ក្រុង​រីយ៉ាដ៖ ក្រុម​អ្នក​គាំទ្រ​បាល់​ទាត់​អារ៉ាប៊ី ​សាអ៊ូឌីត ​ពេញ​ចិត្ត​នឹង​ការ​ប្រកួត​ជា​ប្រវត្តិសាស្ត្រ​របស់​ក្រុម​ជម្រើស​ជាតិ​ពួក​គេ​នៅ​ថ្ងៃ​អង្គារ​នេះ​ជាមួយ​ក្រុម​បង​ប្អូន​រដ្ឋ​​ប៉ាឡេស្ទីន​របស់​ខ្លួន​​​នៅ​ក្នុង​តំបន់​ West Bank ប៉ុន្តែ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​ថា​ វា​បាន​បង្ហាញ​ពី​ការ​ធ្វើ​ប្រក្រតីកម្ម​បន្តិច​ម្ដងៗ​នៃ​ទំនាក់​ទំនង​រវាង​អារ៉ាប៊ី ​សាអ៊ូឌីត​ និង​ប្រទេស ​អ៊ីស្រាអែល​។​

ក្លឹប​និង​ក្រុម​ជម្រើស​ជាតិ​អារ៉ាប៊ី ​សាអ៊ូឌីត ​បាន​បដិសេធ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​លេង​នៅ​លើ​ទឹក​ដី​​របស់​រដ្ឋ​ប៉ាឡេស្ទីន ​ដែល​កាន់​កាប់​ដោយ​​រដ្ឋ​ជ្វីហ្វ​តាំង​ពី​ឆ្នាំ​ ១៩៦៧ ដោយសារ​តែ​​មាន​ការ​​តម្រូវ​ឱ្យ​មាន​ការ​អនុញ្ញាត​ពី​​ប្រទេស អ៊ីស្រាអែល ដើម្បី​ចូល​ទៅ​ក្នុង​តំបន់​នេះ​។

អ្នក​គាំទ្រ​បាល់​ទាត់​ម្នាក់​ឈ្មោះ Saad បាន​ប្រាប់​ទីភ្នាក់ងារ​ AFP ថា៖ «​នេះ​មិន​មែន​មាន​ន័យ​ថា ជា​ការ​ធ្វើ​ប្រក្រតីកម្ម​នោះ​ទេ​ វា​នៅ​តែ​ជា​រដ្ឋ​ប៉ាឡេស្ទីន​ដែល​ត្រូវ​បាន​គេ​គ្រប់គ្រង​ជា​​ដដែល​។ សម្រាប់​ប្រទេស ​អារ៉ាប៊ី ​សាអ៊ូឌីត​ វិញ​ គឺ​គ្មាន​រដ្ឋ​ដែល​គេ​ហៅ​ថា អ៊ីស្រាអែល​នោះ​ទេ​»។​

អ្នក​គាំទ្រ​បាល់​ទាត់​អាយុ ​២៧ ​ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ថា៖ «​វា​ជា​រឿង​ល្អ​មួយ ​ដើម្បី​ជួយ​គាំទ្រ​វិស័យ​​កីឡា​នៅ​រដ្ឋ​ប៉ាឡេស្ទីន​តាម​ស្ថានភាព​ជាក់​ស្ដែង​នៅ​ទី​នោះ​»។​​ ​​

ក្រោយ​ពី​បាន​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី​ ៣-០ ពី​សប្ដាហ៍​មុន​​រួច​ហើយ ជម្រើស​ជាតិ​អារ៉ាប៊ី ​សាអ៊ូឌីត ​នឹង​ត្រូវ​ប្រកួត​នឹង​ក្រុម​ប៉ាឡេស្ទីន​នៅ​លើ​ទឹក​ដី​របស់​ពួក​គេ​ក្នុង​តំបន់​ West Bank នៅ​ក្នុង​វគ្គ​ជម្រុះ​តំបន់​អាស៊ី​សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​ World Cup 2022។​

ការ​ប្រកួត​នេះ ​គឺ​បាន​​បង្ហាញ​ពី​​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​សម្រាប់​ព្រះរាជាណាចក្រ​មួយ​នេះ ​ដែល​ធ្លាប់​លេង​ការ​ប្រកួត​ជាមួយ​រដ្ឋ​ប៉ាឡេស្ទីន​នៅ​ក្នុង​ប្រទេស​ទី ​៣ ​ស្រប​តាម​ការ​ធ្វើ​ពហិការ​របស់​តំបន់​អារ៉ាប់​ចំពោះ​រដ្ឋ​ជ្វីហ្វ​នេះ​អស់​រយៈពេល​រាប់​ទសវត្សរ៍​​មក​ហើយ​។

ទោះ​យ៉ាង​ណា​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ក្ដី​កង្វល់​រួម​ចំពោះ​​ប្រទេស ​អ៊ីរ៉ង់​ ត្រូវ​បាន​មើល​ឃើញ​​​ជា​ទូទៅ​ថា បាន​ធ្វើ​ឲ្យ​មហា​អំណាច​ទាំង ​២ ​នៅ​ឈូង​សមុទ្រ​ពែក្ស ​គឺ​អារ៉ាប៊ី ​សាអ៊ូឌីត​ និង​អ៊ីស្រាអែល​ មាន​ការ​បង្រួប​បង្រួម​គ្នា​កាន់​តែ​ខ្លាំង​ឡើងៗ​​។​​

មន្ត្រី​អាជ្ញាធរ​ទទួល​បន្ទុក​វិស័យ​​កីឡា​នៅ​ប្រទេស ​អារ៉ាប៊ី ​សាអ៊ូឌីត ​បាន​និយាយ​ថា ការ​សម្រេច​ចិត្ត​ឲ្យ​ធ្វើ​ការ​ប្រកួត​នៅ​តំបន់​ West Bank នេះ​គឺ​តាម​សំណើ​របស់​ប្រទេស​បង​ប្អូន​នៅ​សហព័ន្ធ​ប៉ាឡេស្ទីន​ និង​ដើម្បី​ធានា​ថា ក្រុម​ប៉ាឡេស្ទីន​ មាន​​ឱកាស​លេង​នៅ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​ និង​ក្នុង​ចំណោម​អ្នក​គាំទ្រ​របស់​ខ្លួន​»។​​​

អ្នក​គាំទ្រ​បាល់​ទាត់​អារ៉ាប៊ី សាអ៊ូឌីត ​ម្នាក់​ទៀត​ឈ្មោះ​ Hazzaa អាយុ ​៣០ ​ឆ្នាំ ​បាន​និយាយ​ថា ការ​ប្រកួត​ជា​ប្រវត្តិសាស្ត្រ​នេះ​ គឺ​គ្មាន​អ្វី​ពាក់ព័ន្ធ​នឹង​នយោបាយ​នោះ​ទេ ​ដោយ​បាន​អះអាង​ថា៖ «​ចំពោះ​ការ​ប្រកួត​រវាង​ក្រុម​អារ៉ាប៊ី សាអ៊ូឌីត​ និង​រដ្ឋ​ប៉ាឡេស្ទីន​នេះ​ គឺ​មាន​បំណង​តែ​ធ្វើ​ការ​ជម្រុះ​សម្រាប់​ព្រឹត្តិការណ៍​ World Cup តែ​ប៉ុណ្ណោះ​»។​

ពាណិជ្ជករ​អារ៉ាប៊ី ​សាអ៊ូឌីត ​ឈ្មោះ Abu Abdallah បាន​និយាយ​ថា វា​ជា​កិត្តិយស​មួយ​សម្រាប់​ក្រុម​ប្រទេស​របស់​គាត់​ដែល​បាន​លេង​ជាមួយ​ក្រុម​រដ្ឋ​​ប៉ាឡេស្ទីន​​​ដោយ​បញ្ជាក់​ថា៖ «​នេះ​ជា​អ្វី​មួយ​ដែល​កម្រ​នឹង​កើត​ឡើង​ ហើយ​អារ៉ាប៊ី ​សាអ៊ូឌីត ​នឹង​មិន​ចាត់​វិធានការ​ណា​មួយ​ទេ​ប្រសិន​បើ​វា​គ្មាន​ការ​ចាប់​អារម្មណ៍​ពី​ពលរដ្ឋ​ប៉ាឡេស្ទីន ​ឬ​អារ៉ាប៊ី សាអ៊ូឌីត​​នោះ​»។​​

លោក Jibril Rajoub ប្រធាន​សមាគម​បាល់​ទាត់​រដ្ឋ​ប៉ាឡេស្ទីន​បាន​និយាយ​ពី​សប្ដាហ៍​មុន​ថា​ ការ​ប្រកួត​ដែល​ត្រូវ​លេង​នៅ​កីឡដ្ឋាន​ Al Ram និង​ទទួល​ស្គាល់​ពី​សហព័ន្ធ FIFA នេះ​ នឹង​មិន​បំពាន​ដល់​ការ​ធ្វើ​ពហិការ​នេះ​ទេ​៕ AFP/SN