ភ្នំពេញៈ ក្រុម​អាស៊ី​អឺរ៉ុប​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការត្រៀម​ខ្លួន​យ៉ាង​ល្អ​មួយ ហើយ​ពួកគេ​នឹង​លេង​ដោយ​គ្មាន​បារម្ភ​អ្វី​ទាំងអស់ សម្រាប់​ការស្វាគមន៍​ក្រុម​កំពូល​តារាង ព្រះខ័នរាជ​ស្វាយរៀង​នៅ​ចុង​សប្តាហ៍​នេះ ចំណែក​ក្រុម​ណាហ្គាវើល​នឹង​ប្រើ​ក្រុម​យុវជន​ភាគច្រើន ដើម្បី​ប្រជែង​យក​ ៣ ​ពិន្ទុ​ជាមួយ​ក្រុម​វិសាខា​។

បើ​ទោះបី​ជា​ក្រុម​ព្រះខ័នរាជ ស្វាយរៀង នៅពេល​នេះ​មាន​ទម្រង់​លេង​ល្អ និង​កំពុង​ឈរ​នៅ​លើ​កំពូល​តារាង​ដោយ​មាន​ ២៩ ​ពិន្ទុ ប៉ុន្តែ​លោក សុក វាសនា គ្រូបង្វឹក​ក្រុម​អាស៊ី​អឺរ៉ុប​ហាក់​មាន​រំពឹង​ថា​ក្រុម​របស់​លោក​អាច​នឹង​បង្កើត​ឲ្យ​មាន​នូវ​រឿង​ដ៏អស្ចារ្យ​ជាថ្មី​ម្តង​ទៀត​ដូច​ពេល​ពួកគេ​បាន​វាយបក​យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ វិសាខា ៣-១ កាលពី​សប្តាហ៍​មុន ហើយ​លោក​ក៏​បាន​រំឭក​ដែរ​ថា ក្រុម​ស្វាយរៀង​ធ្លាប់​បាន​ចាញ់​ក្រុម​អាស៊ី​អឺរ៉ុប ២-១ និង ៦-១ កាលពី​រដូវកាល​ឆ្នាំ​ ២០១៨​។

លោក សុក វាសនា បាន​និយាយ​ថា​៖ «​យើង​ធ្លាប់​ឈ្នះ​ក្រុម​ស្វាយរៀង​ទាំង​ ២ ​ជើង ហើយ​ការវិល​មក​ជួប​គ្នា​លើក​នេះ យើង​ក៏​មាន​ឱកាស​ឈ្នះ​ដូច​គ្នា បើសិន​ជា​យើង​រៀបចំ​បាន​ល្អ ប៉ុន្តែ​ការលំបាក​ក៏​អាច​នឹង​កើតឡើង​ដែរ អ៊ីចឹង​សំខាន់ យើង​ត្រូវ​ពង្រឹង​តំបន់​ការពារ និង​វាយបក​ទៅ​តាម​កាលៈទេសៈ​»​។

ការវិល​មក​ជួប​គ្នារ​វាង​អាស៊ី​អឺរ៉ុប និង​ក្រុម​ស្វាយរៀង​លើក​នេះ​ក៏​ជា​ពេល​ដែល​ខ្សែប្រយុទ្ធ​ឆ្នើម Privat ដែល​ទើប​ប្តូរ​ទៅ​លេង​ឲ្យ​ស្វាយរៀង​នៅ​រដូវកាល​នេះ​ត្រូវ​វិល​មក​ជួប​អតីត​មិត្ត​រួម​ក្រុម​របស់​គេ​ផងដែរ ខណៈ​រដូវកាល​មុន Privat រកបាន​ ២៧ ​គ្រាប់​ឲ្យ​អាស៊ី​អឺរ៉ុប​។

ចំណែក​ការរួម​ដំណើរ​ជាមួយ​ក្រុម​ថ្មី​មក​ជួប​ក្រុម​ចាស់​លើក​នេះ Privat បាន​ប្រាប់ CNCC ថា​៖ «​ខ្ញុំ​អត់​មាន​អ្វី​និយាយ​ច្រើន​ទេ តែ​ខ្ញុំ​រំពឹង​ថា​វា​នឹង​ក្លាយ​ជា​ការប្រកួត​ដ៏ល្អ​មួយ​។ សមាជិក​គ្រប់រូប​នឹង​ព្យាយាម​លេង​ដើម្បី​ជ័យជម្នះ ព្រោះ​យើង​ចង់​រក្សា​កំណត់ត្រា​ដ៏ល្អ​របស់​យើង​នៅ​រដូវកាល​នេះ​»​។

នៅពេល​រំឭក​ពី​ភាពខ្លាំង​របស់ Privat ដែល​តែងតែ​រកបាន​គ្រាប់​បាល់​ឲ្យ​ក្រុម​ស្វាយរៀង​នោះ​លោក សុក វាសនា បញ្ជាក់​ថា​៖ «​យើង​ក៏​បារម្ភ​គេ ហើយ​គេ​ក៏​បារម្ភ​ពី​យើង​ដូច​គ្នា អ៊ីចឹង​សំខាន់​វា​អាស្រ័យ​ទៅ​លើ​ឱកាស និង​សំណាង នៅពេល​ប្រកួត ប៉ុន្តែ​សម្រាប់​ក្រុម​យើង​អត់​មាន​ការបារម្ភ​នោះ​ទេ​គឺ​ខ្ញុំ​ភ័យខ្លាច​តែ​ក្រុម​ខ្ញុំ​ឈ្នះ​ទៅ​វិញ​ទេ ព្រោះ​ការចាញ់​យើង​ធ្លាប់​បាន​ជួប​អស់​ហើយ អ៊ីចឹង​ខ្ញុំ​បាន​ប្រាប់​កូនក្រុម​ខ្ញុំ​ថា មិន​បាច់​បារម្ភ​អ្វី​នោះ​ទេ​គឺ​ត្រូវ​លេង​ឲ្យ​អស់​ពី​សមត្ថភាព​»​។

ដោយឡែក​ក្រុម​ណាហ្គាវើល​ដែល​កំពុង​ឈរ​នៅ​លេខ​ ២ មាន​ ២៧ ​ពិន្ទុ​នោះ​នឹង​ត្រូវ​វិល​មក​ជួប​ក្រុម​វិសាខា​ដែល​ទើប​ជួប​ការខកចិត្ត​ខ្លាំង ក្រោយ​ចាញ់​អាស៊ី​អឺរ៉ុប​។ ប៉ុន្តែ​លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គាវើល​យល់​ថា ការ​ចាញ់​នោះ​នឹង​ធ្វើឲ្យ​វិសាខា​កាន់តែ​មាន​សម្ទុះ​លេង​ខ្លាំង​ពេល​ជួប​ក្រុម​ណាហ្គាវើល​លើក​នេះ​។

លោក មាស ចាន់ណា បាន​ប្រាប់​ថា​៖ «​ចាញ់​ក្រុម​អាស៊ី​អឺរ៉ុប វា​នឹង​ធ្វើឲ្យ​ក្រុម​វិសាខា​កាន់តែ​មាន​ការប្រឹងប្រែង​ជាង​មុន ហេតុនេះ​យើង​អាច​នឹង​មាន​ការពិបាក​ផង​ដែរ ហើយ​យើង​ក៏​នឹង​ដាក់​យុវជន​ឲ្យ​ចូល​លេង​ច្រើន​ផង​ដែរ ដើម្បី​ឲ្យ​ពួកគេ​អាច​ផ្ស៊ាំ​ទៅ​នឹង​ការលេង​ត្រៀម​ទៅលេង​ពាន​សម្តេច​ ប៉ុន្តែ​តាម​ការថ្លឹងថ្លែង​របស់​ខ្ញុំ​គឺ​កម្រិត​របស់​ពួកគេ​អាច​ប្រដំប្រសង​គ្នា​បាន អ៊ីចឹង​ការប្រកួត​លើក​នេះ​យើង​សង្ឃឹម​ ៥០ ​ទល់​នឹង​ ៥០ ​ភាគរយ​»​។

ចំណែក​ក្រុម​ភ្នំពេញ​ក្រោន​ដែល​បាន​ឈ្នះ​ជាប់ៗ​គ្នា ៣ ​លើក​ចុងក្រោយ​នេះ​នឹង​ត្រូវ​ស្វាគមន៍​ក្រុម​អង្គរថាយហ្គឺរ​ដែល​កំពុង​ឈរ​នៅ​លេខ​ ៣ មាន​ ២៤ ​ពិន្ទុ ឯ​ក្រុម​ឈរ​នៅ​លេខ​ ៤ មាន​ ២៣ ​ពិន្ទុ​បឹងកេត​ត្រូវ​ទៅ​ជួប​ជាមួយ​ក្រុម​សូលទីឡូ​អង្គរ​៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

-​អាស៊ី​អឺរ៉ុប v ស្វាយរៀង កីឡ.អាស៊ី​អឺរ៉ុប​ស្ពតផាក ១៥:៣០

-​ភ្នំពេញ​ក្រោន v អង្គរថាយហ្គឺរ កីឡដ្ឋាន RSN ១៨:០០

-​អគ្គិសនី​កម្ពុជា v ទ័ព កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ១៥:៣០

៤ ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ

-​សូលទីឡូអង្គរ v បឹងកេត កីឡដ្ឋាន​ខេត្ត​សៀមរាប ១៥:៣០

-​គិរីវង់​សុខសែនជ័យ v ខេត្ត​កំពង់ចាម កីឡដ្ឋាន​គិរីវង់​សុខសែនជ័យ ១៥:៣០

-​ណាហ្គាវើល v វិសាខា នៅ​កីឡដ្ឋាន​ស្តាតចាស់ ១៨:០០

-​ប៉ូលិស v យុវជន​បាទី​ ១៨ ​ឆ្នាំ​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​ម៉ោង ១៥:៣០