ភ្នំពេញ៖ កីឡាករជើងខ្លាំង ឡៅ ចិត្ត្រា បានទម្លាយថា ការឈ្នះខ្សែក្រវាត់មាស អមជាមួយប្រាក់រង្វាន់ ១ ម៉ឺនដុល្លារ ពីព្រឹត្តិការណ៍អធិរាជគុនខ្មែរ ISI Palm នៅលើសង្វៀន PNN កាលពីថ្ងៃអាទិត្យ វាជាជោគជ័យមួយផ្នែកទៀត នៅក្នុងអាជីពរបស់គេ ដែលធ្វើឲ្យរូបគេកាន់តែមានទំនុកចិត្តក្នុងការខំប្រឹងប្រែងបន្ថែម ដើម្បីឈានទៅសម្រេចគោលចំណងធំរបស់គេ នៅក្នុងការប្រកួតស៊ីហ្គេម។
សិស្សគណរបស់ក្លិបកងពលតូចពិសសេសឆត្រយោង ៩១១ ឡៅ ចិត្ត្រា ដែលធ្លាប់ឈ្នះបានមេដាយសំរឹទ្ធពី ការប្រកួតស៊ីហ្គេម កាលពីឆ្នាំ ២០១៧ នោះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ ក្រោយការប្រកួតថា៖ «ការឈ្នះបានខ្សែក្រវាត់មាស នៅពេលនេះ វាធ្វើឲ្យខ្ញុំសម្រេចជោគជ័យក្នុងអាជីពរបស់ខ្ញុំបាន ៦៥ ភាគរយហើយ គឺខ្ញុំត្រូវខំប្រឹងបន្តទៀត ដើម្បីឈានទៅសម្រេចគោលបំណងរបស់ខ្ញុំធំ គឺការឈ្នះមេដាយមាស នៅស៊ីហ្គេម»។
ឡៅ ចិត្ត្រា ដែលជាបេក្ខភាពម្នាក់ត្រូវចេញទៅប្រកួតស៊ីហ្គេម នៅប្រទេស ហ្វីលីពីន ចុងឆ្នាំ ២០១៩ នេះ បានបន្ថែមថា៖ «កាលពីទៅស៊ីហ្គេមលើកមុន ខ្ញុំបានត្រឹមមេដាយសំរឹទ្ធ តែលើកនេះ ខ្ញុំត្រូវខំប្រឹងធ្វើម៉េចឲ្យបានមេដាយល្អជាងមុន អ៊ីចឹងខ្ញុំនឹងយកការប្រឹងប្រែងហ្វឹកហាត់ ក្នុងការប្រកួតខ្សែក្រវាត់នេះ ទៅប្រកួតនៅស៊ីហ្គេម ដើម្បីសម្រេចបំណងធំរបស់ខ្ញុំ»។
សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់មាស ក្នុងទម្ងន់ ៦០ គីឡូក្រាម នៅលើសង្វៀន PNN កាលពីថ្ងៃអាទិត្យនោះ ឡៅ ចិត្ត្រា បានប្រើពេល ៣ នាទី និង ៤០ វិនាទី ក្នុងការផ្តួលអ្នកល្បីស្រករក្រោយ លន បញ្ញា ឲ្យសន្លប់ ហើយស្ថិតិនេះបានធ្វើឲ្យ ចិត្ត្រា ក្លាយជាកីឡាករដែលមានកំណត់ត្រាល្អបំផុត គឺការផ្តួលគូប្រកួតឲ្យសន្លប់ក្រោមទឹកទី ២ ទាំង ៤ ប្រកួត ដើម្បីឈ្នះបានខ្សែក្រវាត់មាស និងប្រាក់រង្វាន់ ១ ម៉ឺនដុល្លារ លើកនេះ។
អ្នកទស្សនាផ្ទាល់ ពិតជាមានការភ្ញាក់ផ្អើលខ្លាំង នៅពេលឃើញ ឡៅ ចិត្ត្រា បានវាយប្រហារទៅលើ លន បញ្ញា ដោយគ្មានត្រាប្រណីនោះ គឺរូបគេបានវាយសម្រុកភ្លាមៗ ហើយទម្ងន់នៃការវាយចេញដោយការម៉ាត់ ទាត់ បុកជង្គង់ ពិសេសកែងពិឃាតរបស់គេ បានបណ្តាលឲ្យ លន បញ្ញា ដួលទាំងវង្វេង និងត្រូវបានអាជ្ញាកណ្តាលរាប់នៅចុងទឹកទី ១។
ឈានចូលទឹកទី ២ លន បញ្ញា បានបើកការវាយលុកភ្លាមៗ ក្នុងបំណងស្តារដើមមកវិញ ប៉ុន្តែត្រូវបាន ឡៅ ចិត្ត្រា ម៉ាត់ ទាត់ បុកជង្គង់ និងវាយកែងចូលពេញៗយ៉ាងគ្រាំគ្រា និងមានស្នាមបែកនៅលើចិញ្ចើមផងដែរ ហើយនៅពេល បញ្ញា កំពុងវិលវល់នោះ ចិត្ត្រា បានវាយកែងឆ្វេងចូលថ្គាម រួចបុកជង្គង់ចូលពោះ និងបន្ថែមដោយកែងឆ្វេងទៀត បណ្តាលឲ្យកីឡាករ លន បញ្ញា ដួលដេក ជាមួយការក្អួតចេញមកក្រៅ ក្នុងពេលអាជ្ញាកណ្តាលរាប់ដ៏គួរឲ្យសង្វេគ។
ជុំវិញការសម្រេចផ្តួល លន បញ្ញា ត្រឹមទឹកទី ២ ដោយគ្មានការអាណិតអាសូរនេះ ឡៅ ចិត្ត្រា បានបញ្ជាក់ថា៖ «ដំបូងខ្ញុំយល់ថា លន បញ្ញា តាំងចិត្តមកវាយ ដូច្នេះខ្ញុំគិតថា យ៉ាងហោចណាស់ក៏បាន ៤ ទៅ ៥ ទឹកដែរ ប៉ុន្តែក្រោយគាត់ចូល ២-៣ ជង្គង់នៅទឹកទី ១ កម្លាំងគាត់ហាក់ធ្លាក់ចុះ ហើយពេលនោះខ្ញុំគិតថា មិនបាន ៣ ទឹកទេ។ បន្ទាប់ពីឃើញគាត់រាងទ្រុឌទ្រោម ខ្ញុំក៏វាយផ្តាច់តែម្តងទៅ»។
ចំណែក លន បញ្ញា ដែលទទួលបានប្រាក់រង្វាន់ ៨ លានរៀល សម្រាប់ចំណាត់ថ្នាក់លេខ ២ នេះ បាននិយាយថា៖«នេះជាការចាញ់ធ្ងន់ធ្ងរជាងគេ ក្នុងអាជីពប្រដាល់របស់ខ្ញុំ ប៉ុន្តែវាដូចអត់មានអ្វីប្លែកទេ ព្រោះគាត់ល្អគ្រប់ស្នៀត និងចាញ់លឿនគាត់។ មុនការប្រកួតខ្ញុំគិតថា អាចទប់គាត់បានច្រើនទឹក តែមិននឹកស្មានដល់បែបនេះ ព្រោះគាត់លឿនពេក គឺនៅពេលចូលជង្គង់ ខ្ញុំគាំងវាយលែងចេញតែម្តង»។
សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យនោះ មានអ្នកទស្សនាផ្ទាល់ជាង ២ ពាន់នាក់ និងមានអ្នកទស្សនាតាមការផ្សាយផ្ទាល់រាប់ម៉ឺននាក់ទៀត។ បើតាមការប្រកាសនាពេលនោះ គឺក្រុមហ៊ុន ISI Palm និងបន្តឧបត្ថម្ភដល់ PNN ដើម្បីរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់មាស រដូវកាលទី ២ ជាបន្តទៀត ហើយលោក ស្រ៊ឺ ស្រេង អ្នកគ្រប់គ្រងកម្មវិធីកីឡា នៅ PNN បានប្រាប់ថា រដូវកាលទី ២ នឹងធ្វើក្នុងទម្ងន់ ៥៧ គីឡូក្រាមវិញម្តង៕