ក្រុង​ម៉ា្រឌីដ៖ លោក Lorenzo Sanz ដែល​ជា​អតីត​ប្រធាន​ក្លិប​អធិរាជស​​ Real Madrid ​នៅ​ប្រទេស ​អេស្ប៉ាញ បាន​ស្លាប់​ហើយ ក្នុង​វ័យ ៧៦ ​ឆ្នាំ ដោយសារ​ការ​ព្យាបាល​មិន​ទទួល​បាន​ជោគជ័យ ក្រោយ​ឆ្លង​វីរុស​កូរ៉ូណា​។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ពី​កូន​ប្រុស​របស់​គាត់។

លោក Sanz ធ្លាប់​បាន​គ្រប់គ្រង​ក្រុម​យក្ស​នៅ​អេស្ប៉ាញ​នេះ ចន្លោះ​ពី​​ឆ្នាំ ១៩៩៥ ​ដល់​ឆ្នាំ ​២០០០ ដែល​ពេល​នោះ ក្រុម​របស់​លោក​បាន​ឈ្នះ​ពាន​លំដាប់​កំពូល​របស់​ទ្វីប​អឺរ៉ុប Champions League ​ចំនួន ​២ ​ដង​។

កូន​ប្រុស​នៃ​សព គឺ​​លោក Lorenzo Sanz Jr បាន​សរសេរ​ក្នុង​បណ្ដាញ​សង្គម Twitter របស់​ខ្លួន​ថា​៖ ​«​លោក​ឪពុក​របស់​ខ្ញុំ បាន​លាចាកលោក​នេះ​ហើយ​។ គាត់​មិន​សម​ចាកចេញ​ដោយ​បែប​នេះ​ឡើយ​»​។ ​

កាល​ពី ​៣ ​ថ្ងៃ​មុន​ លោក Sanz Jr ដែល​ធ្លាប់​ជា​អតីត​កីឡាករ​បាល់​បោះ​អាជីព​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ​ឪពុក​របស់​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​ក្រុង​ម៉ាឌ្រីដ ក្រោយ​ពី​មាន​អាការ​មិន​ស្រួល​ខ្លួន ដោយសារ​វីរុស​កូរ៉ូណា ដែល​ជា​ជំងឺ​មួយ​បាន​ផ្ដាច់​ជីវិត​មនុស្ស​ជាង ១ ៣២០ ​នាក់​ហើយ នៅ​ប្រទេស ​អេស្ប៉ាញ​។​​

លោក Sanz បាន​ចូល​មក​កាន់​តំណែង​ជា​ប្រធាន​ក្លិប Real Madrid ក្នុង​ឆ្នាំ ១៩៩៥ ដោយ​ជំនួស​ប្រធាន​ចាស់ លោក Ramon Mendoza ហើយ​ពេល​នោះ គ្រូ​បង្វឹក​របស់​ក្រុម គឺ​លោក Jupp Heynckes ខណៈ​កីឡាករ​សំខាន់​មាន​ដូចជា Roberto Carlos, Clarence Seedorf, Fernando Hierro និង Raul ជា​ដើម​។

ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​លោក Sanz ក្រុម​យក្ស​របស់​អេស្ប៉ាញ​មួយ​នេះ ក្នុង​ឆ្នាំ ១៩៩៨ បាន​ឈ្នះ​ពាន​របស់​អឺរ៉ុប​ជា​លើក​ទី ៧ ​របស់​ខ្លួន តែ​ជា​លើក​ទី ១ ក្នុង​រយៈពេល ៣២ ​ឆ្នាំ ដោយ​កាល​​នោះ ប្រកួត​ឈ្នះ Juventus ក្រុម​កំពូល​របស់​ប្រទេស ​អ៊ីតាលី ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ ហើយ ២ ឆ្នាំ ​បន្ទាប់ ពោល​គឺ​ក្នុង​ឆ្នាំ ២០០០ នា​ទីក្រុង​ប៉ារីស​ក៏​បាន​លើក​ពាន​នេះ​ម្ដង​ទៀត ដោយ​ការ​យក​ឈ្នះ​ក្រុម​រួម​លីក Valencia​។ ​

ក្រោយ​ដឹង​ពី​ការ​ស្លាប់​របស់​អតីត​លោក​ប្រធាន​រូប​នេះ ខ្សែ​ការពារ Sergio Ramos ​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុម​នៃ​ក្លិប​អធិរាជស និង​ក្រុម​ជម្រើស​ជាតិ​គោជល់​អេស្ប៉ាញ ដែល​ពេល​នេះ​កំពុង​ដាក់​​នៅ​ដាច់​ពី​គេ​ជាមួយ​នឹង​ក្រុម​របស់​ខ្លួន​ដែរ​នោះ បាន​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង។

Sergio Ramos បាន​សរសេរ​បង្ហាញ​តាម​​បណ្ដាញ​សង្គម Twitter ​របស់​ខ្លួន​​ថា​៖ ​«​វា​ជា​ថ្ងៃ​ដែល​សោកសៅ​បំផុត​សម្រាប់​ក្លិប Real Madrid។ ការ​ស្លាប់​របស់​គាត់ ពិត​ជា​ធ្វើ​ឲ្យ​ពួក​យើង​ក្រៀមក្រំ​មែន​ទែន ជាពិសេស​ក្នុង​ពេល​វេលា​ដ៏​លំបាក ដែល​គ្រប់​គ្នា​កំពុង​ការពារ​ខ្លួន​ឯង​។ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ និង​ញាតិ​មិត្ត​នៃ​សព​ផង​។ សូម​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​លោក​ទៅ​កាន់​សុគតិភព​»៕