ភ្នំពេញ៖ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន បានថ្លែងក្នុងសន្និសីទកាសែតនាពីចុងសប្តាហ៍ថា ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្តលើកទី ២៤ នឹងធ្វើនៅថ្ងៃអាទិត្យ ទី ៨ ខែ ធ្នូ ឆ្នាំ ២០១៩ លើទឹកដីនៃខេត្តសៀមរាប។
ជាមួយគ្នានេះ សម្រាប់អ្នកដែលចូលចិត្តដើរផ្សងព្រេង ឬការកម្សាន្ត និងអ្នករត់ប្រណាំងរាប់ពាន់នាក់មកពីជុំវិញពិភពលោកនឹងមកកាន់ទឹកដីបុរាណ គឺទឹកដីអង្គរដែលជាសម្បត្តិរបស់មនុស្សជាតិអង្គការ UNESCO។
លោក វ៉ាត់ ចំរើន បន្ថែមថា បើគិតមកដល់ឆ្នាំ ២០១៩ នេះ ទិវានេះអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត គឺជាលើកទី ២៤ ដែលមានរយៈពេល ២៣ ឆ្នាំកន្លងមក ហើយមានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។
លោក ចំរើន មានប្រសាសន៍ថា៖ «ការរត់ប្រណាំងនេះមានគោលបំណងលើកកម្ពស់សុខភាព និងសុខុមាលភាពព្រមទាំងរៃអង្គៀសថវិកាពីអ្នកចូលរួម ដើម្បីគាំទ្រដល់អង្គការដែលជួយដល់កុមារក្រីក្រ និងជនរងគ្រោះដោយសារគ្រាប់មីននៅកម្ពុជា អ្នកចូលរួមក្នុងព្រឹត្តិការណ៍បានចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួន ដើម្បីជាសប្បុរស និងជួយសង្គមខ្មែរ»។
កន្លងមកថវិកាបានពីទិវាកីឡាមហាជននេះ បានយកទៅជួយមន្ទីរពេទ្យកុមារគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ កាកបាទក្រហមកម្ពុជា និងអង្គការសប្បុរសធម៌ដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា កីឡាប្រភេទនេះគេហៅថា កីឡា និងទេសចរណ៍ដែលផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកពីព្រោះផលិតផលរបស់កីឡា គឺភ្ញៀវទេសចរដោយអះអាងថា៖ «ខ្ញុំមានក្តីសោមនស្សរីករាយក្រៃលែង ដែលបានឃើញកំណើនអ្នករត់ប្រណាំងជារៀងរាល់ឆ្នាំក្នុងព្រឹត្តិការណ៍នេះ ជាពិសេសពេលដែលបានកើនឡើងជានិច្ច។
លោកបានរំឭកថា៖ «កាលពីឆ្នាំមុន មានអ្នករត់ប្រណាំងជាង ១ ម៉ឺននាក់ មកពីជិត ៨០ ប្រទេស ហើយជនជាតិខ្មែរមានចំនួនច្រើនជាង ៥០ ភាគរយ និងទទួលបានថវិកាជាង ១០ ម៉ឺនដុល្លារ ហើយឆ្នាំនេះបានកើនឡើង ២០ ភាគរយទៀត»។
គួររំឭកថា អ្នករត់ប្រណាំងប្រមាណ ៥០០ នាក់ បានចូលរួមទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្តជាលើកដំបូងនៅឆ្នាំ ១៩៩៦ ហើយព្រឹត្តិការណ៍នេះកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗរហូតមានអ្នកចូលរួមជាង ១ ម៉ឺននាក់។
ដោយឡែក ការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្តលើកទី ២៤ សម្រាប់ឆ្នាំ ២០១៩ នេះ គឺមានអ្នកទៅចុះឈ្មោះដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍នេះរហូតដល់ចំនួន ៣ ៧០០ ដោយរួមមានទាំងជនជាតិខ្មែរ និងជនបរទេសផងដែរ៕