ក្រុងប៉ូតូៈ ក្រុម​ជម្រើសជាតិ​កាតា​បាន​ធ្លាក់​វគ្គ​ដំបូង​នៅ​ព្រឹត្តិការណ៍ Copa America ក៏ពិតមែន ប៉ុន្តែ​ប្រទេស​ដែល​ទទួល​រៀបចំ​បាល់ទាត់​ពិភពលោក (World Cup) ឆ្នាំ ២០២២ ​មួយ​នេះ​ទទួល​បាន​បទពិសោធ​គ្រប់គ្រាន់​នៅឯ​ប្រទេស​ប្រេស៊ីល​ដែល​បង្ហាញថា ក្រុម​ជម្រើសជាតិ​កាតា​នឹង​មាន​អនាគត​ភ្លឺថ្លា​។

ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​ Copa America ទាំង​មិន​សូវ​មាន​គេ​ស្គាល់​ពី​ក្រុម និង​សមត្ថភាព​របស់​ពួកគេ​ប៉ុន្មាន​ទេ ហើយ​បើ​ទោះ​ជា​បាន​ចាញ់​ ២ ​ប្រកួត​ក្នុង​ចំណោម​ ៣ ​ប្រកួត​ក៏ពិតមែន ប៉ុន្តែ​ប្រទេស​កាតា​បាន​បង្ហាញ​ពី​ការប្រកួតប្រជែង​គ្រប់គ្រាន់​ដើម្បី​ធានា​ថា ពួកគេ​នឹង​មិនមែន​ជា​ក្រុម​គួរឱ្យ​ភ្ញាក់ផ្អើល​នៅ​ឆ្នាំ​ក្រោយ​នោះទេ​នៅពេល​បង្ហាញ​ខ្លួន​ជា​លើក​ទី​ ២ ​នៅ Copa America នេះ​។

លោក Felix Sanchez គ្រូបង្វឹក​ជម្រើសជាតិ​កាតា​សញ្ជាតិ​អេស្ប៉ាញ​បាន​និយាយ​ថា​៖ «​យើង​ត្រូវការ​ពេលវេលា​ច្រើន​ទៀត​ ដើម្បី​ឲ្យ​យើង​លេង​បាន​ល្អ ហើយ​យើង​ត្រូវ​តែ​ខិតខំ​បន្ត​ថែមទៀត​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ថា​៖ «​វា​ជា​ក្រុម​យុវជន​ដែល​សម្លឹង​ឃើញ​អនាគត​ល្អ​នៅ​រយៈពេល​ ៣ ​ឆ្នាំ​ទៀត ហើយ​យើង​ត្រូវ​ពង្រឹង​សមត្ថភាព​ដើម្បី​ឲ្យ​ក្លាយ​ជា​អ្នកខ្លាំង​នៅពេល​យើង​នៅ​ទីនោះ​»​។

ប្រទេស​កាតា​មិន​ដែល​បាន​លេង​នៅ​ព្រឹត្តិការណ៍ World Cup ឡើយ ប៉ុន្តែ​នឹង​បាន​លេង​ជា​លើក​ដំបូង​នៅពេល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​ ២០២២​។

បើ​ទោះ​ជា​មាន​ប្រវត្តិសាស្ត្រ​មិន​សូវ​ល្អ និង​មាន​ប្រជាពលរដ្ឋ​តិច​ក៏ដោយ ប៉ុន្តែ​ប្រទេស​សម្បូរ​ឧស្ម័ន​មួយ​នេះ​មាន​មហិច្ឆតា​ខ្លាំង​ក្នុង​ការបង្កើន​ជំហាន​ដ៏សំខាន់​នៅ​ឆ្នាំ​នេះ​។

កាលពី​ខែ​កុម្ភៈ​នៅ​ប្រទេស​អារ៉ាប់រួម ពួកគេ​បាន​ពុះពារ​ហ្វូង​មហាជន​ដែល​ជា​សត្រូវ​នឹង​ពួកគេ​ដោយសារ​ជម្លោះ​នយោបាយ​នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស​ដើម្បី​ឈ្នះ​ពាន Asian Cup ជា​លើកដំបូង​ដែល​កាលពី​មុន​មិន​ដែល​ឆ្លង​ផុត​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​នោះ​ទេ​។

ហើយ​ការចូលរួម​របស់​ពួកគេ​នៅក្នុង​ការប្រកួត Copa America នេះ​បាន​ធ្វើឲ្យ​ប្រទេស​កាតា​ឆ្លងកាត់​បទពិសោធ​ប្រកួត​នៅ​កម្រិត​កាន់តែ​ខ្ពស់​ឡើង​ដែល​ពួកគេ​មិន​ធ្លាប់​ឆ្លងកាត់​ពី​មុន​មក​។

ទោះ​ជា​ការប្រកួត​បើក​ឆាក​ដំបូង​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ក្រោយពី​បាន​តាម​ស្មើ​នឹង​ក្រុម​ជម្រើសជាតិ​ប៉ារ៉ាហ្គាយ ២-២ វិញ​ក៏​ពិតមែន ប៉ុន្តែ​សមត្ថភាព​កាតា​នៅមាន​ភាព​ខ្វះ​ចន្លោះ​ច្រើន​នៅ​ឡើយ​ក្រោយពី​បាន​ចាញ់​ជម្រើស​ជាតិ​កូឡុំប៊ី ១-០ និង​បន្ត​ចាញ់​អាហ្សង់ទីន ២-០ ថែម​ទៀត​។

ប៉ុន្តែ​គ្រូបង្វឹក​ជម្រើស​ជាតិ​កូឡុំប៊ី​សញ្ជាតិ​ព័រទុយហ្គាល់ លោក Carlos Queiroz ដែល​មាន​បទពិសោធ​ច្រើន​ក្នុង​ការប្រកួត​ជាមួយ​កាតា​នៅ​ពេល​ដែល​គាត់​ធ្វើជា​គ្រូបង្វឹក​នៅ​ជម្រើស​ជាតិ​អ៊ីរ៉ង់​រយៈពេល​ ៨ ​ឆ្នាំ​នោះ​មាន​អារម្មណ៍​ថា មាន​រឿង​ច្រើន​ទៀត​នឹង​កើតឡើង​។

លោក Queiroz បាន​និយាយ​មុន​ពេល​ក្រុម​របស់​គាត់​ប្រកួត​នឹង​ក្រុម​កាតា​ថា​៖ «​វត្តមាន​កាតា​នៅ​ទី​នេះ​គឺ​ចង់​បង្ហាញ​ថា ពួកគេ​គឺជា​តំណាង​ឲ្យ​បាល់ទាត់​នៅ​តំបន់​អាស៊ី ហើយ​ប្រសិន​បើ​អ្នក​មិន​គោរព​លក្ខណៈ​របស់​ពួកគេ និង​ការងារ​ជា​ក្រុម​របស់​ពួកគេ​ទេ សូម​ក្រឡេក​មើល​អ្វី​ដែល​បាន​កើតឡើង​ជាមួយ​នឹង​ប៉ារ៉ាហ្គាយ​ដោយ​មាន​លទ្ធផល ២-២ ហើយ​កាតា​អាច​នឹង​ឈ្នះ​នៅពេល​នោះ​»​។

ទោះ​ជា​កូឡុំប៊ី​បាន​គ្រប់គ្រង​បាល់​ភាគច្រើន​ពិតមែន ប៉ុន្តែ​កាតា​អាច​ទប់​ទល់​នឹង​ការគ្រប់គ្រង​បាល់​របស់​ពួកគេ​បាន​រយៈពេល​ ៨៦ ​នាទី និង​បាន​បង្កើត​ឱកាស​វាយបក​វិញ​លឿនៗ​ជាច្រើន​លើក​ទៅលើ​ក្រុម​កូឡុំប៊ី​មុន​ពេល​កីឡាករ​កូឡុំប៊ី Zapata តែត​បញ្ចូល​ទី​នៅ​នាទី​ទី​ ៨៦ ​ដោយ​ជោគជ័យ​។

ខ្សែបម្រើ​កូឡុំប៊ី Gustavo Cuellar បាន​និយាយ​ក្រោយពី​ការប្រកួត​នេះ​ថា​៖ «​វា​ជា​ការប្រកួត​ដ៏លំបាក​បំផុត​មួយ ហើយ​វា​សំខាន់​ណាស់​ដែល​ត្រូវ​អត់ធ្មត់ ប៉ុន្តែ​យើង​អាច​ទប់ទល់​នឹង​ការគំរាមកំហែង​របស់​ពួកគេ​ដែល​ជា​ការបញ្ជូន​បាល់​ភ្លាមៗ​ពី​ខ្សែការពារ​ដើម្បី​វាយប្រហារ​ពួកយើង​»៕ SN