ភ្នំពេញ៖ កីឡាករកម្ពុជា ឡុង សំណាង បានផ្តួលជើងខ្លាំងរបស់ ថៃ Pha Yalek ឲ្យសុំចុះចាញ់នៅត្រឹមទឹកទី ៤ ដើម្បីបញ្ចប់ភាពសង្ស័យ ក្នុងការស្វែងរកជើងខ្លាំងតំណាងឲ្យកម្ពុជា ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាមួយ ថៃ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ Wurkz ទម្ងន់ ៦៣,៥ គីឡូក្រាម នៅលើសង្វៀន SEATV ប៉ុន្តែ ឌុម កែវដា ត្រូវបានថៃ Aram Boy វ៉ៃឲ្យបែកថ្គាម និងសុំចុះចាញ់ត្រឹម ៣ ទឹកប៉ុណ្ណោះ។
សម្រាប់ការប្រកួតជម្រុះជុំទី ៣ កាលពីថ្ងៃអាទិត្យ ម្សិលមិញ ឡុង សំណាង បានព្យាយាមទាត់ជើងក្រោម បណ្តាលឲ្យ Pha Yalek ខូចជើងនៅចុងទឹកទី ៣ និងត្រូវអាជ្ញាកណ្តាលរាប់ចំនួន ៨ ហើយត្រូវបានសង្គ្រោះដោយស្នូរជួង ប៉ុន្តែពេលចូលដល់ទឹកទី ៤ Pha Yalek នៅឈឺជើងសុំចុះចាញ់ ដោយមិនអាចបន្តការប្រកួតបាន។
ការឈ្នះ ៣ ពិន្ទុបន្ថែម តាមរយៈការផ្តួល Pha Yalek ឲ្យសុំចុះចាញ់នៅទឹកទី ៤ នេះ បានធ្វើឲ្យ ៣ ប្រកួតរបស់ ឡុង សំណាង ឈ្នះទាំង ៣ និងបាន៩ពិន្ទុខ្ពស់ជាងគេក្នុងពូលកម្ពុជា ព្រោះប្រកួតលើកទី ១ ឡុង សំណាង បានឈ្នះពិន្ទុ Fa Nemith មុនទៅផ្តួលថៃ Pehieng ឲ្យសន្លប់ក្នុងទឹកទី ៤។
ចំណែក ឌុម កែវដា វាយបានល្អជាមួយ Aram Boy បានតែ ២ ទឹកប៉ុណ្ណោះ ប៉ុន្តែពេលចូលដល់ទឹកទី ៣ ចាញ់ប្រៀបថៃ ហើយថែមទាំងទទួលរងនូវស្នៀតកែងចូលប្រអប់មាត់បណ្តាលឲ្យបែកថ្គាម ហូរឈាម រហូតលោកគ្រូពេទ្យប្រចាំសង្វៀន បញ្ឈប់ការប្រកួតតែម្តង។ប៉ុន្តែដោយសារ Aram Boy បានឡើងមកប្រកួតត្រឹមជាអ្នកជំនួស Loom Leng ដែលអវត្តមាននោះ នាំឲ្យ ឌុម កែវដា ទទួលបាន ៣ ពិន្ទុ ដោយស្វ័យប្រវត្តិ រួចទៅហើយ។
យោងតាមលទ្ធផលការប្រកួតជុំទី ៣ នេះ បានបញ្ជាក់ច្បាស់ថា ឡុង សំណាង នឹងត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមយកខ្សែក្រវាត់ និងប្រាក់រង្វាន់ ៥ ពាន់ដុល្លារ ជាមួយកីឡាករថៃ តំណាងឲ្យកម្ពុជា នៅវគ្គផ្តាច់ព្រ័ត្រ ព្រោះការប្រកួតលើកទី ៤ ឡុង សំណាង ត្រូវប៉ះ Loom Leng ដែលបានដកខ្លួនចេញពីការប្រកួតនេះហើយ ហេតុនេះ ឌុម កែវដា ដែលមានត្រឹម៧ពិន្ទុ នឹងសល់ ១ ប្រកួតទៀតដូចគ្នា មិនអាចតាមទាន់ ឡុង សំណាង នោះទេ។
ការដកខ្លួនរបស់ Loom Leng បានធ្វើឲ្យពូលថៃ នៅសល់តែកីឡាករ ៣ នាក់ មាន Fa Nemith, Pehieng និង Pha Yalek ប៉ុន្តែអ្នកទាំង៣នេះ សុទ្ធតែចាញ់ ២ និងឈ្នះ ១ ប្រកួត មាន ៤ ពិន្ទុដូចគ្នា។ ហេតុនេះ គេនៅមិនទាន់ដឹងថា កីឡាកររូបណា ត្រូវឡើងទៅជួប ឡុង សំណាង នៅវគ្គផ្តាច់ព្រ័ត្រនោះទេ គឺត្រូវរង់ចាំការប្រកួតជម្រុះលើកទី ៤ ចុងក្រោយ បញ្ចប់ ទើបដឹងច្បាស់។
ជុំវិញការអវត្តមានរបស់ Loom Leng លោក ញាន សុធី នាយកគ្រប់គ្រងកម្មវិធីប្រកួតប្រចាំសង្វៀន SEATV បានប្រាប់ថា៖«ការប្រកួតខ្សែក្រវាត់នេះ ទោះបីកីឡាករថៃ Loom Leng អវត្តមាន ប៉ុន្តែរូបមន្ត និងលក្ខខណ្ឌប្រកួត នៅតែដំណើរការបានជាធម្មតា គឺត្រូវជ្រើសរើសយកកីឡាករថៃម្នាក់ និងកីឡាករកម្ពុជាម្នាក់ ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ តាមការកំណត់តាំងពីលើកដំបូង»៕