ភ្នំពេញ៖ ការចាញ់ ទាំងមិនអស់ចិត្តសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមប្រាក់ចំនួន ៣,៤ លានរៀល កន្លងមក អេលីត សាន់ បានសុំឱ្យសង្វៀនថោន រៀបចំឱ្យរូបគេបានប្រកួតសងសឹក បាង កាយ៉ាក ឡើងវិញ ហើយតបនឹងសំណើ នេះគណៈកម្មការប្រចាំសង្វៀនបានសម្រេចដាក់ជូនហើយនៅសប្តាហ៍នេះ ដើម្បីសងសឹកក្នុងកម្មវិធីដដែលនេះ។
ជាមួយគ្នានេះ អេលីត សាន់ មហិច្ឆតាធំ ចង់ផ្តួល ឬជម្រះបញ្ជីឱ្យអស់មន្ទិល ជាមួយ បាង កាយ៉ាក ព្រោះការផ្តល់ពិន្ទុឱ្យចាញ់ ៥-០ លើកមុន ពីសំណាក់ចៅក្រមទាំង ៥ រូបនោះ បានធ្វើឱ្យរូបគេមានការខកចិត្តខ្លាំង និងមិនអស់ចិត្ត អ៊ីចឹងលើកនេះ គណៈកម្មការបានផ្គូផ្គងនូវសមាសភាពកីឡាករ ២ នាក់បន្ថែម ដើម្បីឱ្យស្របទៅតាមរូបមន្ត គឺកីឡាករ ជ័រ ពៅ និង ស៊ន រ៉ាគីម។
បើទោះបីជាការប្រកួតនេះ តម្រូវឱ្យអ្នកទាំង ៤ ធ្វើការចាប់ឆ្នោតមុនការប្រកួត ដែលមិនទាន់ដឹងថា អ្នកណា ត្រូវប៉ះជាមួយអ្នកណានៅវគ្គជម្រុះ ដើម្បីរកអ្នកឈ្នះ ២ នាក់ ឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែ សាន់ មានបំណងចង់ផ្តួល កាយ៉ាក ឱ្យធ្លាក់ចេញពីកម្មវិធី ទោះជាជួបគ្នាក្នុងវគ្គណាក៏ដោយ។
អេលីត សាន់ ប្រាប់ថា៖ «ការចាញ់លើកមុន ធ្វើឱ្យចិត្តខ្ញុំមិនស្ងប់ ព្រោះការផ្តល់ពិន្ទុពីចៅក្រម ៥-០ មិនសមសោះ ដ្បិតអីខ្ញុំប្រឹងវ៉ៃប៉ុណ្ណឹងដែរ ម៉េចអត់បានពិន្ទុសោះអ៊ីចឹង។ ខ្ញុំមិនតវ៉ាចំពោះលទ្ធផលចាញ់ទេ ប៉ុន្តែសុំប្រកួតសងសឹកវិញ ដើម្បីជម្រះមន្ទិល និងយកប្រាក់រង្វាន់»។
កីឡាកររូបនេះ បានបញ្ជាក់ថា៖ «អ្វីដែលសំខាន់ គឺលើកនេះបើចាប់ឆ្នោតប៉ះគ្នាវគ្គជម្រុះ ឬវគ្គផ្តាច់ព្រ័ត្រ គឺខ្ញុំមានបំណងចង់ផ្តួល បាង កាយ៉ាក ឱ្យចុះចាញ់ដែរ។ ចំពោះ ស៊ន រ៉ាគីម និង ជ័រ ពៅ ក៏ជាជើងខ្លាំងដូចគ្នា អ៊ីចឹងការចាញ់ឈ្នះ ខ្ញុំមិនសោកស្តាយទេ ប៉ុន្តែខ្ញុំពិតជាចង់ជួប បាង កាយ៉ាក ដើម្បីឱ្យមហាជនដឹងថា អ្នកណាមានសមត្ថភាពឈ្នះពិតប្រាកដ ដោយមិនអាងលើខ្សែ»។
ចំណែកលោក ស៊ន អេលីត ជាគ្រូបង្វឹកនិយាយថា៖ «លើកនេះ ខ្ញុំមានសង្ឃឹមឈ្នះ ៧០ ភាគរយ ព្រោះហ្វឹកហាត់ត្រៀមបានល្អ ពិសេសការចាញ់លើកមុន ធ្វើឱ្យ អេលីត សាន់ ចង់សងសឹកខ្លាំង ចំណែកខ្ញុំគិតថា ការឱ្យចាញ់មុននោះ មិនសូវសម ព្រោះដូចជាប្រហាក់ប្រហែលគ្នា ហើយការវាយសម្រុក ដោយកណ្តាប់ដៃធ្ងន់ៗរបស់ សាន់ ធ្វើឱ្យ បាង កាយ៉ាក ដួលច្រើនលើកទៀត ប៉ុន្តែលទ្ធផលពិន្ទុ បែរជា សាន់ ចាញ់រហូតដល់ ៥-០ គឺដូចជាមិនអស់ចិត្ត។
ចំពោះកីឡាករ បាង កាយ៉ាក បានប្រាប់ថា៖ «ខ្ញុំហ្វឹកហាត់ត្រៀមល្អ ប៉ុន្តែការឈ្នះ ឬចាញ់ មិនទាន់ហាននិយាយទេ ព្រោះ អេលីត សាន់ កណ្តាប់ដៃធ្ងន់ៗ និងវាយសន្ធាប់ខ្លាំង។ ខ្ញុំសង្ឃឹមឈ្នះ ៥០ ភាគរយ និងមានការព្រួយបារម្ភ ដោយសារតែកម្លាំងគេ ៣ ទឹក ទំនងជាល្អជាងខ្ញុំ ហើយខ្ញុំនឹងប្រើបច្ចេកទេសជង្គង់ទប់ទល់ និងដកថយ»។
ចំណែកលោកស្រី សុម៉ាលី ប្រពន្ធ អេ ភូថង និងជាអ្នកគ្រប់គ្រង បាង កាយ៉ាក និយាយថា៖ «បាង កាយ៉ាក កំពុងហ្វឹកហាត់ គោរពវិន័យបានល្អ ហើយខ្ញុំមិនហ៊ានទស្សន៍ទាយមុនទេ ចាំមើលទៅ។ ទោះជាយ៉ាងណា យើងមិនប្រាកដថា កីឡាករ អេលីត សាន់ និង បាង កាយ៉ាក បានចាប់ឆ្នោតប៉ះប្រកួតគ្នា ឬអត់នោះទេ គឺចាំមើលជាក់ស្តែងទៅ»។
ជាមួយគ្នានេះ លោក ជួប វុត្ថា អ្នកគ្រប់គ្រងសមាសភាពកីឡាករប្រចាំសង្វៀនថោននិយាយថា៖ «តាមរូបមន្តប្រកួត ពួកគេត្រូវបានចាប់ឆ្នោត ប៉ុន្តែបើមើលតាមសមត្ថភាពរបស់កីឡាករទាំង ៤ រូបលើកនេះ ត្រូវបានគណៈកម្មការផ្គូផ្គងវាយតម្លៃជាទូទៅថា មានកម្រិតបច្ចេកទេសល្អម៉្យាងម្នាក់ ហើយអាច និងចាញ់ ឬឈ្នះគ្នា សុទ្ធតែឆ្លងកាត់ប្រកួតតឹងតែងដូចគ្នា។ ទោះយ៉ាងណា គូប្រកួតដែលមហាជនចង់តាមដាន និងទស្សនាខ្លាំងជាងគេ គឺ អេលីត សាន់ ប្រកួតសងសឹក បាង កាយ៉ាក។ រីឯ ស៊ន រ៉ាគីម និង ជ័រ ពៅ ក៏ជាជើងខ្លាំង មានសមត្ថភាពបច្ចេកទេសប្រកួត សុទ្ធតែទាក់ទាញបំផុត»៕