អូស្រ្តាលីៈ សហព័ន្ធកីឡាបាល់-ទាត់អូស្ត្រាលី (FFA) បានប្រកាសជាផ្លូវការថា ខ្លួនសម្រេចពន្យារពេលការប្រកួត ដែលនៅ សល់នៃក្របខ័ណ្ឌ Hyundai A-League រដូវកាល ២០១៩-២០២០ ហើយ ហើយការផ្អាកនេះមានប្រសិទ្ធភាពភ្លាមៗ។
ការសម្រេចនេះ គឺជាវិធានការបន្តបន្ទាប់ចុងក្រោយ ដែលចេញដោយ FFA ដើម្បីឆ្លើយ ទៅនឹងការរាលដាលដែលចេះតែកើនឡើងនៃជំងឺកូវីដ១៩ និងដើម្បីផ្ដល់ការគាំទ្រជាឯកច្ឆន្ទ ដល់ក្លិបនៅក្របខ័ណ្ឌ Hyundai A-League ទាំងអស់ ហើយសហព័ន្ធនឹងពិនិត្យស្ថានការណ៍នេះឡើងវិញម្ដងទៀត នៅប៉ុន្មានសប្ដាហ៍ខាងមុខដោយមានការវាយតម្លៃផ្លូវការ តែពេលនេះ ថ្ងៃទី២២ ខែមេសា គឺជាការកំណត់របស់យើង។
ពាក់ព័ន្ធនឹងសេចក្ដីប្រកាសនេះ លោក James Johnson នាយកប្រតិបត្តិរបស់ FFA បានថ្លែងថា៖«អាទិភាពរបស់យើង គឺធានាសុវត្ថិភាព ទាំងសហគមន៍បាល់ទាត់ និងសហគមន៍ទូទៅ។ នៅពេលឃើញមានអ្នកស្លាប់រាល់ថ្ងៃ បានធ្វើឲ្យយើងកាន់តែបារម្ភចំពោះសុវត្ថិភាពសហគមន៍ទាំង២ ដូច្នេះចាំបាច់ណាស់ដែលយើងត្រូវគោរពតាមការណែនាំរបស់រដ្ឋាភិបាល ហើយយើងត្រូវចាត់វិធានការចាំបាច់ជាមុន និងដោយប្រុងប្រយ័ត្ន ដើម្បីរួមចំណែកជួយទប់ស្កាត់ពីការរាលដាល និងផលប៉ះពាល់នៃជំងឺកូវីដ១៩»។
លោក Johnson បានបន្តទៀតថា៖ «ដោយការប្រកួតជិតបញ្ចប់ទាំងស្រុងទៅហើយ តែបែរជាមកបញ្ឈប់ត្រឹមតែប៉ុន្មានសប្ដាហ៍បែបនេះ បានកំពុងធ្វើឲ្យកីឡាករ ក្លិប និងអ្នកគាំទ្រខូចចិត្តយ៉ាងខ្លាំង ប៉ុន្តែកត្តាសុខភាព និងសុវត្ថិភាពនៃអ្នកគ្រប់គ្នា តែងតែត្រូវបានយកមកគិតគូរ មុនអ្វីៗទាំងអស់។ ដោយសារបែបនេះ ទើបនាំឲ្យមានការគាំទ្រជាឯកច្ឆន្ទទាំងថ្នាក់ជាតិ និងមូលដ្ឋាន ក្នុងការសម្រេចពន្យារការប្រកួតបាល់ទាត់ក្នុងស្រុកនេះ រហូតដល់ថ្ងៃទី ១៤ ខែមេសា។ មិនមែនជារឿងងាយស្រួលប៉ុន្មានទេ សម្រាប់ការសម្រេចថ្ងៃនេះ តែចាំបាច់ត្រូវតែធ្វើអ៊ីចឹង ព្រោះជារឿងចៀសមិនផុត»។
លោកនាយកប្រតិបត្តិរូបនេះបានបន្ថែមទៀតថា៖ «តាងនាមឲ្យក្រុមប្រឹក្សា FFA និងក្លិបទាំងអស់នៅក្របខ័ណ្ឌ Hyundai A-League សូមថ្លែងអំណរគុណដល់កីឡាករទាំងអស់ សម្រាប់ជំនួយរបស់ពួកគេ ក្នុងអំឡុងពេលមិនធម្មតានេះ។ យើងបានធ្វើអ្វីគ្រប់យ៉ាងអស់ពីសមត្ថភាព ដើម្បីបានធានានូវសុខុមាលភាព ទាំងរាងកាយ និងសតិអារម្មណ៍របស់កីឡាករ ព្រមទាំងបុគ្គលិករបស់ក្លិប ហើយការសម្រេចចិត្តនេះមានន័យថា ដូចប្រជាជនអូស្ត្រាលីភាគច្រើនដែរ ឥឡូវនេះ ពួកគេអាចត្រឡប់ទៅផ្ទះ ដើម្បីបាននៅជាមួយគ្រួសាររបស់ខ្លួន ក្នុងគ្រាលំបាកនេះ»។
ជាមួយគ្នានេះ លោក Johnson ក៏បានថ្លែងអរគុណដល់ភាគីពាក់ព័ន្ធផងដែរ ដោយបាននិយាយថា៖«ពួកយើងសូមអរគុណដល់សមាជិកគ្រប់រូប ក្រុមហ៊ុនឧបត្ថម្ភទាំងឡាយ ក្រុមអ្នកស្ម័គ្រចិត្ត និងអ្នកគាំទ្រទាំងអស់ ដែលបន្តការគាំទ្រមិនបោះបង់គ្នាក្នុងពេលវេលា ដែលមិនធ្លាប់មានពីមុនមក»៕ VN