ភ្នំពេញ៖ អ្នក​ប្រដាល់​មាន​បទពិសោធ​ល្អ លំដាប់​ចាស់វស្សា ឡុង សំណាង របស់​ក្លិប​សាលវ័ន្ត​កីឡា​នៃ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ ត្រូវ​បាន​គណៈកម្មការ​ផ្គូផ្គង​របស់​សង្វៀន CNC ដាក់​ឱ្យ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​ខ្ចី​វស្សា ថៃ រ៉េត មក​ពី​ក្លិប​បញ្ជា​ការដ្ឋាន​ទ័ព​ពិសេស នៃ​ក្រសួង​ការពារ​ជាតិ​ក្នុង​ទម្ងន់ ៦៣,៥ គីឡូក្រាម នា​ថ្ងៃអាទិត្យ​នេះ ក្នុង​ឋានៈ​គូ​ឯក​ប្រចាំ​សប្តាហ៍ ហើយ​ភាគី​ទាំង ២ នេះ ហាក់​មាន​ការ​ខ្លាច​ញញើត ទៅ​លើ​ក្បាច់​សម្លាប់​គ្នា​រៀងៗ​ខ្លួន។

អ្នក​ប្រដាល់​ទាំង ២ នេះ មាន​បទពិសោធ​ខុស​ពី​គ្នា​ឆ្ងាយ ប៉ុន្តែ​ក្នុង​ទម្ងន់​ដូចគ្នា ពិត​ជា​លំបាក​យក​ឈ្នះ​គ្នា​ណាស់ ខណៈ​ដែល ឡុង សំណាង ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់ ២ ស្ថាប័ន និង​ពាន​ធំ ១ ក៏​មិន​ហ៊ាន​អួត​ក្អេងក្អាង​ដាក់​កីឡាករ​ជើង​ថ្មី ថៃ រ៉េត ដែរ ព្រោះ ថៃ រ៉េត ធ្លាប់​បំបាក់​ជើងចាស់​មួយ​ចំនួន​ឱ្យ​ចុះចាញ់​គួរ​ឱ្យ​កោត​សរសើរ​ខ្លាំង​ណាស់។

និយាយ​ពី​សមត្ថភាព​កម្រិត​វិជ្ជា​គុន​វិញ ឡុង សំណាង សាង​ភាព​ល្បីល្បាញ​ជាង ៥ ឆ្នាំ និង​មាន​សមត្ថភាព​លំដាប់​ប្រកួត​លក្ខណៈ​អន្តរជាតិ ព្រមទាំង​ធ្លាប់​ដណ្តើម​បាន​ជ័យជម្នះ​ក្នុង​ព្រឹត្តិការណ៍​សំខាន់ៗ ដូចជា ឈ្នះ​ខ្សែ​ក្រវាត់ Wurkz នៅ​សង្វៀន SEATV ឈ្នះ​ខ្សែ​ក្រវាត់​គោល​ជល់ នៅ CNC និង​ឈ្នះ​ពាន​រង្វាន់​ធំ នៅ TV5។

ចំណែក​កីឡាករ ថៃ រ៉េត បាន​សាង​ឈ្មោះ​ល្បីល្បាញ​ក្នុង​រយៈពេល ២ ឆ្នាំ ដោយ​មាន​បទពិសោធ​តិច​ជាង ឡុង សំណាង ហើយ​មិន​ធ្លាប់​បាន​ចូលរួម​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នោះ​ទេ ប៉ុន្តែ​ធ្លាប់​ឡើង​ប្រកួត​ជាមួយ​កីឡាករ​អន្តរជាតិ និង​ឈ្នះ​ប្រាក់​រង្វាន់​នៅ​សង្វៀន​ថោន ព្រម​ទាំង​ធ្លាប់​ផ្តួល​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​ចំនួន​ផង​ដែរ ខណៈ​ដែល​ស្នៀត​ប្រយុទ្ធ​វិញ វ៉ៃ​សម្រុក​គ្រប់​ទឹក គ្មាន​ចេះ​បន្ធូរដៃ​ទេ។

លោក ឡុង សាលវ័ន្ត គ្រូបង្វឹក ឡុង សំណាង បាន​និយាយ​ថា៖ «អ្នក​ប្រដាល់​ទាំង ២ នេះ​មិន​ធ្លាប់​ប្រកួត​គ្នា​ទេ ព្រោះ ឡុង សំណាង ហាត់​ឡើង​ប្រកួត​មុន​ដូច ៣ ឆ្នាំ ចំណែក​កីឡាករ ថៃ រ៉េត ទើប​តែ​ហាត់​ឡើង​ប្រកួត​ក្រោយ តែ​មាន​សមត្ថភាព​ល្អ ចិត្ត​ធំ ហ៊ាន​វ៉ៃ​ប្តូរ​កណ្តាប់​ដៃ​ល្អ។ ខ្ញុំ​គិត​ថា ឡុង សំណាង មាន​លទ្ធភាព​ឈ្នះ ប៉ុន្តែ​មាន​លក្ខណៈ​តឹងតែង​ណាស់ ព្រោះ​កណ្តាប់​​ដៃ​របស់ ថៃ រ៉េត បើ​បិទ ឬ​គេច​មិន​ផុត​ទេ អាច​នឹង​សន្លប់​ក៏​ថា​បាន​ដែរ»។

គ្រូ​បង្វឹក​រូប​នេះ បាន​បន្ថែម​ថា៖ «គូ​នេះ ខ្ញុំ​សង្ឃឹម​ឈ្នះ​តែ ៦០ ភាគរយ​ប៉ុណ្ណោះ ហើយ​អាច​ភ្លាត់​ស្នៀត​ចាញ់​ក៏​ថា ​បាន​ដែរ ព្រោះ​ជា​កីឡាករ​វ៉ៃ​សម្រុក​ខ្លាំងៗ​ដូច​គ្នា»។ ចំណែក ឡុង សំណាង ​និយាយ​ថា៖ «មិន​ហ៊ាន​និយាយ​ឈ្នះ​មុន​បាន​ទេ ព្រោះ​គេ​ល្អ​ដែរ ដោយ​ក្នុង​ទម្ងន់ ៦៣,៥ គីឡូក្រាម​នេះ ថៃ រ៉េត ល្បី និង​ធ្លាប់​ជាប់​ជម្រើសជាតិ​ផង​ដែរ»។

ចំណែក​លោក ឡៅ ស៊ីណាត គ្រូបង្វឹក​ជំនួយ​របស់​កីឡាករ ថៃ រ៉េត បាន​និយាយ​ថា​៖ «ថៃ រ៉េត មាន​កណ្តាប់​ដៃ និង​ទាត់​ល្អ ប៉ុន្តែ​បើ​វ៉ៃ​ឱប​ឡើង​ជង្គង់ អាច​ចាញ់​ប្រៀប ឡុង សំណាង ហេតុ​នេះ ខ្ញុំ​រំពឹង​ឈ្នះ​តែ ៦០ ភាគរយ​ទេ»។

គ្រូ​បង្វឹក​វ័យក្មេង​រូប​នេះ បាន​បន្ថែម​ថា៖ «ខ្ញុំ​យល់​ថា យើង​ខ្ចី​វស្សា និង​មាន​បទពិសោធ​តិច​ជាង​គេ​បន្តិច ហេតុ​នេះ​ក្បាច់​ឱប​ឡើង​ជង្គង់​លំបាក​ឈ្នះ ប៉ុន្តែ​បើ​វ៉ៃ​ឆ្ងាយ និង​ចេញ​កណ្តាប់ដៃ បាន​ចូល​គោលដៅ​ល្អ​វិញ មាន​លទ្ធភាព​ឈ្នះ​ច្រើន។ យ៉ាងណា​ក៏​ដោយ សម្រាប់​គូ​នេះ មិន​អាច​ទស្សន៍ទាយ​មុន​បាន​ទេ គឺ​ស៊ីសង​ពេល​ប្រកួត​ជាក់​ស្តែង​ផ្ទាល់​នៅ​លើ​សង្វៀន​ថា ​តើ​គួរ​ផ្លាស់ប្តូរ​វ៉ៃ​តាម​វិធី​ណា?»។

សម្រាប់​ការ​ប្រកួត​គូ​ឯក ១ គូ​នេះ បាន​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ទស្សនា ប៉ុន្តែ​អ្នក​និយម​តាមដាន​ទស្សនា​ប្រដាល់​ភាគ​ច្រើន គេ​មាន​ទំនុក​ចិត្ត​ខ្លាំង​ទៅ​លើ​កីឡាករ​ជើងចាស់ មាន​ពិសោធ​ល្អ គឺ ឡុង សំណាង ច្រើន​ជាង ថៃ រ៉េត៕