ក្រុម​ក្រុងរីយោៈ ការបាញ់​កាំជ្រួច និង​ពិធី​អបអរ​អាច​នឹង​កើត​មាន​ច្រើន​នៅក្នុង​ពេល​ជម្រើស​ជាតិ​ស៊ីលី​ដែល​កំពុង​ធ្វើ​ជា​ម្ចាស់​ជើងឯក Copa America និង​ម្ចាស់​ជើងឯក​​ ១៥ ​ជំនាន់​អ៊ុយរូហ្គាយ​នឹង​ជួប​គ្នា​នៅ​ព្រឹត្តិការណ៍ Copa America នៅ​ព្រឹក​ថ្ងៃ​អង្គារ​ស្អែក​នេះ​នៅ​កីឡដ្ឋាន Maracana ក្នុង​ទីក្រុង​រីយោ​ប្រទេស​ ប្រេស៊ីល​។

ការជួប​គ្នា​រវាង​ម្ចាស់​ជើងឯក Copa America ទាំង​ ២ ​នេះ​គឺជា​លើក​ទី​៤ ​ហើយ​នៅ​ក្នុង​ការប្រកួត​បាល់ទាត់​អន្តរជាតិ​ប្រចាំ​ទ្វីប​អាមេរិក​ឡាទីន​ដែល​មាន​ចំណាស់​យូរ​ជាងគេ​មួយ​នេះ ខណៈ​គេ​នៅ​ចងចាំ​នៅ​ឡើយ​ពី​ការប៉ះទង្គិច​គ្នា​យ៉ាងខ្លាំង​រវាង​ក្រុម​ទាំង​ ២ ​នេះ​កាលពី​ឆ្នាំ​ ២០១៥​។

នៅពេល​នោះ​ជម្រើស​ជាតិ​អ៊ុយរូហ្គាយ​បាន​បញ្ចប់​ការប្រកួត​នៅ​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​នៅ​ទីក្រុង Santiago ប្រទេស​ស៊ីលី​ដោយ​នៅ​សល់​តែ​កីឡាករ​ ៩ ​នាក់​ក្រោយ​ពី​កីឡាករ Edindon Cavani និង Jorge Fucile ត្រូវ​បាន​ពិន័យ​នៅក្នុង​ការប្រកួត​ដែល​ចាញ់​ស៊ីលី ១-០​។

ការបណ្ដេញចេញ​កីឡាករ Cavan បាន​បង្ក​ឲ្យ​មាន​ភាពចម្រូងចម្រាស​យ៉ាង​ខ្លាំង​ ខណៈ​គាត់​បាន​ទទួល​កាត​លឿង​ជា​លើក​ទី​២ ​ក្រោយពី​កីឡាករ​រូប​នេះ​បាន​ប្រព្រឹត្ត​កំហុស​ទៅ​លើ​ខ្សែការពារ​ស៊ីលី Gonzalo Jara​។

កីឡាករ Cavani បាន​ខឹងសម្បា​យ៉ាង​ខ្លាំង​នៅពេល​កីឡាករ Jara បាន​បញ្ចេញ​សកម្មភាព​ថា Cavani បាន​ធ្វើ​ខុស​ទៅ​លើ​ខ្សែប្រយុទ្ធ​រូបនេះ​នៅ​មុន​ពេល​គាត់​បាន​បញ្ចេញ​ប្រតិកម្ម​តប​ធ្វើឲ្យ Cavani ត្រូវ​បាន​បណ្ដេញចេញ​ពី​ទីលាន​។

កំហឹង​កាន់តែ​ពុះកញ្ជ្រោល​ឡើង​ថែម​ទៀត​នៅ​រយៈពេល​ប៉ុន្មាន​នាទី​ចុងក្រោយ​នៅពេល​ដែល​កីឡាករ Fucile ត្រូវ​បាន​ពិន័យ​ឲ្យ​ចេញ​ពី​លាន​ប្រកួត​ដែល​បង្ក​ឲ្យ​ការប្រឈម​មុខ​ដាក់គ្នា​យ៉ាង​ខ្លាំង​ពាក់ព័ន្ធ​នឹង​កីឡាករ និង​មន្ត្រី​មួយ​ចំនួន​នៅ​ក្រុម​ទាំង​ ២ ​នេះ​។

កីឡាករ Cavani និង Jara ត្រូវ​បាន​ហាម​ចូលរួម​ការប្រកួត​ ២ ​លើក​ដោយសារ​ការប៉ះទង្គិច​គ្នា​នោះ ចំណែកឯ​គ្រូបង្វឹក​ជម្រើស​ជាតិ​អ៊ុយរូហ្គាយ​លោក Oscar Tabarez ដែល​បាន​ដើរចូល​ទីលាន​នៅ​ពេល​ប្រកួត​នោះ​ត្រូវ​បាន​ផ្ដន្ទាទោស​ដោយ​ហាម​មិន​ឲ្យ​ចូលរួម​ការប្រកួត​ ៣ ​លើក​ដោយសារ​គាត់​ជេរប្រមាថ​អាជ្ញាកណ្ដាល​។

វា​មិនមែន​ជា​លើ​ដំបូង​ទេ​ដែល​ខ្សែប្រយុទ្ធ Jara មាន​ការពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ចំ​ប្រដាប់ភេទ​ដ៏ចម្រូងចម្រាស​ទៅ​លើ​ក្រុម​ជម្រើសជាតិ​អ៊ុយរូហ្គាយ​នោះ​។

កាលពី​ឆ្នាំ​ ២០១៣ កីឡាករ​រូបនេះ​ និង​ខ្សែប្រយុទ្ធ​អ៊ុយរូហ្គាយ Luis Suarez ធ្លាប់​បាន​ទាស់​គ្នា​នៅលើ​ទីលាន​នៅ​វគ្គ​ជម្រុះ World Cup ដែល​ពេល​នោះ​កីឡាករ Jara បាន​ប៉ះ​ត្រូវ​ប្រដាប់ភេទ​របស់ Suarez ធ្វើឲ្យ​គាត់​ទទួល​ពិន័យ​ចំពោះ​កំហុស​នោះ​។

តើ​ការប្រកួត​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ស្អែក​នេះ​នឹង​មាន​អ្វី​កើតឡើង​ដូច​ពេល​ដែរ​ឬ​ទេ​? ខណៈ​ស៊ីលី​ត្រូវការ​តែ​ ១ ​ពិន្ទុ​ប៉ុណ្ណោះ​ដើម្បី​ធានា​បន្ត​ឈរ​នៅ​លើ​កំពូល​តារាង​នៅក្នុង​ពូល C មាន​ ៦ ​ពិន្ទុ និង​អាច​បន្ត​ឡើង​ទៅ​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​ដោយ​សុវត្ថិភាព ចំណែក​អ៊ុយរូហ្គាយ​ឈរ​នៅ​លេខ​ ២ មាន​ ៣ ​ពិន្ទុ​។

កីឡាករ Cavani និយាយ​ពី​ថ្ងៃ​សៅរ៍​ក្នុង​ទីក្រុង​រីយោ​ថា​៖ «​យើង​ដឹងថា ស៊ីលី​មាន​ផែនការ​ប្រកួត​ហ្វឹកហាត់​ល្អ ហើយ​យើង​ដឹង​ជា​យូរ​មក​ថា ពួកគេ​ជា​ក្រុម​ដ៏ល្អ​មួយ​»​។

កីឡាករ​វ័យ​ ៣២ ​រូប​នេះ​បាន​បន្ថែម​ថា​៖ «​យើង​ដឹង​ច្បាស់​ពី​គូប្រជែង​របស់​ស៊ីលី ប៉ុន្តែ​អ្នកដឹង​ទេ​ថា​នៅលើ​ទីលាន​ប្រកួត អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​អ្នក​ត្រូវការ​ឈ្នះ​»៕ SN