ភ្នំពេញ៖ ​លោក Scott Neeson ស្ថាបនិក និង​នាយក​អង្គការ​មូលនិធិ​កុមារ​កម្ពុជា Cambodian Children''s Fund (CCF ) ​បាន​អះអាង​ថា លោក​នឹង​បន្ត​ជួយ​ដល់​ស្ថាបនិក​អង្គការ Happy Football Cambodia Australia (HFCA) លោក Paraic Grogan ដើម្បី​ឲ្យ​អង្គការ​នេះ មាន​លទ្ធភាព​​បន្ត​​បណ្តុះបណ្តាល​បាល់​ទាត់ ដល់​ក្រុម​យុវជន គ្មាន​ទីពឹង​នៅ​កម្ពុជា ក្នុង​ការ​ជំរុញ​ឲ្យ​ពួក​គេ​ អាច​ក្លាយ​ទៅ​ជា​កីឡាករ និង​កីឡាការិនី​អាជីព​នា​ពេល​អនាគត។

អតីត​ផលិតករ​ភាពយន្ត​រឿង ហូលីវូត ជនជាតិ​ស្កុតឡេន កាត់ អូស្រ្តាលី លោក Scott Neeson ដែល​បាន​ការ​បង្កើត​អង្គការ CCF ដើម្បី​ជួយ​កែប្រែ​ខ្សែ​ជីវិត​​ក្មេងៗ​កម្ពុជា ​រស់នៅ​លើ​គំនរ​សំរាម​នៅ​ស្ទឹងមានជ័យ​នោះ បាន​ថ្លែង​ថា៖ ​«​ការ​ជួយ​ដល់​អង្គការ HFCA រយៈពេល​ ​១០ ​ឆ្នាំ​នេះ គឺ​ខ្ញុំ​ចង់​ផ្តល់​ឱកាស​ឲ្យ​ក្មេង​ក្នុង​អង្គការ​នេះ ​បាន​លេង​កីឡាបាល់​ទាត់ ដើម្បី​ទទួល​នូវ​សុខភាព​រាងកាយ​ និង​ចង់​ឲ្យ​ពួក​គាត់ ​​ប្រើប្រាស់​ពេលវេលា​នៃ​ការ​រស់នៅ​ឲ្យ​បាន​​ត្រឹមត្រូវ»។

លោក Scott ថ្លែង​បែប​នេះ នៅ​ពេល​លោក​​ចូលរួម​នៅ​ក្នុង​ពិធី​កម្រប់​ខួប ​១០ ​ឆ្នាំ ​នៃ​កិច្ច​សហការ​ប្រតិបត្តិការ​រួម​គ្នា​លើ​វិថី​បាល់ទាត់ រវាង CCF និង HFCA ​នៅ​លើ​ទីលាន​ Cool Sport Club កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ហើយ​ក្រោយ​​ប្រកួត​រវាង​ថ្នាក់​ដឹកនាំ និង​ក្មេងៗ​មក​ពី​អង្គការ​ទាំង ​២ ​នា​ថ្ងៃ​នោះ លោក Paraic Grogan ក៏​បាន​ប្រគល់​ពាន​ឆ្នើម​ដល់​លោក Scott Neeson និង​កីឡាការិនី ដាណេត ដែល​ដណ្តើម​បាន​ពាន​រង្វាន់​កិត្តិយស​ប្រចាំ​ឆ្នាំ​ផង​ដែរ។

ទាំង​ទឹក​មុខ​ញញឹម លោក Scott Neeson បាន​បន្ថែម​ថា៖ ​«ខ្ញុំ​ចង់​រួម​គ្នា ជាមួយ HFCA ដើម្បី​លើក​ស្ទួយ​វិស័យ​កីឡា តាមរយៈ​ការ​ជួយ​ក្មេងៗ​គ្មាន​ទីពឹង​ទាំង​នេះ ឲ្យ​បាន​លេង​កីឡាបាល់​ទាត់ ដោយ​ផ្តល់​​ឲ្យ​ពួក​គាត់​នូវ​​វិជ្ជាជីវៈ​បាល់ទាត់​ដ៏​ពិត​ប្រាកដ តាមរយៈ​ការ​ប្រកួត​ផ្សេងៗ និង​ការ​បណ្តុះបណ្តាល​នៅ HFCA ហើយ​អ្នក​ទាំង​នេះ​ ក៏​អាច​នឹង​ក្លាយ​ជា​កីឡាករ​អាជីព នាពេល​អនាគត​ផង​ដែរ ដូច្នេះ​​កិច្ច​សហការ​ប្រតិការ​រួម​គ្នា​រវាង CCF និង HFCA នឹង​បន្ត​មាន​រយៈពេល​យូរ​អង្វែង គឺ​អាច ​៣០ ​ឆ្នាំ ទៅ​មុខ​ទៀត»។

ចំណែក​លោក Paraic Grogan បាន​ថ្លែង​ថា៖ ​«​តាមរយៈ​ការ​ជួប​ឧបត្ថម្ភ​រយៈពេល ​១០ ​ឆ្នាំ ​ពី CCF នេះ បាន​ជួយ​ឲ្យ​អង្គការ​យើង ធ្វើ​បាន​ការងារ​ជា​ច្រើន ដូច​ជា​ការ​បើក​វគ្គ​បណ្តុះបណ្តាល​ឲ្យ​ក្មេងៗ​មក​ចូលរួម​លេង​កីឡា ​ទាំង​ការ​ហ្វឹកហាត់ និង​ការ​ប្រកួត​ផ្សេងៗ ហើយ​នេះ​ជា​សកម្មភាព​ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា ព្រោះ​ក្មេងៗ​ដែល​យើង​បាន​បណ្តុះបណ្តាល​មួយ​ចំនួន ក៏​បាន​វិវឌ្ឍ​ខ្លួន​លេង​នៅ​ក្លិប​អាជីព និង​ពាក់​កណ្តាល​អាជីព​ច្រើន​ផង​ដែរ»។

តាមរយៈ​ការ​ជួយ​ឧបត្ថម្ភ​ពី CCF របស់​លោក Scott បាន​ផ្តល់​ឱកាស​ឲ្យ​អង្គការ HFCA មាន​លទ្ធភាព​បង្កើត​កម្មវិធី​ហ្វឹកហាត់ និង​ប្រកួត​បាល់ទាត់​ ដើម្បី​ឲ្យ​ក្មេងៗ​រាប់រយ​នាក់ នៅ​អង្គការ​នេះ​អាច​បង្កើន​ជំនាញ​ផ្នែក​បាល់ទាត់​បន្ថែម​ទៅ​លើ​ការ​សិក្សា​ជំនាញ​ខ្លី​របស់​ពួក​គេ​ពី​មួយ​ជំនាន់ ទៅ​មួយ​ជំនាន់ ខណៈ​ពេល​នេះ​មាន​ក្មេងៗ​ចំនួន ​២០០ ​នាក់ កំពុង​ទទួល​បាន​ឱកាស​នេះ​ជា​បន្ត​ទៀត។

ជាមួយ​គ្នា​នេះ​ ​ក្មេងៗ​គ្មាន​ទី​ពឹង​​ចំនួន ​៦៥ ​នាក់ ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ចូលរួម​ការ​ប្រកួត​ពិភព​លោក​ជន​គ្មាន​ទីពឹង (Homeless World Cup) ​បាន ​​១០ ​លើក​ហើយ ហើយ​នៅ​ក្នុង​នោះ​កីឡាករ ហែម ស្រេង បាន​ក្លាយជា​កីឡាករ​អាជីព ដោយ​បាន​​លេង​នៅ​ក្លិប​គិរីវង់​សុខសែនជ័យ ខណៈ ម៉េង មុន្នីរ៉ា ក៏​បាន​លេង​នៅ​ក្លិប​បឹងកេត ផង​ដែរ។ ចំណែក​កីឡាករ​ជិត ​៥០ ​នាក់​ទៀត ​បាន​​បង្ហាញ​ខ្លួន​លេង​នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់​ពាក់​កណ្តាល​អាជីព​ ហើយ​កីឡាការិនី​ជាង ​៣០ នាក់ ក៏​បាន​លេង​នៅ​លីក​កំពូល​​របស់​អង្គការ​មួយ​ចំនួន តាមរយៈ​កិច្ច​សហប្រតិបត្តិការ​រវាង CCF និង HFCA នេះ​ផង​ដែរ។

នាយក​ HFCA លោក Paraic Grogan បន្ថែម​ថា៖ ​«​ភាព​ជា​ដៃ​គូ​របស់ CCF និង HFCA នៅ​ពេល​នេះ​កាន់​តែ​មាន​ភាព​រឹងមាំ ដោយ​យើង​បាន​បញ្ជូន​ក្រុម​កីឡាករ​របស់​យើង ទៅ​ប្រកួត Homeless World Cup ហើយ​ការ​ធ្វើ​ការងារ​ជាមួយ CCF គឺ​ដូច​គ្នា​​នឹង​ធ្វើ​ការងារ​ជាមួយ​ក្រុម​ជំនាញ​លំដាប់​ខ្ពស់​នៃ​បាល់​ទាត់ ដែល​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​ការ​រីក​ចម្រើន ហេតុ​នេះ​ខ្ញុំ​ចង់​ឲ្យ CCF និង HFCA បាន​ធ្វើ​ការងារ​ជាមួយ​គ្នា​យូរ​អង្វែង​ទៀត ដើម្បី​ជួយ​ដល់​ក្មេងៗ​ខ្វះ​ទី​ពឹង​នៅ​កម្ពុជា ដែល​នេះ​ជា​គោល​បំណង​សំខាន់​​នៃ​ភាព​ជា​ ដៃ​គូ​របស់​ពួក​យើង»៕