ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC)​ និង​សហព័ន្ធ​កីឡា​ហែល​ទឹក​អន្តរជាតិ ​(FINA)​ ព្រម​ទាំង​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម ​ឆ្នាំ ​២០២៣​ (CAMSOC) ​នឹង​​ពិនិត្យ​សិក្សា​វាយ​តម្លៃ​ពី​អាង​ហែល​ទឹក​​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ដែល​ទើប​តែ​បញ្ចប់​ការ​សាងសង់​ថា​ តើ​អាច​ដាក់​បម្រើ​ឲ្យ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី ​៣២ ​ឆ្នាំ ​២០២៣​ បាន​ឬ​យ៉ាង​ណា​?​ ហើយ​នេះ​ជា​ប្រធានបទ​ដែល​នឹង​ត្រូវ​ដាក់​ក្នុង​អង្គ​ប្រជុំ​​របស់ CAMSOC ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​។

អាង​ហែល​ទឹក​​ចាស់​ ដែល​​ទើប​​កែ​សម្រួល​ឲ្យ​ត្រូវ​ខ្នាត​​អន្តរជាតិ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​នេះ​ បាន​ជួសជុល​ក្រោម​ថវិកា​ពី​ក្រុមហ៊ុន​ចិន​ Shanghai Construction ​ដែល​ស្នើសុំ​ដោយ​ លោក ​ស៊ុន ​ចាន់​ថុល​ ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ និង​ជា​រដ្ឋមន្ត្រី​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ដោយ​មាន​ទំហំ​ទឹក​ប្រាក់​ជិត ​៣ ​លាន​ដុល្លារ​ និង​ប្រើ​ពេល​ជួសជុល​​អស់​រយៈពេល ​១៨ ​ខែ​។​

លោក វ៉ាត់ ​ចំរើន ​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​ និង​ជា​អគ្គលេខាធិការ​ NOCC បាន​ថ្លែង​ថា៖ ​«​គម្រោង​នៃ​ការ​វាយ​តម្លៃ​នេះ​ គឺ​ដើម្បី​បែង​ចែក​ពី​កម្រិត​ទី​កន្លែង​ប្រកួត​ និង​ប្រភេទ​វិញ្ញាសា​មួយៗ​ ថា​តើ​វិញ្ញាសា​ណា​​នឹង​ត្រូវ​ធ្វើ​នៅ​អាង​ហែល​ទឹក​មរតក​តេជោ ​និង​វិញ្ញាសា​ណាខ្លះ​ទៀត ​ត្រូវ​ធ្វើ​នៅ​ក្នុង​អាង​ហែល​ទឹក​ពហុកីឡដ្ឋាន​ជាតិ​នេះ​។ ​​ស្តង់ដា​អាង​លំដាប់​អន្តរជាតិ​ គឺ​មាន​ការ​វិវឌ្ឍ​​ទៅ​តាម​ភាព​រីក​ចម្រើន​នៃ​សម័យកាល​ថ្មី ​ព្រោះ​​អាង​ចាស់​យើង​ បាន​​សាងសង់​តាំង​ពី​ទសវត្សរ៍ ៦០ ​ហើយ​មក​ដល់​បច្ចុប្បន្ន​ យើង​តម្រូវ​ការ​តាម​សម័យ​កាល​រីក​ចម្រើន​ថ្មី ​ស្រប​តាម​ស្តង់ដា​អន្តរជាតិ»​​។​

ចំណែក​លោក ហែម ​គីរី​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក ​ដែល​បន្ត​មរតក​ពី​លោក​ ហែម​ ថុន​ ជា​ឪពុក​បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍ ​ថា​៖ «​បច្ចុប្បន្ន​យើង​មាន​អាង​ហែល​ទឹក​ចំនួន ​២ ​កន្លែង​ ដែល​ទើប​តែ​ជួសជុល​ និង​សាង​សង់​រួចរាល់​ជា​ផ្លូវ​ការ ​តាម​បទដ្ឋាន​កំណត់​ដោយ​សហព័ន្ធ​កីឡា ហែល​ទឹក​អន្តរជាតិ​ក្នុង​នោះ​មាន​អាង​ហែល​ទឹក​ក្នុង​ពហុកីឡដ្ឋាន​ជាតិ ​គ្រប់គ្រង​ដោយ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ និង​អាង​ហែល​ទឹក​មរតក​តេជោ​ ស្ថិត​នៅ​ត្រើយ​ខាង​កើត​ស្ពាន​ព្រែក​ព្នៅ​ ដែល​គ្រប់គ្រង​ដោយ ​NOCC​។​

លោក​បញ្ជាក់​​ថា៖​ ​«​សម្រាប់​អាង​ហែល​ទី ​១ ​យើង​ប្រែ​ក្លាយ​ពី​អាង​ចាស់​ ដែល​មាន​ទំហំ ​២១ ម៉ែត្រ​ គុណ ​៥០ ​ម៉ែត្រ​ ទៅ​ជា ​២៥ ម៉ែត្រ​គុណ​នឹង​ ៥០ ​ម៉ែត្រ​ ​ទី២ ​ប្រែ​ក្លាយ​ពី​ខ្សែ​បន្ទាត់​ស្រប​ចំនួន ​៨ ​ទៅ​ជា​ខ្សែ​បន្ទាត់​ចំនួន ​១០​ និង​ជម្រៅ​ជ្រៅ​ជាង ​២ ម៉ែត្រ​។ ចំណែក​​អាង​លោត​ទឹក យើង​កែ​ពី ​២០ ​ម៉ែត្រ​ គុណ ​២០ ​ម៉ែត្រ​ ទៅ​ជា ​២១ ​ម៉ែត្រ​ គុណ​នឹង ​២៥ ​ម៉ែត្រ​ និង​មាន​ជម្រៅ​ដល់​ទៅ​ ​៤ ​ម៉ែត្រ​កន្លះ​។​ សម្រាប់​អាង​វិញ្ញាសា​លោត​ទឹក​វិញ យើង​កែ​សម្រួល​មាន​រហូត​ដល់ ​៥ ​វិញ្ញាសា ​គឺ​មាន​វិញ្ញាសា​​លោត ១ ​ម៉ែត្រ​, ៣ ម៉ែត្រ​, ៥ ​ម៉ែត្រ, ៧ ម៉ែត្រ និង ​១០ ​ម៉ែត្រ​​»។​

នៅ​ពេល​សួរ​​ថា​ តើ​កីឡា​ហែល​ទឹក​កម្ពុជា​ ​ពេល​ណា​ទើប​ដណ្តើម​បាន​មេដាយ​ពី​​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​បាន​នោះ​?​ លោក​ ហែម ​គីរី​ បាន​ឆ្លើយ​តប​ថា​៖ ​«ធម្មតា​ការ​ប្រកួត​ប្រជែង​ យើង​ប្រឹង​គេ​ក៏​ប្រឹង ​ហើយ​តាម​រយៈ​ផែនការ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ​ គឺ​ដាក់​គោលដៅ​ដណ្តើម​យក​ឲ្យ​បាន​មេដាយ​​ក្នុង​ការ​ប្រកួត​​ស៊ីហ្គេម​ នៅ​វៀតណាម ​ឆ្នាំ ​២០២១​ ក្នុង​ជយលាភី​ណា​មួយ​ឲ្យ​បាន​ហើយ​នឹង​ឈ្នះ​មេដាយ​មាស​ ក្នុង​ស៊ី​ហ្គេម​លើក​ទី ​៣២​ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ឆ្នាំ ​២០២៣​​»។

ទោះ​ជា​យ៉ាង​ណា លោក​ ហែម​ គីរី​ បាន​បង្ហាញ​កត្តា​សំខាន់ៗ ដែល​អាច​ជំរុញ​​កីឡា​ហែល​ទឹក​កម្ពុជា​ដណ្តើម​បាន​​មេដាយ​ ដោយ​លោក​បញ្ជាក់​ថា៖ ​«​ទី​១ ត្រូវ​​ស្វែង​រក​អត្តពលិក​ខ្មែរ ​នៅ​ក្រៅ​ប្រទេស​ ដែល​មាន​សមត្ថភាព​ខ្ពស់​ ទី​២ ​បញ្ជូន​អត្តពលិក​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ ដែល​ទទួល​បាន​អាហារ​រូប​ករណ៍​ និង​ទី​៣ ​យើង​ត្រូវ​​មាន​គ្រូ​បង្វឹក​លំដាប់​ជំនាញ​ មក​ពី​អន្តរជាតិ​ជួយ​បង្ហាត់។ ​ចំណែក​បច្ចុប្បន្ន​ យើង​មាន​កីឡាករ​ម្នាក់​ទទួល​បាន​ការ​ហ្វឹកហាត់ ​ដោយ​អាហារូបករណ៍​ពី​សហព័ន្ធ​អន្តរជាតិ​នៅ​ប្រទេស ​ថៃ ​តាំង​ពី​ខែ​មករា​មក​ម្ល៉េះ​ ហើយ​ជា​បន្ត​បន្ទាប់​យើង​នឹង​សុំ​បញ្ជូន​អត្តពលិក​ឆ្នើម ​ដើម្បី​ហ្វឹកហាត់​ត្រៀម​យក​មេដាយ​ពី​អន្តរជាតិ​ជូន​ជាតិ​យើង»​៕​