ក្រុង​ Dortmund៖ គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​លោក Lionel Scaloni បាន​កោត​សរសើរ​ក្រុម​អាហ្សង់ទីន​របស់​គាត់​ដែល​ខិតខំ​ប្រកួត​អស់​ពី​កាយ​ចិត្ត​ដោយ​គ្មាន​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ Lionel Messi ខណៈ​ពួក​គេ​រក​បាន​គ្រាប់​បាល់ ​២ ​គ្រាប់ ​ក្នុង​តង់​ទី ​២ ​ដើម្បី​ជួយ​​ឲ្យ​ពួក​គេ​តាម​​ស្មើ​គ្នា​ ២-២ ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយ​ជម្រើស​ជាតិ​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​ពុធ​។​

ក្រុម​អាល្លឺម៉ង់​បាន​នាំ​មុខ​ក្រុម​អាហ្សង់ទីន ​២ ​គ្រាប់ ​ដោយ​កីឡាករ​ Serge Gnabry និង​ កីឡាករ​ Kai Havertz ក្នុង​តង់​ទី ​១ ​នៅ​ក្នុង​ទីក្រុង​ Dortmund ប្រទេស ​អាល្លឺម៉ង់ ​មុន​ពេល​កីឡាករ​ Lucas Alario និង​ Lucas Ocampos រក​បាន​ម្នាក់ ​១ ​គ្រាប់ ​ក្នុង​តង់​ទី ​២ ​ដើម្បី​ជួយ​ឲ្យ​ក្រុម​អាហ្សង់ទីន​តាម​ស្មើ​ក្រុម​អាល្លឺម៉ង់​វិញ​ ២-២។​

លោក Scaloni គ្រូ​បង្វឹក​អាហ្សង់ទីន​បាន​និយាយ​ថា៖ «​យើង​មាន​ភាព​ចាស់​ទុំ​ក្នុង​ការ​ប្រកួត​នេះ​។ យើង​បាន​បង្កើត​កំហុស ​២ ​ឬ ​៣ ​នៅ​ក្នុង​តង់​ទី ​១ ​ប៉ុន្តែ​យើង​បាន​កែ​កំហុស​នោះ​ឡើង​វិញ​នៅ​ក្នុង​តង់​ទី ​២ ​ជាមួយ​ការ​អត់​ធន់​រហូត​ដល់​យើង​ទទួល​បាន​លទ្ធផល​វិជ្ជមាន​សម្រាប់​ពេល​អនាគត​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ឥរិយាបថ​នេះ​ព្រោះ​យើង​មិន​បោះ​បង់ ​ឬ​អស់​សង្ឃឹម​នោះ​ទេ​នៅ​ពេល​យើង​បាន​របូត​គ្រាប់​បាល់​ ២ ​គ្រាប់​ហើយ​នោះ​»។​

ជាមួយ​អវត្តមាន​របស់​ខ្សែ​ប្រយុទ្ធ Messi ដោយសារ​ជាប់​បម្រាម​​ចំពោះ​ការ​និយាយ​ប៉ះពាល់​ដល់​អ្នក​រៀបចំ​ការ​ប្រកួត​ Copa America នោះ​ កីឡាករ​ Paulo Dybala បាន​ចាប់​ដៃគូ​ជាមួយ​កីឡាករ​ Lautaro Martinez នៅ​តំបន់​ប្រយុទ្ធ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​។​

ចំណែក​ឯ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​​​អាល្លឺម៉ង់ ​លោក Joachim Loew វិញ​ បាន​ទទួល​ស្គាល់​ថា ក្រុម​របស់​គាត់​បាន​បាក់​ទឹក​ចិត្ត ​ក្រោយ​ពី​បាន​ចាប់​ផ្ដើម​ល្អ​ហើយ​នោះ​។​

លោក Loew បាន​និយាយ​ថា៖ «​តាម​ពិត​ទៅ​ យើង​ចង់​រក្សា​ការ​ប្រកួត​នេះ​ឲ្យ​នៅ​ត្រឹម​លទ្ធផល​នាំ​មុខ​ ២​-០​ ប៉ុន្តែ​ជា​អកុសល​ យើង​មិន​អាច​ទប់ទល់​នឹង​ការ​ប្រកួត​នេះ​​ឲ្យ​បាន​រហូត​ដល់​​រយៈពេល ​៩០ ​នាទី​​បាន​ទេ​»។​​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​យើង​បាន​បាត់បង់​ឱកាស​គ្រប់គ្រង​បន្តិច​បន្តួច​ និង​មិន​សូវ​មាន​​ទឹក​​ចិត្ត​ប្រកួត​រហូត​ទាល់​តែ​យើង​មាន​បញ្ហា​​ក្នុង​តង់​ទី ​២ ​តែ​ម្ដង​»។​​​​

លោក Loew បាន​កែ​ប្រែ​ការ​ប្រកួត ​៤ ​លើក ​​ជា​មួយ​ទម្រង់​លេង​​ដាក់​ឲ្យ​ខ្សែ​ការពារ​ Robin Koch លេង​ជាមួយ​ខ្សែ​ប្រយុទ្ធ​ Luca Waldschmidt បន្ទាប់​មក​​​ដាក់​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Nadiem Amiri លេង​ជាមួយ​ខ្សែ​បម្រើ​ Suat Serdar នៅ​ក្នុង​តង់​ទី ​២ ​ដើម្បី​ទប់ទល់​​កុំ​ឲ្យ​របូត​គ្រាប់​បាល់​​នាំ​មុខ​នោះ​។​

លោក Loew បាន​បង្ខំ​ចិត្ត​​រៀបចំ​តំបន់​ការពារ​ជា​ថ្មី ​ខណៈ​កីឡាករ Koch បាន​ជំនួស​ខ្សែ​ការពារ​ Niklas Stark ដែល​ត្រូវ​បាន​ដក​ចេញ​វិញ​មុន​ពេល​ចាប់​ផ្ដើម​តង់​ទី ​២ ​ដោយសារ​ឈឺ​ពោះ​។​​

ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ Joshua Kimmich បាន​​និយាយ​ថា «នោះ ​គឺ​ជា​ការ​ប្រកួត​រយៈពេល ​៩០ ​នាទី ​ដែល​ចែក​គ្នា​ម្នាក់ ​២ ​​គ្រាប់​»។​

ប្រធាន​ក្រុម​រូប​នេះ​បាន​បន្ត​ទៀត​​​ថា៖ «​នៅ​ក្នុង​តង់​ទី ​១​ យើង​បាន​នាំ​មុខ​ពួក​គេ ​ប៉ុន្តែ​ក្នុង​តង់​ទី ​២ ​យើង​ត្រូវ​បាន​គេ​ដេញ​តាម​ស្មើ​វិញ​»។​

ទោះ​ជា​ធ្វើ​​ការ​ដោះ​ដូរ​កីឡាករ​​ ​១៣ ​លើក ​ដោយសារ​របួស​​ក៏​ដោយ​ប៉ុន្តែ​ក្រុម​អាល្លឺម៉ង់​ហាក់​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​​មុន​ពេល​ប្រកួត​ជាមួយ​ក្រុម​អាហ្សង់ទីន ​ដោយសារ​គ្មាន​វត្តមាន​កីឡាករ Messi, Sergio Aguero, និង​ Angel di Maria៕ AFP/SN