ភ្នំពេញ៖ ​អតីត​អ្នក​ប្រដាល់​លំដាប់​ឆ្នើម​ជួរ​មុខ​របស់​កម្ពុជា ​ពេជ្រ​ សុផាន់ ​ដែល​ធ្លាប់​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់ ​៥៧ ​គីឡូ​ក្រាម នៅ​​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ​ក្នុង​ឆ្នាំ ​២០០៤ នោះ គឺ​​បច្ចុប្បន្ន​កំពុង​តែ​មាន​ការ​​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ​ក្នុង​ឋានៈ​ជា​គ្រូ​បង្វឹក​ម្នាក់ ​នៃ​ក្លិប​ប្រដាល់​ចលនា​យុវជន ​១៥៧​ ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ទទួល​បាន​ប្រាក់​កម្រៃ​ពី​តម្លៃ​ពលកម្ម​នេះ​ អាច​រស់​បាន​ក្នុង​ជីវភាព​មួយ​សាមញ្ញ​ និង​សមរម្យ​។

ជាមួយ​​នឹង​បទពិសោធ​តស៊ូ​លំបាក​ខ្លាំង ​កាល​នៅ​​ជា​កីឡាករ​ និង​​ធ្លាប់​ធ្វើ​ជា​គ្រូ​បង្វឹក​នៅ​ឯ​ប្រទេស ​អូស្ត្រាលី​ ចំនួន ​៤ ​ឆ្នាំ ​កន្លង​មក ​​ពេជ្រ​ សុផាន់​ អះអាង​ថា បច្ចុប្បន្ន​ រូប​គេ​​ទទួល​បាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត ​គឺ​ជា​គ្រូ​បង្វឹក​ផង និង​​ជា​គណៈកម្មការ​ប្រកួត​ផង ​ដែល​មាន​ក្របខ័ណ្ឌ​​​មន្ត្រី​រាជការ​ជា​ទាហាន​ក្នុង​កង​យោធពល​ខេមរភូមិន្ទ​ផង​ ហើយ​អ្វីៗ​ទាំង​អស់​នេះ ​បាន​ធ្វើ​ឲ្យ​ការ​ប្រឡូក​ចូល​នៅ​ក្នុង​វិស័យ​កីឡា​ប្រដាល់​អស់​ពេល​ជាង ​២០ ​ឆ្នាំ​នេះ ​គឺ សុផាន់ ​សប្បាយ​ចិត្ត​នឹង​ទទួល​យក​ជំនាញ​នេះ​។​

ជា​កូន​កសិករ​មាន​លំនៅ​ ឃុំ​ពោធិ៍​រំចាក​ ស្រុក​ព្រៃ​កប្បាស​ ខេត្ត​តាកែវ​ អតីត​កីឡាករ​ឆ្នើម ​ពេជ្រ សុផាន់ ​មាន​បងប្អូន​ចំនួន ​៥ ​នាក់ ​ក្នុង​នោះ​មាន​តែ ​២ ​នាក់​ប៉ុណ្ណោះ ​គឺ ​ពេជ្រ ​សីហា ​និង ​ពេជ្រ​ សុផាន់ ​នេះ​ឯង​ដែល​​បាន​ភ្ជាប់​ខ្លួន​ក្នុង​ការ​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ ហើយ​ការ​វិវឌ្ឍ​ខ្លួន​ពី​កីឡាករ​ជើង​ខ្លាំង មក​ធ្វើ​ជា​គ្រូ​បង្វឹក​ដោយ​ពេញ​ចិត្ត​ពេញ​ថ្លើម​នេះ ​ពេជ្រ ​សុផាន់ ​បាន​អះអាង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖​ «ភាព​ល្បី​ល្បាញ​ទៅ​បាន ​គឺ​ចេញ​ពី​ខ្លួន​យើង​មាន​សមត្ថភាព​ខ្លាំង​ជា​មុន​សិន ​បន្ទាប់​មក​ទើប​មាន​មជ្ឈដ្ឋាន​ ឬ​ស្ថាប័ន​ផ្សេងៗ​ជួយ​យើង​។​

កាល​ពី​អតីតកាល ​ពេជ្រ​ សុផាន់​ ជា​អ្នក​ប្រដាល់​ចិត្ត​ធំ មាន​​កណ្តាប់​ដៃ​វ៉ៃ​ចេញ​លឿន​ មិន​ដែល​ចេះ​បន្ធូរ​ដៃ​ឲ្យ​ដៃ​គូ​នោះ​ទេ​ ហើយ​រូប​គេ​បាន​សាង​ភាព​ល្បីល្បាញ ហើយ​ក៏​បាន​​ដឹក​នាំ​ប្អូន​បង្កើត​គឺ ​ពេជ្រ​ សីហា​ ឲ្យ​ដើរ​តាម​គន្លង​នេះ​ផង​ដែរ​។ ​ក្នុង​នាម​ជា​កីឡាករ​របស់​​​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ សុផាន់ ​ធ្លាប់​ឈ្នះ​ការ​ប្រកួត​​ជម្រើស​ជាតិ​​ប្រចាំ​​ឆ្នាំ ​ជា​បន្ត​បន្ទាប់​ក្នុង​ទម្ងន់ ​៥៧ ​គីឡូក្រាម​ ៦៣,៥ ​គីឡូក្រាម​ និង​ ៦៧ ​គីឡូក្រាម ​ពិសេស​គេ​ធ្លាប់​​ឈ្នះ​ខ្សែ​ក្រវាត់​ទម្ងន់ ​៥៧ ​គីឡូក្រាម​​ នៅ​​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ​ក្នុង​ឆ្នាំ ​២០០៤​។​

​អតីតកីឡាករ​ជើង​ខ្លាំង ពេជ្រ សុផាន់ បាន​ថតជាមួយ​សិស្ស​របស់​ខ្លួន ខណៈ ពេល​នេះ​រូប​គេ​កំពុងមានការ​ពេញចិត្ត​ នឹង​​មុខ​របរគ្រូ​បង្វឹក។ សហការី

ពេជ្រ ​សុផាន់​ បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ចូល​ហាត់​ និង​ប្រកួត​ដំបូង​ក្នុង​ឆ្នាំ ​១៩៩៩ ​នៅ​ស្តាត​ចាស់​ ហើយ​​ខ្ញុំ​ល្បីល្បាញ​ខ្លាំង ​ក្នុង​ទម្ងន់ ​៥៧ ​គីឡូ​ក្រាម ​និង​ទម្ងន់ ​៦៣,៥ ​គីឡូក្រាម។ ​ក្រៅ​ពី​ឈ្នះ​​ការ​ប្រកួត​​ជម្រើស​ជាតិ ជា​ច្រើន​ឆ្នាំ​ ខ្ញុំ​​ឈ្នះ​បាន​​ខ្សែ​ក្រវាត់ ​១ ​ក្រោយ​យក​ឈ្នះ​កីឡាករ ​ទ្រី​ គន្ធរ ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ និង​យក​ឈ្នះ​លើ​កីឡាករ​​ជើង​ខ្លាំង​មួយ​ចំនួន​ដូច​ជា ​ម៉ី ​សុភាព, ​សេង ​ប៊ុន​ថេន, ​វ៉ោយ ​សុធន់, ​ឡោ ​សំណាង ​និង ​ផាវ ​ភឿក ​ជា​ដើម​។ ​បន្ទាប់​មក​ ក្នុង​ទម្ងន់ ​៦៧ ​គីឡូក្រាម​ ខ្ញុំ​មាន​ប្រៀប​ឈ្នះ​គេ​ជានិច្ច​ ដោយ​វ៉ៃ​ដាច់​ទាំង​អស់​ គឺ​មាន​តែ ​ផល ​សុផាត​ ប៉ុណ្ណោះ​ដែល​មាន​ចាញ់​ ឈ្នះ​​ជាមួយ​​ខ្ញុំ រហូត​ដល់​ឆ្នាំ ​២០០៩​ ទើប​ខ្ញុំ​មាន​បញ្ហា​កម្លាំង​ធ្លាក់​ចុះ​ខ្លាំង ​ក៏​សម្រាក​ពី​កីឡាករ ​មក​ជា​ចូល​បម្រើ​ការ​ជា​គណៈកម្មការ​ប្រកួត​វិញ​ម្តង»​។

សុផាន់​ បាន​បន្ត​ថា៖ ​«ក្នុង​រយៈពេល​ជា​បន្ត​បន្ទាប់ ​ខ្ញុំ​ជា​គ្រូ​បង្វឹក​ប្រដាល់​គុន​ខ្មែរ​នៅ​ប្រទេស ​អូស្ត្រាលី​ ចំនួន ​៦ ​លើក ក្នុង​​រយៈពេល​ ​៤ ​ឆ្នាំ​ផង​ដែរ​ ហើយ​សព្វ​ថ្ងៃ​នេះ ​ខ្ញុំ​ពេញ​ចិត្ត​ចំពោះ​មុខ​របរ​ជា​គ្រូ​បង្វឹក ​គឺ​បង្វឹក​ឲ្យ​ក្លិប​ប្រដាល់​ចលនា​យុវជន ​១៥៧​ ដែល​មាន​ទីតាំង​ នៅ​ទួល​ពង្រ​ សង្កាត់​​ចោមចៅ ​២ ​រាជធានី​ភ្នំពេញ ​ដោយ​ទទួល​បាន​កម្រៃ​​ឧបត្ថម្ភ​ពី​ម្ចាស់​ក្លិប​សមរម្យ ​អាច​ធ្វើ​ឲ្យ​ជីវភាព​ល្អ​សាមញ្ញ​ គឺ​រស់​បាន​ប្រសើរ​»​។​

ទាក់ទង​ទៅ​នឹង​អតីត​កីឡាករ ​ក៏​ដូចជា​គ្រូ​ប្រដាល់​មួយ​ចំនួន ​តែងតែ​លើក​ឡើង​ពី​ជីវភាព​ក្រ​លំបាក​ ​លោក ​ពេជ្រ ​សុផាន់​ និយាយ​ថា៖ ​«​​ធម្មតា​ ការ​លំបាក​នរណា​ក៏​ជួប​ដែរ ​វា​មិន​ដែល​ចេះ​គ្រប់គ្រាន់​តាម​ការ​ចង់​បាន​នោះ​ទេ ​ប៉ុន្តែ​យើង​គួរ​តែ​ចេះ​កែច្នៃ ​និង​ទទួល​យក​អ្វីៗ​ទៅ​តាម​សមត្ថភាព​របស់​យើង ​គឺ​គ្រប់គ្រាន់​។ ​ដូច​ជា​ប្អូន​ខ្ញុំ ​ពេជ្រ​ សីហា​ ធ្វើ​បាប​ខ្ញុំ​ច្រើន​លើក ដោយវា​គោរព​វិន័យ​មិន​ល្អ ​ប្រព្រឹត្ត​ផ្តេសផ្តាស​ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​បោះបង់​គេ​ចោល​ទេ ​ហើយ​សព្វ​ថ្ងៃ ​សីហា​​ មាន​ការងារ​មួយ​នៅ​ខេត្ត​ព្រះសីហនុ​ ដើម្បី​កែ​ខ្លួន​ហើយ​បន្តិច​ទៀត​ខ្ញុំ ​នឹង​នាំ​គេ​មក​ជា​គ្រូ​បង្វឹក​ជំនួយ​ក្នុង​ប្រដាល់​ផង​ដែរ»​។​

តាមរយៈ​បទពិសោធ​ក្នុង​កីឡា ​​ប្រដាល់​នេះ ​ពេជ្រ​ សុផាន់​ បច្ចុប្បន្ន​ទទួល​បាន ​គឺ​ជា​សមាជិក​គណៈកម្មការ​ប្រដាល់​នៅ​សង្វៀន​បាយ័ន​ ជា​គ្រូ​បង្វឹក​របស់​ក្លិប​ចលនា​យុវជន ​១៥៧​ និង​ជា​ទាហាន​បម្រើ​ការ​នៅ​ក្នុង​មជ្ឈមណ្ឌល​កីឡា​យោធពល​ខេមរភូមិន្ទ​ស្តាត​ចាស់​ ដោយ​ចូល​បម្រើ​ការងារ​​រយៈពេល​ជាង ​៥​ ឆ្នាំ ​មិន​ទាន់​ទទួល​បាន​ស័ក្តិ ​១ ​នៅ​ឡើយ​។

យ៉ាង​ណា​ក៏​ដោយ លោក ពេជ្រ ​សុផាន់​ បាន​អះអាង​ថា ​ពេញ​ចិត្ត​ចំពោះ​មុខ​របរ​គ្រូ​បង្វឹក​ ហើយ​កូន​សិស្ស​របស់​លោក​ គឺ​ជ្រើសរើស​យក​កីឡាករ​ក្មេងៗ​មក​បណ្តុះបណ្តាល​ ដោយ​ផ្តល់​ការ​ហូប​ចុក​ស្នាក់​នៅ ​ប៉ុន្តែ​មាន​ការ​លំបាក​ខ្លាំង ​ដោយសារ​​ក្មេង​សព្វ​ថ្ងៃ ​ខ្សោយ​ខាង​វិន័យ ​ខ្វះ​ការ​តស៊ូ​ ហើយ​បើ​គិត​ក្នុង​រយៈពេល ​៣ ​ឆ្នាំ​មក​នេះ ​មាន​កីឡាករ​រត់​ចោល​ការ​ហ្វឹកហាត់​ចំនួន ​១៦៤ ​នាក់ ​ខណៈ​បច្ចុប្បន្ន​មាន​តែ ​៦ ​នាក់​ប៉ុណ្ណោះ​ ហាត់​ជា​ប្រចាំ​នៅ​ក្នុង​ក្លិប​៕​