តែ​ម្តង​ ប៉ុន្តែ​នៅ​កម្ពុជា​ គេ​ឲ្យ​ស្មើ​ គឺ​ទទួល​យក​បាន​»។

​លោក​បាន​បន្ថែម​ថា៖«​នៅ​ប្រ​ទេស​ថៃ​ ប្រសិន​បើ​វាយ​ដាច់​ឈ្នះ​ក្នុង​ទឹក​ទី​៤​ គឺ​កីឡា​ករ​​​មិន​វាយ​សម្រុក​ទៀត​ទេ​ ដោយ​ទុក​ឱកាស​ឲ្យ​ដៃ​គូ​ចេះ​តស៊ូ​ ព្រោះ​វា​មិន​​មែនជា​ការ​​ប្រ​កួត​ដណ្តើម​ខ្សែ​ក្រ​វាត់​ទេ ​គឺគ្រាន់​តែ​ជា​ការ​ប្រកួត​​មិត្ត​ភាព​អន្តរជាតិ​»៕​