ប្រ៊ីសប៊េនៈ អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម Liverpool គឺ​លោក Robbie Fowler បាន​បំបាត់​មន្ទិល​សង្ស័យថា គាត់​ខ្វះ​បទពិសោធ ក្រោយពី​លោក​ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ថ្មី​នៃ​ក្រុម Brisbane Roar ដែល​កំពុង​លេង​ក្នុង​ក្របខ័ណ្ឌ​អូស្ត្រាលី A-League កាលពី​ថ្ងៃ​អង្គារ​។

អតីត​ខ្សែប្រយុទ្ធ​អង់គ្លេស​វ័យ​ ៤៤ ​ឆ្នាំ​រូបនេះ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល​ ២ ​ឆ្នាំ​ក្នុង​ការងារ​ដ៏សំខាន់​ដំបូង​របស់​គាត់​ចាប់​តាំងពី​សម្រាក​ពី​អាជីព​របស់​ខ្លួន​។

លោក Fowler បាន​និយាយ​ក្នុង​របាយការណ៍​ថា​៖ «​ខ្ញុំ​ពិតជា​កំពុង​ទន្ទឹង​រង់ចាំ​ទទួល​យក​ការងារ​ដ៏ប្រឈម​មួយ​នេះ ហើយ​ខ្ញុំ​ប្ដេជ្ញាចិត្ត​ថា​នឹង​នាំ​ភាពជោគជ័យ​មក​ឲ្យ​ក្លិប​ដែល​មាន​ប្រវត្តិ​ល្អ​មួយ​នៅក្នុង​ក្របខ័ណ្ឌ A-League​។ ខ្ញុំ​ពិតជា​អន្ទះសា​ចង់​ចាប់ផ្ដើម​ការងារ​នេះ​ខ្លាំង​ណាស់ និង​ចង់​ធ្វើការ​កែប្រែ​ឲ្យ​បានល្អ​»​។

លោក Fowler ធ្លាប់​ធ្វើ​ជា​គ្រូបង្វឹក​កីឡាករ​នៅ​ក្លិប​របស់​ថៃ Muangthong United និង​ធ្លាប់​ធ្វើ​ការងារ​នៅ​សាលា​របស់​ក្រុម Liverpool ផងដែរ​ប៉ុន្តែ​គាត់​មិន​ធ្លាប់​ធ្វើ​ជា​គ្រូបង្វឹក​ជាន់​ខ្ពស់​នោះ​ទេ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ Fox Sports បាន​ឲ្យ​ដឹងថា លោក Fowler ត្រូវបាន​ជ្រើសរើស​ចេញ​ពី​ក្នុង​ចំណោម​បេក្ខជន​ដែល​មាន​អាជីព​ប្រហែល​ ១០០ ​នាក់​ដើម្បី​បំពេញ​កន្លែង​ទំនេរ​មួយ​នេះ​នៅពេល​អតីត​ខ្សែប្រយុទ្ធ​ក្រុម Socceroos លោក John Aloisi បាន​លាឈប់​កាលពី​ចុង​ខែ​ធ្នូ​។

លោក Fowler បាន​ប្រាប់​កាសែត Brisbane Courier-Mail ថា​៖ «​ខ្ញុំ​ដឹងថា គេ​នឹង​និយាយ​ពី​បទពិសោធ ប៉ុន្តែ​ខ្ញុំ​ដឹង​អ្នក​មាន​បទពិសោធ​ចំពោះ​ការងារ​នេះ​»​។

លោក​បាន​បន្ត​ថា​៖ «​ប្រសិន​បើ​អ្នកណា​មួយ​ត្រូវ​ឡើង​មក​កាន់​ការងារ​ជា​អ្នកគ្រប់គ្រង​ថ្មី​មួយ ទោះ​ជា​មាន​​ ឬ​គ្មាន​បទពិសោធ​ក៏ដោយ ក៏​មិនមែន​មាន​ន័យ​ថា​អ្នក​នោះ​នឹង​ធ្វើ​ការងារ​បាន​ល្អ​នោះ​ដែរ​។

Fowler បន្ថែម​ថា​៖ «​អ្វី​ដែល​ខ្ញុំ​ដឹង​គឺថា​ខ្ញុំ​ជា​ជម្រើស​ល្អ គួរ​ឲ្យ​ទុកចិត្ត និង​មាន​សុវត្ថិភាព ហើយ​ខ្ញុំ​នឹង​ធ្វើ​អ្វីៗ​ដែល​ត្រូវ​ធ្វើឲ្យ​ចំ​គោលដៅ​តែ​ម្ដង​»​។

ប្រធាន​ប្រតិបត្តិ​ក្រុម Brisbane លោក David Pourre បាន​និយាយថា គាត់​សប្បាយចិត្ត​ដែល​ពួកគេ​មាន​គ្រូបង្វឹក​ល្អ​បែប​នេះ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ក្លិប​បាល់ទាត់ Brisbane Roar មាន​ទំនុកចិត្ត​ថា យើង​ជ្រើសរើស​បាន​មនុស្ស​ល្អ​ម្នាក់​ដែល​ជា​អ្នក​ស្រេកឃ្លាន​ចង់​បាន​ភាពជោគជ័យ​»​។

លោក​បាន​បន្ត​ថា​៖ «​ខ្ញុំ​ដឹងថា សមាជិក​យើង​ អ្នកគាំទ្រ​យើង និង​ម្ចាស់ជំនួយ​របស់​យើង​នឹង​មាន​ការរំភើប​ចិត្ត​ជា​មិន​ខាន​ចំពោះ​រដូវកាល​ឆ្នាំ​ ២០១៩-២០២០»​។

រហូត​មក​ដល់​ពេលនេះ ក្រុម Brisbane កំពុង​ស្ថិត​នៅ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការបញ្ចប់​រដូវកាល​ដ៏អាក្រក់​បំផុត មិន​ធ្លាប់​មាន​ដោយ​បាន​ឈ្នះ​តែ​ ៤ ​ប្រកួត​ប៉ុណ្ណោះ​នៅក្នុង​ចំណោម​ ២៦ ​ប្រកួត ហើយ​តាំងពី​លោក Aloisi បាន​ដើរ​ចេញ​ពី​ក្រុម​នេះ​ទៅ​លោក Darren Davies ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​បណ្ដោះអាសន្ន ហើយ​គេ​រំពឹង​ថា​គាត់​នឹង​ធ្វើ​ជា​ជំនួយការ​របស់​លោក Fowler​។

ចំណែក​ប្រវត្តិ​នៃ​ការប្រកួត​របស់​លោក Fowler វិញ គឺ​គាត់​ធ្លាប់​បាន​រក​គ្រាប់​បាល់​ចំនួន​ ១៦៣ ​គ្រាប់​នៅក្នុង​ការបង្ហាញ​ខ្លួន​ ៣៧៩​ លើក​នៅក្នុង​ក្របខ័ណ្ឌ Premier League ដែល​ភាគច្រើន​គឺ​លេង​ឲ្យ​ក្លិប​ដែល​ស្ថិត​នៅ​តំបន់ Merseyside នៅ​ប្រទេស​អង់គ្លេស​។

លោក Fowler បាន​ស្គាល់​ច្បាស់​ពី​ក្របខ័ណ្ឌ​អូស្ត្រាលី A-League ក្រោយពី​គាត់​ធ្លាប់​បាន​ប៉ះ​ជាមួយ​ក្រុម North Queensland Fury និង​ក្រុម Perth Glory នៅ​រយៈពេល​ចុងក្រោយ​នៃ​អាជីព​បាល់ទាត់​របស់​គាត់​៕ SN