ភ្នំពេញៈ ​អតីត​កីឡាករ​ជើង​ខ្លាំង​គ្មាន​គូ​ប្រៀប ​អេ​ ភូថង​ ​ដែល​បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កីឡា​គុន​ខ្មែរ ​បាន​ចូល​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ក្នុង​សភាព​ធ្ងន់ធ្ងរ​ ​ហើយ​​អ្នក​ស្រី​ សាំង សុម៉ាលី​ ជា​ភរិយា​បាន​​ប្រាប់​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ថា ស្វាមី​របស់​អ្នក​ស្រី កំពុង​ស្ថិត​នៅ​បន្ទប់​​សង្គ្រោះ​បន្ទាន់​ មិន​ទាន់​ប្រាប់​ថា ​យ៉ាង​ណា​នៅ​ឡើយ​ ដោយ​ឲ្យ​រង់​ចាំ​លទ្ធផល​ពិនិត្យ​​សិន ប៉ុន្តែ​​​គ្រូ​ពេទ្យ​ម្នាក់​បាន​បង្ហើប​ប្រាប់​ថា អេ ភូថង នឹង​បញ្ជូន​ចេញ​ពី​សង្គ្រោះ​បន្ទាន់​ ទៅ​ផ្នែក​ប្រព័ន្ធ​ប្រសាទ។

យ៉ាង​ណា​ក្តី​មតិ​ពី​មហាជន​ភាគ​ច្រើន​ដែល​ដឹង​រឿង ​អេ​ ភូថង ​នាំ​គ្នា​អាណិត​ និង​មាន​អ្នក​ខ្លះ​និយាយ​ថា ​ជំងឺ​របស់ អេ ​ភូថង អាច​​ផ្តើម​ចេញ​ពី​ការ​ពិបាក​ចិត្ត​ និង​បាក់​ទឹក​ចិត្ត ​ក្រោយ​មាន​ការ​ចោទ​ប្រ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក ជុំវិញ​​រឿង​បាត់​លុយ​ជំនួយ​សប្បុរស​ជន ​ជួយ​ដល់​​កូន​សិស្ស ​គឺ​កីឡាករ ​អេ ​រដ្ឋា​ ដែល​រងគ្រោះ​ថ្នាក់​ចរាចរណ៍​កន្លង​មក​។​

អ្នកស្រី​ សាំង សុម៉ាលី​ ​ដែល​ជានិច្ចកាល​នៅ​ជិត​លោក ​អេ ភូថង ​សឹង​តែ​គ្រប់​ពេលវេលា​ទាំង​ជីវភាព​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួសារ​ និង​​ក្នុង​សកម្មភាព​កីឡា​នោះ​ បាន​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ប្តី​របស់​អ្នកស្រី បាន​ចូល​ពេទ្យ​ភ្លាមៗ​ផ្នែក​សង្គ្រោះ​បន្ទាន់ ​តាំង​ពី​ថ្ងៃទី​ ១៩​ ខែ ​សីហា​ ដោយ​អាការៈ​ពី​ដំបូង​អស់​កម្លាំង​ ស្ងួត​បំពង់ក ​ទន់​ដៃ​ជើង​ និង​បិទ​ភ្នែក​ដេក​តែ​ម្តង​។​

អ្នកស្រី​ សុម៉ាលី​ ​និយាយ​​បន្ថែម​ដោយ​អួល​ដើម​ក​ផង​ដែរ​ថា​៖ «​ខាង​មន្ទីរ​ពេទ្យ​មិន​យក​ប្រាក់​ថ្លៃ​ព្យាបាល​ទេ​ ហើយ​សភាព​ជំងឺ​របស់​ប្តី​ខ្ញុំ​ គិត​ត្រឹម​ថ្ងៃ​ត្រង់​នេះ (ថ្ងៃ​អង្គារ) ​មិន​ទាន់​បាន​ធូរ​ស្បើយ​ហើយ​កំពុង​ស្ថិត​នៅ​កន្លែង​សង្គ្រោះ​បន្ទាន់​នៅ​ឡើយ​ ដោយ​រង់ចាំ​លទ្ធផល​ពី​គ្រូពេទ្យ​ជំនាញ​។ ​​ខ្ញុំ​មិន​ចង់​រំខាន​ដល់​បង​ប្អូន​ប្រិយមិត្ត ​ដែល​ស្រឡាញ់​រាប់​អាន​គាត់​នោះ​ទេ​ ​ព្រោះ​សព្វ​ថ្ងៃ​គាត់​ឈឺ​ ខ្ញុំ​លំបាក​ចិត្ត​ខ្លាំង​ណាស់​»​។​

ចំណែក លោក​ ជឹម ​ផល្លា​ គ្រូពេទ្យ​កីឡា​ប្រចាំ​ក្រុម​កីឡា​ជម្រើស​ជាតិ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ថា​៖ «​ខ្ញុំ​កំពុង​តែ​តាម​ដាន​មើល​ដែរ​ពី​ជំងឺ​របស់​លោក ​អេ​ ភូថង​។​ ​ការ​តាម​ដាន​ជំងឺ​របស់​​គាត់ ​ពី​ដំបូង​ខ្សោយ​កម្លាំង​ ឡើង​អាស៊ីត​ លើស​ខ្លាញ់ ​និង​បេះដូង​ដើរ​ញាប់​ខុស​ធម្មតា​ ហើយ​បញ្ហា​សំខាន់​របស់ ​អេ ​ ភូថង ​គឺ​មាន​បញ្ហា​គិត​ច្រើន ​លំបាក​ផ្លូវ​ចិត្ត​ ​ព្រោះ​ថា​ជំងឺ​មួយ​ចំនួន ​មិនមែន​បណ្តាល​ពី​រាងកាយ​តែ​មួយ​ផ្នែក​នោះ​ទេ​ ប៉ុន្តែ​បញ្ហា​ផ្លូវ​ចិត្ត ​គឺ​ជា​មូលហេតុ​សំខាន់​មួយ​ ដែល​បណ្តាល​ឲ្យ​សភាព​ជំងឺ​ទៅ​ជា​ធ្ងន់​ទៅៗ​បាន​ផង​ដែរ​»។​

គ្រូពេទ្យ ​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ កាលពី​ថ្ងៃ​អង្គារ​​​ថា​៖ «​ល្ងាច​នេះ ​អេ ​ភូថង ​នឹង​បញ្ជូន​ចេញ​ពី​សង្គ្រោះ​បន្ទាន់​ ទៅ​ផ្នែក​ប្រព័ន្ធ​ប្រសាទ ​ដើម្បី​បន្ត​ព្យាបាល​ ហើយ​ប្រភេទ​ជំងឺ​របស់​​គាត់ ​គឺ​ទាក់ទង​ច្រើន​ទៅ​លើ​ផ្លូវ​ចិត្ត​ និង​គិត​ច្រើន​ ហើយ​បញ្ហា​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ ​ដែល​លោក​ធ្លាប់​នៅ​ជា​កីឡាករ​ច្រើន​ឆ្នាំ​កន្លង​មក​ក៏​ជា​មូលហេតុ​ដែល​ត្រូវ​តាម​ដាន​ផង​ដែរ»​។​

ចំណែក​លោក ​តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​​ថ្លែង​ថា៖ ​«​ខ្ញុំ​កំពុង​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ភាគី​ ​អេ ​ភូថង ​និង​ភាគី​ អេ​ រដ្ឋា​ ឈប់​ចោទ​គ្នា​ និង​ប្រកែក​គ្នា ​គឺ​សម្របសម្រួល​គ្នា​ទៅ ​ហើយ​បើ​ អេ​ ភូថង​ សប្បាយ​ចិត្ត​ធម្មតា​វិញ គឺ​ជំងឺ​ក៏​អាច​ធូរ​ស្បើយ​បាន​ដែរ​»។​

គួរ​រំឭក​ថា​ ​អេ ​ភូថង បាន​​រង​ការ​ចោទ​ប្រកាន់​ពី​សិស្ស​របស់​ខ្លួន គឺ​ អេ ​រដ្ឋា​ លើ​​រឿង​បាត់​លុយ​ជំនួស​របស់​សប្បុរស​ជន​ និង​លុយ​សំណង​ពី​ម្ចាស់​ឡាន ​ដែល​​​បុក​គ្នា​ក្នុង​គ្រោះ​ថ្នាក់​ចរាចណ៍​ កាល​ឆ្នាំ​មុន ​បណ្តាល​​ឲ្យ​ ​អេ ​រដ្ឋា ​ធ្លាក់​ខ្លួន​ពិការ​ ហើយ​បាន​ទាមទារ​លុយ​ពី ​អេ ​ភូថង និង​ចោទ​ថា អេ ភូថង ​បាន​បន្លំ​លុយ​នោះ​មួយ​ចំនួន​។

តាម​ប្រភព​ច្បាស់​ពី​ភាគី អេ ​រដ្ឋា ​បាន​ទម្លាយ​ពី​វិវាទ​នេះ កាល​ពី​សប្តាហ៍​មុន​ថា ​មាន​ការ​សម្របសម្រួល​សុំ​ឲ្យ​បញ្ចប់​ជម្លោះ​ ដោយ​ខាង​ភាគី​ អេ​ ភូថង ​សុំ​សង​ប្រាក់ ​៥ ​០០០ ​ដុល្លារ តែ​ភាគី​ចោទ​ទាមទារ​ប្រាក់ ​២០ ​០០០ ​ដុល្លារ​។

បន្ទាប់​មក​បាន​ស្ងាត់​ ហើយ​​ក្រោយ​មក​ទៀត​ ​អេ​ ភូថង បាន​​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​តែ​ម្តង​ ដែល​មនុស្ស​មួយ​ចំនួន​នាំ​គ្នា​គិត​ថា ​ជំងឺ​​ផ្លូវ​ចិត្ត និង​គិត​ច្រើន​ក៏​ជា​ផ្នែក​ធំ​បណ្តាល​ឲ្យ អេ ភូថង ធ្លាក់​ខ្លួន​ឈឺ​ផង​ដែរ​៕​