ភ្នំពេញ៖ កីឡាករជើងខ្លាំងវ័យក្មេង អេលីត ចំរើន បានក្លាយជាម្ចាស់ខ្សែក្រវាត់មាស អមដោយប្រាក់រង្វាន់១ម៉ឺនដុល្លារ បន្ទាប់ពីរូបគេមានទាត់ឲ្យម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម វ៉ាន់ វឿន ខូចដៃស្តាំ បន្តការប្រកួតលែងបាន នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ នៅលើសង្វៀន PNN។
យ៉ាងណាក៏ដោយ ការផ្តួល វ៉ាន់ វឿន ត្រឹមទឹកទី ៤ កាលពីថ្ងៃអាទិត្យ កន្លងមកនេះ គឺ អេលីត ចំរើន មានការភ្ញាក់ផ្អើលខ្លាំង ព្រោះជាជ័យជម្នះ ដែលបានកើតឡើង លើសពីអ្វីដែលរូបគេ បានរំពឹងទុកទៅទៀត។
អេលីត ចំរើន និយាយក្រោយការប្រកួតថា៖ «នៅក្នុងការប្រកួតចំនួន៣ទឹក ខ្ញុំមិនទាន់ដឹងថា អាចផ្តួលបាន ឬរកជ័យជម្នះបាននៅឡើយទេ ព្រោះគេវាយសម្រុកមកខ្លាំង គ្រប់ស្នៀត និងលំបាកទប់ទល់។ ខ្ញុំគិតថា បើឈ្នះ គឺអាចត្រឹមពិន្ទុប៉ុណ្ណោះ ប៉ុន្តែស្នៀតទាត់របស់ខ្ញុំ ក្នុងទឹកទី៤ គឺចូលគោលដៅល្អណាស់ គឺចំដៃ វ៉ាន់ វឿន ដែលខំរង នាំឲ្យគាត់ខូចដៃតែម្តង»។
ចំណែកលោក ស៊ន អេលីត គ្រូបង្វឹក អេលីត ចំរើន បាននិយាយថា៖ «ខ្ញុំមានសង្ឃឹមថា អេលីត ចំរើន ឈ្នះតាំងពីដំបូង ព្រោះស្នៀតទាត់របស់គេធ្ងន់ ហើយចូលគោលដៅល្អ ធ្វើឲ្យដៃគូ វ៉ាន់ វឿន មិនអាចគេចផុត»។
ចំពោះស្ថានភាពប្រកួតជាក់ស្តែង ក្នុងរយៈពេល៣ទឹកដំបូង គឺមានភាពស្វិតស្វាញ និងមានលក្ខណៈប្រទាញប្រទង់ដណ្តើមពិន្ទុគ្នាខ្លាំងណាស់ ដោយ អេលីត ចំរើន ល្អទាត់ជើងឆ្វេង ចូលគោលដៅល្អ ចំណែក វ៉ាន់ វឿន ទាត់ជើងក្រោម និងមានកណ្តាប់ដៃវាយសងបានល្អវិញដែរ។
ឈានចូលដល់ទឹកទី៤ អេលីត ចំរើន ដែលព្យាយាមវាយដកថយនោះ បានទាត់ឆ្វេងនាំឲ្យ វ៉ាន់ វឿន ខូចដៃស្តាំ បន្តការប្រកួតលែងបាន ហើយអាជ្ញាកណ្តាល អ៊ិន ខេមរិន បានផ្តល់ជ័យជម្នះទៅឲ្យ អេលីត ចម្រើន តែម្តង ខណៈរាប់ដល់ទៅហើយតែ វ៉ាន់ វឿន មិនអាចក្រោកឡើងបាននោះ។ ជាមួយជ័យជម្នះនេះ ចំរើន បានខ្សែក្រវាត់មាស និងទឹកប្រាក់១ម៉ឺនដុល្លារចំណែក វ៉ាន់ រឿន ដែលរងរបួសធ្ងន់ ត្រូវបញ្ជូនទៅថតឆ្អឹងនោះ ទទួលបានប្រាក់ត្រឹម២ពាន់ដុល្លារប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ម្ចាស់មេដាយសំរឹទ្ធ២ជំនាន់ វ៉ាន់ វឿន បានចាត់ទុកការចាញ់នេះ ជាករណីភ្លាត់ស្នៀត។ វ៉ាន រឿន និយាយ ក្រោយការប្រកួតថា៖«ការចាញ់នេះ គឺភ្លាត់ស្នៀត ដោយខូចដៃ អាចស្រាំឆ្អឹង ព្រោះការទាត់របស់គេធ្ងន់ណាស់ ស្របពេលដែលខ្ញុំរងការទាត់នោះ»។
សិស្សគណក្លិបឃ្លាំងមឿនកីឡា វ៉ាន់ វឿន បានបន្ថែមថា៖«រយៈពេលជាង៣ទឹក ខ្ញុំមានសង្ឃឹមឈ្នះពិន្ទុ ព្រោះខ្ញុំវាយចូលគោលដៅបានច្រើន ព្រមទាំងវាយសម្រុក ធ្វើឲ្យ អេលីត ចំរើន ថយជានិច្ច ហើយខ្ញុំគិតថា នៅទឹកទី៤ និងទី៥ ខ្ញុំកាន់តែមានប្រៀបផ្នែកកណ្តាប់ដៃ និងទាត់ជើងក្រោម ប៉ុន្តែបានខូចដៃ មិនបញ្ចប់ទឹកទី៤»។
ចំណែកលោក សុខ វិជ័យ គ្រូធំរបស់ វ៉ាន់ វឿន ក៏បានយល់ឃើញស្រដៀងគ្នានេះដែរ ដោយបាននិយាយថា៖«វ៉ាន់ វឿន មានប្រៀបបន្តិចបន្តួចឈ្នះពិន្ទុ៣ទឹកទៅហើយ ប៉ុន្តែការចាញ់នេះ មកពីយើងគេចមិនទាន់ នាំឲ្យខូចដៃតែម្តង គឺមានការសោកស្តាយណាស់»។
ជាមួយគ្នានេះ លោក ស្រ៊ឺ ស្រេង ហៅ សំណព្វ អ្នកគ្រប់គ្រងកម្មវិធីកីឡាប្រចាំនៅសង្វៀនPNN បាននិយាយថា៖ «ការប្រកួតមានភាពទាក់ទាញណាស់ ហើយខ្ញុំចង់ឲ្យពួកគេវ៉ៃគ្នាឈ្នះចាញ់ ដោយសន្លប់បែបនេះ ដើម្បីកុំឲ្យលំបាកដល់ចៅក្រម ឬគណៈកម្មការប្រកួត ឬប្រធានវិនិច្ឆ័យសម្រេច ព្រោះមិនអាចត្រូវចិត្តអ្នកគាំទ្រទាំងសង្ខាង។ ក្រោយការប្រកួតនេះ កម្មវិធីយើងនៅតែបន្តការប្រកួតក្នុងរដូវកាលទី៣ទៀត ប៉ុន្តែប្តូររូបមន្ត»៕