ក្រុងឡុងដ៍៖ សមាគមបាល់ទាត់អង់គ្លេស (FA) បានប្រកាសថា ប្រទេស អង់គ្លេស បានលក់សំបុត្រដាច់អស់ជាលើកដំបូងសម្រាប់ការប្រកួតរបស់នារីនៅមុនពេលការប្រកួតមិត្តភាពរវាងក្រុមនារីអង់គ្លេស និងនារីអាល្លឺម៉ង់នៅកីឡដ្ឋាន Wembley។
កីឡដ្ឋានដែលអាចផ្ទុកមនុស្សបានចំនួន ៩០ ០០០ នាក់ នៅថ្ងៃទី ៩ ខែវិច្ឆិកានោះ នឹងក្លាយជាកីឡដ្ឋានដែលមានអ្នកទស្សនាច្រើនជាងគេបំផុតសម្រាប់ការប្រកួតបាល់ទាត់នារីនៅចក្រភពអង់គ្លេសពោល គឺច្រើនជាងចំនួនអ្នកទស្សនាការប្រកួតអូឡាំពិកឆ្នាំ ២០១២ ដែលក្រុមបាល់ទាត់នារីអាមេរិកបានឈ្នះក្រុមនារីជប៉ុនទៅទៀត ហើយពេលនោះ គឺមានអ្នកចូលទស្សនាចំនួន ៨០ ០០០ នាក់ នៅកីឡដ្ឋាន Wembley នេះដែរ។
ទន្ទឹមនេះដែរ ចំនួនអ្នកទស្សនាជាប្រវត្តិសាស្ត្រសម្រាប់ការប្រកួតក្រុមនារីអង់គ្លេសនេះ គឺមានចំនួនច្រើនជាងចំនួន ៤៥ ៦១៩ នាក់សម្រាប់ជំនួបពីមុនរវាងក្រុមនារីអង់គ្លេស និងក្រុមអាល្លឺម៉ង់នៅកីឡដ្ឋានដដែលនេះ កាលពីឆ្នាំ ២០១៤។
ក្រុមអង់គ្លេសបានលេងនៅចំពោះមុខហ្វូងអ្នកទស្សនាចំនួន ២៩ ២៣៨ នាក់ នៅកីឡដ្ឋាន Riverside កាលពីដើមខែនេះដែលជាចំនួនច្រើនបំផុតមួយសម្រាប់ការប្រកួតរបស់ក្រុមតោញីកំណាចទាំង ៣ នេះ នៅខាងក្រៅបរិវេណកីឡដ្ឋាន Wembley ក្នុងប្រកួតជាលើកដំបូងតាំងពីបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup របស់នារី។
ប៉ុន្តែការប្រកួតដែលនឹងធ្វើនៅពេលខាងមុខនេះ គឺមានអ្នកចូលទស្សនាតិចជាងចំនួនអ្នកចូលទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៩៩ រវាងជម្រើសជាតិនារីអាមេរិក និងចិន នៅកីឡដ្ឋាន Rose Bowl នៅរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក ដែលពេលនោះមានចំនួនអ្នកទស្សនា ៩០ ១២៥ នាក់។
អ្នកស្រី Sue Campbell នាយិកាសមាគមបាល់ទាត់នារីបាននិយាយថា៖ «នេះជាការបង្ហាញដ៏សំខាន់មួយពីការគាំទ្រក្រុម និងបុគ្គលិករៀបចំការប្រកួតនេះ ក្រោយពីមានការរីកចម្រើនរយៈពេល ១ ឆ្នាំ សម្រាប់ជម្រើសជាតិអង់គ្លេសមួយនេះ»។
អ្នកស្រីនាយិការូបនេះបានបន្ថែមថា៖ «ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកគ្រប់គ្នាដែលបានទិញសំបុត្រ ព្រោះយើងមិនដែលឃើញស្ថានភាពគាំទ្រដ៏ច្រើនបែបនេះពីមុនមកនោះទេ»។
អ្នកស្រី Sue បានបន្ថែមទៀតថា៖ «យើងបានចាប់ផ្ដើមឆ្នាំនេះ ជាមួយជោគជ័យឈ្នះពានរង្វាន់ SheBelieves Cup ហើយបានមានឱកាសលេងនៅព្រឹត្តិការណ៍ World Cup រួមទាំងឱកាសលេងនៅការប្រកួតអូឡាំពិកក្រុងតូក្យូផងដែរ ដោយយើងមានការរីកចម្រើនច្រើននៅក្នុងឆ្នាំ ២០១៩ នេះ ហើយខ្ញុំផ្ទាល់សូមអរគុណអ្នកគ្រប់គ្នាដែលបានជួយគាំទ្រយើងនៅគ្រប់ពេលវេលាបែបនេះ»។
នាយិកាសមាគមបាល់ទាត់រូបនេះបានបន្តថា៖ «អ្វីដែលវាកាន់តែពិសេសទៀតនោះ គឺបានឃើញអ្នកគ្រប់គ្នាបានជួយទិញសំបុត្រចូលទស្សនានៅថ្ងៃនោះ ដើម្បីជួយបង្កើនការបំបែកកំណត់ត្រានៅគ្រប់ពេលវេលា»៕ SN