កៀវ: ក្រុម​អាល្លឺម៉ង់ រក​ឃើញ​ជ័យ​ជម្នះ​លើក​ដំបូង​របស់​ខ្លួន​បាន​ហើយ ក្នុង​កម្មវិធី Nations League កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​ការ​យក​ឈ្នះទាំង​លំបាក​លំបិន លើ​ក្រុម​ម្ចាស់​ផ្ទះអ៊ុយ​ក្រែន ២-១ ហើយ​លទ្ធផល​នេះ ​បញ្ចប់​ការ​លេង​ស្មើ ៣ដង​ជាប់​ៗ​គ្នា​ តែ​គ្រូបង្វឹក លោក Joachim Loew ទទូច​ថា ក្រុម​គួរ​តែ​មាន​គ្រាប់​បាល់​ច្រើន​ជាង​នេះ​។

ការ​ប្រកួត​នាក្រុង​កៀវ​នេះ ខ្សែ​ការពារ Matthias Ginter ជួយ​ឱ្យ​ក្រុម​ភ្ញៀវ​នាំ​មុខ ១-០ នៅ​នាទីទី​២០ ហើយ​បន្ទាប់​មក​ខ្សែ​បម្រើ​ Leon Goretzka ​បន្ថែម​ការ​នាំ​មុខ នៅ​នាទីទី​ ៤៩ ដែល​គ្រាប់​បាល់​នោះ កើត​ឡើង​ដោយ​​ការ​ឆ្លៀត​យក​ផល​ពី​កំហុស​​របស់​អ្នក​ចាំ​ទី George Bus-​chan ដែល​ចាប់​បាល់​របូត​។

អ៊ុយ​ក្រែន ​បាន​កាត់​បន្ថយ​ការ​នាំ​មុខ​ហ្នឹង​ ក្រោយ​ខ្សែ​បម្រើ Ruslan Malinovskyi ស៊ុត​បាល់​ប៉េណាល់​ទី​បាន​សម្រេច នៅ​នាទីទី​៧៧ ហើយ​លទ្ធផល ២-១ហ្នឹង ​បន្ត​រហូត​ដល់​អាជ្ញា​កណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​​ការ​ប្រកួត ៩០​នាទី តែ​ម្ដង។

គ្រូបង្វឹក​ក្រុម​អាល្លឺម៉ង់ លោក Loew ដែល​មាន​សោមនស្ស​នឹង​ជ័យ​ជម្នះ​ក្រៅ​ផ្ទះ​នេះ បាន​​ទទូច​ថា​៖ «យើង​គួរ​តែ​បន្ថែម ៣ ឬ ៤ គ្រាប់​ទៀត មុន​ក្រុម​គូប្រជែង​ទម្លុះ​សំណាញ់​ទីយើង​បាន​វិញ»។

ក្រោយ​ស្មើ​ ក្នុង​ការ​ប្រកួត​បើក​ឆាក​នៅ Nations League ជាមួយ​ក្រុម​អេស្ប៉ាញ និង​ស្វ៊ីស ហើយ​បន្ទាប់​មក​ ប្រកួត​មិត្ត​ភាព​ទល់នឹងតួកគី​ បញ្ចប់​លទ្ធផល ៣-៣ ជ័យ​ជម្នះ​នេះ ជួយ​ឱ្យ​អាល្លឺម៉ង់ ឡើង​ទៅ​លេខ ២ ក្នុង​ពូល ពីក្រោម​អេស្ប៉ាញ ដែល​ឈ្នះ​ស្វ៊ីស នៅ​ទឹក​ដី​ខ្លួន​ឯង ទាំង​ប្រផុត​ប្រផើយ​ដែរ ១-០។

ចំណែក​កីឡាករ Ginter បាន​និយាយថា៖ «វា​ជា​រឿង​សំខាន់ ដែល​យើង​ឈ្នះ តែ​យើង​មិន​អាច​ធ្វើ​ការ​នាំ​មុខ ៣-០។ វា​មិន​មែន​ជា​ការ​លេង​ដ៏​ល្អ​បំផុត​របស់​ក្រុមយើង​នោះ​ទេ»។

ប្រកួតនេះ អ្នក​ចាត់​ការ​ក្រុម លោក Loew បាន​ដាក់​កម្លាំង​ពេញ​តែ​ម្ដង ហើយមាន​តែ​ខ្សែ​បម្រើ Julian Draxler របស់​ក្រុម​អ្នក​មាន​នៅ​បារាំង Paris Saint-Germain និង​ខ្សែ​ការពារ Antonio Ruediger ​របស់​ក្រុម​តោ​ខៀវ Chelsea ២​នាក់​ប៉ុណ្ណោះ ដែល​យក​ចេញ​ពី​ក្រុម ពេល​លេង​ស្មើ​ជាមួយ​តួកគី។

ក្រោយ​បញ្ចប់​ប្រកួត​ទី៣ អេស្ប៉ាញ ឈរ​ទី​កំពូល សម្រាប់​ League A គ្រុប (ពូល) ទី ៤ ដោយ​មាន ៧​ពិន្ទុ ខណៈ​អាល្លឺម៉ង់ លេខ ២ មាន ៥​ពិន្ទុ ហើយ​អ៊ុយ​ក្រែន​ មាន ៣​ពិន្ទុ លេខ៣ ឯ​ក្រុម​បាត​តារាង​ស្វ៊ីស មាន ១ពិន្ទុ៕ AFP /VN