ក្រុងឡុងដ៍៖ អតីតកីឡាករបាល់ទាត់ដ៏ឆ្នើមម្នាក់របស់ក្រុមជម្រើសជាតិតោកំណាចអង់គ្លេស និងក្រុមមាន់ខ្នាយមាស Tottenham Hotspur គឺលោក Jimmy Greaves កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះបើតាមការប្រកាសពីសំណាក់ក្លិបនៅក្របខ័ណ្ឌ Premier League កាលពីថ្ងៃអង្គារ។
ប៉ុន្តែ ក្លិប Tottenham មិនបានធ្វើការបញ្ជាក់ឲ្យបានច្បាស់លាស់ ក្នុងសេចក្ដីប្រកាសខ្លីរបស់ខ្លួនឡើយ ថាតើអតីតកំពូលខ្សែប្រយុទ្ធរូបនេះ មានជំងឺដោយសារតែឆ្លងវីរុសកូរ៉ូណា ឬតាមពិតរូបគាត់មានបញ្ហាផ្នែកសុខភាពតាមធម្មតា បែបមនុស្សមានវ័យចំណាស់ ព្រោះថាបច្ចុប្បន្នគាត់មានអាយុ ៨០ ឆ្នាំទៅហើយ។
ក្នុងសេចក្ដីប្រកាសដែលក្លិប Spurs ផ្សាយតាមគណនី Twitter របស់ខ្លួនបានរៀបរាប់ថា៖ «យើងសូមបញ្ជាក់ថា កីឡាករស៊ុតបញ្ចូលទី ដែលជាប់ក្នុងកំណត់ត្រារបស់ក្រុមយើង លោក Jimmy Greaves កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ»។
សេចក្ដីប្រកាសនោះ បានបន្តថា៖ «យើងមានទំនាក់ទំនងនឹងក្រុមគ្រួសាររបស់គាត់ជាប់រហូត ហើយយើងនឹងធ្វើការផ្ដល់ព័ត៌មានថ្មីៗបន្ថែមទៀត ក្នុងពេលវេលាសមរម្យ។ គ្រប់គ្នានៅក្នុងក្លិបបានផ្ញើសារជូនពរដល់ Jimmy និងគ្រួសាររបស់គាត់»។
ការពិតទៅលោក Greaves ត្រូវបានគេដឹងថា មានសុខភាពខ្សោយចាប់តាំងពីកើតជំងឺស្ទះសរសៃឈាមខួរក្បាលប្រហែលជា ៥ ឆ្នាំមុន។ កាលពីអតីតលោក Greaves ត្រូវបានគេចាត់ថាជាកីឡាករម្នាក់ ដែលមានភាពវៃឆ្លាតបំផុត នៅក្នុងការបង្កើតឱកាសបំប៉ោងសំណាញ់ទី ហើយលោកក៏ធ្លាប់ប្រកបអាជីពជាមួយក្លិបតោខៀវ Chelsea និងញញួរធំ West Ham ផងដែរ តែលោកជោគជ័យបំផុតពេលពាក់ឯកសណ្ឋានរបស់ក្រុម Tottenham ពោលគឺជាយុគសម័យមាសរបស់ក្រុមដែលមានទីតាំងនៅក្រុងឡុដ៍មួយនេះតែម្ដង ដោយពេលនោះលោកធ្វើបានជាកំណត់ត្រារបស់ក្លិប គឺ ២៦៦ គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួនចំនួន ៣៧៩ ប្រកួត ចន្លោះពីឆ្នាំ ១៩៦១ ដល់ឆ្នាំ ១៩៧០។
អស់រយៈពេលជាច្រើនទសវត្សរ៍ លោក Greaves មិនត្រឹមតែជាកីឡាករដែលមានគ្រាប់បាល់ច្រើននៅក្នុងកំណត់ត្រារបស់ក្រុមមាន់ខ្នាយមាសប៉ុណ្ណោះទេ តែលោកក៏ត្រូវបានចាត់ទុកថាអ្នកស៊ុតបញ្ចូលទីបានច្រើនបំផុតដែរ ក្នុងចំណោមកីឡាករលេងនៅក្លិបលីកកំពូលៗរបស់អឺរ៉ុបទាំង ៥ ដោយគ្រាប់បាល់សរុបរបស់គាត់ទាំងអស់ គឺ ៣៦៦ គ្រាប់ ក្នុងចំណោមការបង្ហាញវត្តមានលើទីលាន ៥២៨ ដងរបស់ខ្លួន ដែលនេះគិតទាំងពេលគាត់លេងឲ្យក្លិបយក្សអ៊ីតាលី AC Milan ផងដែរ ខណៈដែលកំណត់ត្រារបស់គាត់ ទើបតែត្រូវបានបំបែក ដោយខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ក្នុងឆ្នាំ ២០១៧។
ចំណែកឯ គ្រាប់បាល់ ដែល Greaves ធ្វើបានសម្រេចសម្រាប់ជម្រើសជាតិអង់គ្លេសវិញ គឺ ៤៤ គ្រាប់ ជាមួយនឹងការចូលលេងបានតែ ៥៧ លើក ហើយគាត់ជាសមាជិកមា្នក់នៃក្រុមតោកំណាច ដែលឈ្នះពានរង្វាន់ World Cup ឆ្នាំ ១៩៦៦ នៅទឹកដីខ្លួនឯង តែដោយសារមានរបួសក្នុងប្រកួតវគ្គសន្សំពិន្ទុតាមពូលទល់នឹងក្រុមមាន់គកបារាំង បានធ្វើឲ្យគាត់ត្រូវប្រគល់តំណែងប្រយុទ្ធនេះឲ្យទៅកីឡាករ Geoff Hurst ដែលបានស៊ុតបញ្ចូលទី ៣ គ្រាប់ (hat-trick) ម្នាក់ឯង អំឡុងប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុមអាល្លឺម៉ង់ខាងលិច៕ AFP/VN