ភ្នំពេញៈ ការប្រកួតសងសឹករបស់អ្នកនិយមថ្វាយបង្គំគ្រូ តាមរបៀបក្រមុំតែងខ្លួន គឺ អ៊ុំ ចំរើន មិនបានសម្រេចទេ ដោយរូបគេបានចាញ់ពិន្ទុថៃ Super Chhai ទាំងមិនសប្បាយចិត្ត ក្នុងការប្រកួត ៥ ទឹក មិនសូវទាក់ទាញ និងល្អមើល នៅសង្វៀន SEATV កាលពីល្ងាចថ្ងៃអាទិត្យ។
ជាមួយគ្នានោះកីឡាករ ចាន់ ប៊ុនហឿន ដែលមានប្រៀបលើថៃ Phat Chhayakphum ចំនួន ២ ទឹកហើយនោះ ត្រូវភ្លាត់ស្នៀតសន្លប់យ៉ាងលឿន បន្ទាប់ពីទទួលរងកែងស្តាំចំថ្គាម ក្នុងទឹកទី ៣។
ចំពោះលទ្ធផលប្រកួតរបស់ អ៊ុំ ចំរើន និង Super Chhai មិនល្អមើលទាល់តែសោះ ខណៈ ចំរើន ព្យាយាមចូលវ៉ៃដោយក្បាច់កណ្តាប់ដៃ ទាត់ និងធាក់ចេញយ៉ាងច្រើន ប៉ុន្តែ Super Chhai បានព្យាយាមដកថយច្រើន តាមរយៈការទាត់ស្រង់ និងទាត់ចេញការពារតែបន្តិចបន្តួច។
នៅក្នុងជំនួបប្រកួត ៥ ទឹកពេញ កាយវិការរបស់ Super Chhai ត្រូវបានគេរិះគន់ថា ឡើងប្រកួតឈរក្នុងលំដាប់កីឡាករមិនទាក់ទាញ តែតម្លៃខ្លួនប្រកួតច្រើនជាងកីឡាករខ្មែរ ២ ដង ហើយតាមការប្រកួតនេះ អ្នកទស្សនាលាន់មាត់ថា៖ «យកកីឡាករថៃ មកវ៉ៃរបៀបនេះ គឺស្តាយលុយ»។
ក្នុងការប្រកួត ៥ ទឹក Super Chhai ទាត់ស្កាត់មិនលើសពី ៥ ជើងទេ និងព្យាយាមចាប់ឱប អ៊ុំ ចំរើន ឡើងជង្គង់ បានតិចតួច មុននឹងអាជ្ញាកណ្តាលបំបែក។
អ្នកឲ្យទឹកកីឡាករ អ៊ុំ ចំរើន និយាយក្រោយប្រកាសលទ្ធផលថា៖ «ថៃឡើងមកប្រកួតសម្រាប់តែឈ្នះ ទោះគេមិនវ៉ៃចេញ ក៏ដោយ ហើយលើកក្រោយ Super Chhai ឡើងរាំតែម្តងទៅ ក៏ទទួលបានជ័យជម្នះដែរ»។
ចំណែក អ៊ុំ ចំរើន និយាយថា៖ «ការឡើងប្រកួត ខ្ញុំមិនដែលខ្លាចដៃគូទេ គឺដឹងតែវ៉ៃ ប៉ុន្តែការប្រកួត ដែលភាគីម្ខាងទៀតវាយដកថយ និងចាំតែឈ្នះនោះ យើងលំបាកប្រកួត ព្រោះយើងចូលវ៉ៃ គេមានឱកាសឆ្មក់បានល្អ ហើយអាជ្ញាកណ្តាល មិនដែលចេះព្រមានកីឡាករថៃទេ។ បើខ្មែរគ្នាឯងវិញ គឺពូកែចាប់កំហុស»។
ផ្ទុយពីនេះ ចាន់ ប៊ុនហឿន បានបង្ហាញការប្រកួតដ៏ជក់ចិត្ត និងល្អមើលបំផុត ទោះប្រកួតបានត្រឹម ៣ ទឹក។ ប៊ុនហឿន មានប្រៀបបន្តិចបន្តួចលើ Phat Chhayakphum រហូតដល់ដើមទឹកទី ៣ ដែលការប្រកួតមានលក្ខណៈស្រួចស្រាល់ ព្រោះ ចាន់ ប៊ុនហឿន មានក្បាច់បោះជង្គង់ចូលបានល្អ ហើយថៃវាយសងវិញល្អដូចគ្នា។
យ៉ាងណាក៏ដោយ នៅពាក់កណ្តាលទឹកទី ៣ កីឡាករ Phat Chhayakphum វាយក្បាច់កែងបេះចំគុម្ពថ្គាមស្តាំរបស់ ចាន់ ប៊ុនហឿន បណ្តាលឲ្យសន្លប់ភ្លាមៗតែម្តង ទោះបីអាជ្ញាកណ្តាលរាប់ដល់ទឹក ១០ ក៏គេមិនអាចងើបរួចដែរ។ ការចាញ់នេះត្រូវបានគេលាន់មាត់ថា រហ័សពេក និងមិននឹកស្មានដល់។
ចំណែកគូមិត្តភាព លី តឿន ចាញ់ពិន្ទុ ឆាយ ម៉េត ឯទី ពន្លែត បានសន្លប់ក្នុងទឹកទី ៣ ក្រោមស្នៀតទាត់របស់ ធា នុរាជ៕