ភ្នំពេញ៖ កីឡាករជើង​ខ្លាំង​របស់​កម្ពុជា ឡៅ​ ចិត្ត្រា​ ​របស់​ក្លិប​កង​ទ័ព​ឆត្រ​យោង​ ៩១១ បាន​​ផ្តួល​កីឡាករ​ថៃ ​Sok Savorth ​ឲ្យ​សន្លប់​លឿនបំផុត ​ត្រឹម​រយៈ​ពេល​មួយ​នាទី​ ចំណែក​កីឡាករវ័យ​ក្មេង​ ឡុង​ ឡា​ មក​ពី​ក្លិប​អប់​រំកាយ​​ស្រុក​អន្លង់​វែង​ខេត្ត​ឧត្តរ​មាន​ជ័យ ​ដែល​ទើប​តែ​សាង​ឈ្មោះ​ល្បី​ថ្មី​ថ្មោង​នោះ ​បាន​​យក​​ឈ្នះ​កីឡាករ​ថៃ ​Chai Sing​ ​ដោយ​ពិន្ទុ​ ទាំង​លំបាក​​បំផុត​ នៅ​សង្វៀន SEATV កាល​ពី​យប់​ថ្ងៃ​អាទិត្យ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ​សមត្ថភាព​របស់​កីឡាករ ​ឡុង ​ឡា ​ពិត​ជា​ល្អ​ក្បាច់​ជង្គង់​ និងមាន​​កម្លាំង​ប្រកួត​ធានា​បាន​៥​ទឹក​បាន​ល្អ ​គួរ​ឲ្យ​កត់​សម្គាល់​ ខណៈ​ដែល​ការ​ប្រ​កួត​ក្នុង​ស្រុក ​មិន​សូវ​មាន​គេ​ស្គាល់ ​ប៉ុន្តែ​ជា​កីឡាករ​ដែល​ប្រកួត​ភាគ​ច្រើន​នៅ​ក្រៅ​ស្រុក​​។

​នៅ​ក្នុង​ជំនួប​ប្រ​កួត​ស្វិត​ស្វាញ​ដ៏​ជក់​ចិត្ត​ខ្លាំង ​ខណៈ​ដែល​ក្បាច់​ប្រយុទ្ធ​រវាង​កីឡាករ​ថៃ​ Chai Sing ​ក៏​​ល្អ​នោះ ​ពួក​គេ បាន​​ប្តូរ​ក្បាច់​ជង្គង់ ​និង​ស្នៀត​ទាត់​ដាក់​គ្នា​ បង្ហាញ​ពី​សមត្ថភាព​ល្អ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដូច​គ្នា​។ ​ទោះ​ជា​យ៉ាង​ណា​ លទ្ធផល​ប្រ​កួត​ ៥ ទឹក ​គណៈ​កម្មការ​ប្រកាស​ឲ្យ​ ​ឡុង ​ឡា​ ជា​អ្នក​ឈ្នះ​យ៉ាង​​តាន​តឹង​បំផុត​​។​

លោកអាជ្ញា​កណ្តាល បាន​លើក​ដៃឲ្យកីឡាករ ឡុង ឡា ​ឈ្នះ​ពិន្ទុ​អ្នក​ប្រដាល់​ថៃ Chai Sing។ រូបថត ពន្លក

លោក​ Rik KY គ្រូ​បង្វឹក​ ឡុង​ ឡា​ បាន​និយាយ​ថា​៖​«ឡុង​ ឡា​ មាន​ប្រ​វត្តិ​ប្រ​កួត​ ​៦៥ ​ដង ឈ្នះ​ ៥១​ ចាញ់​ ១១​ និង​ស្មើ​ ៣ ដង ​ប៉ុន្តែ​ធ្លាប់​ប្រ​កួត​នៅ​ក្រៅ​ប្រទេស​ច្រើន​មក​ហើយ ​គឺ​ជាង​​ ២០​ លើក​ឯណោះ​។​ ​ឡុង​ ឡា​ ជា​កីឡាករ​វ័យ​ក្មេង​ ដែល​ការ​ប្រ​កួត​មិន​ងាយ​នឹង​ចុះ​ចាញ់​ដៃ​គូ​ងាយ​ៗ​នោះ​​ទេ ហើយ​សេវា​ប្រ​កួត​របស់​គេ​ ចេញ​ទៅ​ក្រៅ​ជា​មួយ​គូ​អន្តរ​ជាតិ​ តាម​រយៈ​អ្នក​គ្រូ​ សុខុម​ ជា​ប្រធាន​ក្លិប​ និង ​លោក ​ហ៊ុន ​ចាន់​រាជ​»។

ចំណែក​កីឡាករ​ឆ្នើម ​ឡៅ ​ចិត្ត្រា​ បាន​ចំណាយ​ពេល​ខ្លី​បំផុត ​ក្នុង​ការ​ផ្តួល​​ដៃ​គូឲ្យ​សន្លប់ បាន​ ដោយ​មិន​ឲ្យ​ឈឺ​ខ្លួន​​ទាន់​។ ​គ្រាន់​តែ​ស្នូរ​ជួង​ទឹក​ទី​ ១​ ភ្លាម ​ចិត្ត្រា ​បាន​ព្យាយាម​ចូល​សម្រុក​ទាត់​ជើង​ក្រោម​ ​គ្មាន​ស្ទាប​ស្ទង់ទេ​។

​បន្ថែម​ពី​លើ​នេះ​ ឡៅ ចិត្ត្រា បាន​ប្រើ​ក្បាច់​ដាល់​ធ្ងន់ៗ​​ចូល​គោល​ដៅ​ល្អ​ ធ្វើ​ឲ្យ​កីឡាករ​ថៃ​ស្រុះ​​កម្លាំង​។ ​ភ្លាម​នោះ ចិត្ត្រា បាន​ប្រើ​កណ្តាប់​ដៃ​ឆ្វេង​​ម៉ាត់​ចូល​មុខ​កីឡាករ​ថៃ​ Sok Savorth​ បណ្តាល​ឲ្យ​ដួល​អុក​គូទ ​ហើយ​អាជ្ញា​កណ្តាល ​យឹម ​សុខុម​ រាប់​ដល់​៨ ​ទើប​ងើប​មក​ហើយ​ដួល​ទៅ​វិញ ​នាំ​ឲ្យ​អាជ្ញា​កណ្តាល​​បញ្ឈប់​ការ​ប្រ​កួត​តែ​ម្តង ​និងបាន​ផ្តល់​​ជ័យ​ជម្នះ​ទៅ​ ឡៅ​ ចិត្រា​៕