ភ្នំពេញ៖ ​សហព័ន្ធ​កីឡា​អុក​ចត្រង្គ​កម្ពុជា បាន​ត្រៀម​សមាសភាព​កីឡាករ​ ​និង​គ្រូ​បង្វឹក​សម្រាប់​​ចូលរួម​ប្រមូល​ផ្តុំ​ជា​ក្រុម​ជម្រើស​ជាតិ ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​រួច​រាល់​ហើយ ប៉ុន្តែ​ការងារ​ដ៏​ធំ និង​ចាំ​បាច់​បំផុត ជុំវិញ​ការ​​ដាក់​កីឡាអុក​ចូល​ទៅ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ​២០២៣ ​នៅ​កម្ពុជា​នោះ គឺ​សហព័ន្ធ​កីឡា​អុក​ចត្រង្គ​កម្ពុជា នៅ​មិន​ទាន់​បាន​ធ្វើ​នៅ​ឡើយ​ទេ។

តាម​ការ​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ នឹង​បើក​ទទួល​ការ​ប្រមូល​ផ្តុំ​​ក្រុម​ជម្រើសជាតិ ​នៅ​ថ្ងៃទី ​១៧​កកដ្កា ​ឆ្នាំ ​២០២០។ ជាមួយ​គ្នា​នេះ សហព័ន្ធ​កីឡា​អុក​ចត្រង្គ​កម្ពុជា​បាន​ជ្រើសរើស​កីឡាករ​ឆ្នើម​ជើង​ចាស់​ចំនួន ​៦ នាក់ និង​គ្រូ​បង្វឹក​ចំនួន​ ​២ នាក់ សម្រាប់​​ចូលរួម​ការ​ប្រកួត​ប្រមូល​ផ្តុំ​នេះ ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

ចំពោះ​​សមាសភាព​កីឡាករ​​ជើង​ចាស់​ទាំង ​៦ ​នាក់ ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ជម្រើស​ជាតិ នៅ​ឆ្នាំ ​២០២០ នេះ រួមមាន​ ​លោក ​ម៉េង ​សេរីសម្បត្តិ, លោក​ ប៉ុន ​មាលីកា,​ លោក​យ៉ាន ​សុខ​លាង,​ ​លោក ​ទេស ​សារ៉ាវី, ​​លោក ​ឆយ ​វីរ៉ា ​និង​លោក​ ប៊ិន​ គាសេង​។ ​ចំណែក​គ្រូ​បង្វឹក​មាន​ លោក​ គ្រួច​ ចន្ថា​រិទ្ធ​ ​និង​លោក ​ហ៊ូយ ​ស៊ីណា​ ហើយ​អ្នក​ទាំង​នេះ ​សុទ្ធ​សឹង​មាន​បទពិសោធ​លេង​ល្អ​ និង​មាន​ស្នា​ដៃ​កន្លង​មក​។​

យ៉ាង​ណា​ក៏​ដោយ​ចំពោះ​បេសកកម្ម​ដ៏​ធំ គឺ​ការ​បញ្ជូន​គ្រូ​បង្វឹក ទៅ​បង្ហាត់​បង្ហាញ​ពី​ច្បាប់ និង​លក្ខន្តិកៈ​ប្រកួត​ផ្សេងៗ ទៅ​ដល់​បណ្តា​ប្រទេស ដែល​បាន​គាំទ្រ​ឲ្យ​មាន​ការ​ដាក់​កីឡា​អុក​ចត្រង្គ ចូល​ទៅ​​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី ​៣២ ឆ្នាំ ​២០២៣ នៅ​ប្រទេស​កម្ពុជា​ នោះ នៅ​មិន​ទាន់​បាន​ធ្វើ​នៅ​ឡើយ​ទេ។

លោក ​គ្រួច ​ចន្ថារិទ្ធ​ គ្រូ​បង្វឹក​ជម្រើស​ជាតិ​កីឡា​អុក​ចត្រង្គ​កម្ពុជា​ បាន​ប្រាប់​​ថា​៖ «​កីឡា​ប្រពៃណី​ជាតិ​ខ្មែរ​យើង​មួយ​នេះ​ មាន​សក្ដានុពល​ខ្លាំង​ណាស់ ​និង​ពេញ​និយម​សម្រាប់​មហាជន​ធម្មតា​រហូត​ថ្នាក់​ដឹក​នាំ​ធំៗ​និយម​លេង។​ បន្ថែម​ពី​លើ​នេះ​ តាម​ផែនការ​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ​ក៏​ដូច​សហព័ន្ធ គឺ​​ត្រៀម​ផែនការ​ចេញ​ទៅ​ទំនាក់ទំនង​បណ្តុះបណ្តាល​ឲ្យ​ប្រទេស​ជា​ដៃ​គូ ​ក្នុង​តំបន់​អាស៊ាន ​ចេះ​លេង​ និង​នាំ​មក​ប្រកួត​ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ​ឆ្នាំ ​២០២៣​»។

លោក​ គ្រួច​ ចន្ថារិទ្ធ បាន​​ប្រាប់​បន្ថែម​ថា​​៖ ​«កម្ពុជា​ត្រៀម​បញ្ជូន​គ្រូ ​ឲ្យ​ចេញ​ទៅ​បង្ហាត់​ដល់​បណ្ដា​ប្រទេស​ជិត​ខាង​ពី​របៀប​លេង ​បទបញ្ជា​នៃ​ការ​ប្រកួត​ ការ​កំណត់​​របៀប​ចាញ់​ ឈ្នះ ​និង​ពេល​វេលា​ប្រកួត​ជា​ដើម​ ប៉ុន្តែ​គម្រោង​ផែនការ​ដ៏​សំខាន់​នេះ ត្រូវ​បាន​ខកខាន​ ដោយសារ​បញ្ហា​ការ​រីករាល​ដាល​ជំងឺ​កូវីដ ​១៩»​។ ​

ចំណែក​លោក ​សុខ ​សំបូរ​ អនុប្រធាន​សហព័ន្ធ​កីឡា​អុក​ចត្រង្គ​កម្ពុជា​បាន​ប្រាប់​​ថា ​តាមរយៈ​សហព័ន្ធ​ និង​ NOCC​ គិត​មក​ដល់​ពេល​នេះ ​យើង​បាន​ទំនាក់ទំនង​​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បាន​ ​៤ ​ទៅ​ ​៥ ប្រទេស​ហើយ​ ដែល​បាន​គាំទ្រ​កម្ពុជា​ក្នុង​ការ​ដាក់​ប្រភេទ​កីឡា​អុក​ចត្រង្គ​នៅ​ស៊ីហ្គេម​ឆ្នាំ ​២០២៣​ ​ហើយ​ដោយសារ​តែ​មាន​ការ​គាំទ្រ​បែប​នេះ​ ​កម្ពុជា​ត្រូវ​តែ​រៀបចំ​ឲ្យ​បាន​ឆាប់ ​នូវ​បទ​បញ្ជា​ បច្ចេក​ទេស​នៃ​ការ​ប្រកួត និង​បញ្ជូន​គ្រូ​ទៅ​បង្ហាត់​ដល់​ប្រទេស​​ដែល​គាំទ្រ​ទាំង​នោះ​»។ ​

លោក ​វ៉ាត់ ​ចំរើន​ អគ្គលេខាធិការ​របស់ CAMSOC និង ​NOCC ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​តាម​ច្បាប់​កីឡា​ការ​ប្រកួត​ក្នុង​អាស៊ាន គឺ​​​ម្ចាស់​ផ្ទះ ​អាច​ដាក់​ប្រភេទ​កីឡា​ចូល​ទៅ​ក្នុង​ការ​ប្រកួត​​បាន ​លុះត្រា​មាន​ប្រតិភូ​កីឡា​ចូល​លេង​យ៉ាង​តិច​ ​៤ ​ប្រទេស​ ហេតុ​នេះ​បន្ទាប់​ពី​ជំងឺកូ​វីដ ​១៩ ​ស្ងាត់​ យើង​នឹង​ជំរុញ​​ឲ្យ​បាន​លឿន​ជាង​នេះ​ ហើយ​​ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា ​ប្រភេទ​កីឡា​អុក​នេះ ​កម្ពុជា​នឹង​ប្រជែង​បាន​មេដាយ​ជូន​ជាតិ ​ដូច្នេះ​សាមី​សហព័ន្ធ​ត្រូវ​តែ​ធ្វើ​ការងារ​ខាង​លើ​នេះ​ឲ្យ​បាន​ឆាប់​រហ័ស​ជា​ទីបំផុត ​ខណៈ​ដែល CAMSOC ​រង់ចាំ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត»​៕